អង្គការអក់ស្វាម ៖ អ្នកមានបំផុតជាង ២.០០០ នាក់លើពិភពលោកមានប្រាក់ច្រើនជាងមនុស្ស ៤,៦ ពាន់លាននាក់រួមបញ្ចូលគ្នា

80
ចែករម្លែក

អង្គការអក់ស្វាមបាននិយាយកាលពីថ្ងៃចន្ទទី២០មករាថា អ្នកមានជាងគេបំផុតលើពិភពលោកចំនួន ២.១៥៣ នាក់គ្រប់គ្រងលើសាច់ប្រាក់ច្រើនជាងអ្នកក្រីក្រចំនួន ៤,៦ ពាន់លាននាក់រួមបញ្ចូលគ្នាក្នុងឆ្នាំ ២០១៩ ខណៈការងារគ្មានប្រាក់កម្រៃឬមានប្រាក់ខែទាបដោយស្ត្រីនិងកុមារបានបន្ថែមប្រាក់ជាង៣ដងនៅក្នុងសេដ្ឋកិច្ចពិភពលោកក្នុងមួយឆ្នាំៗគឺច្រើនជាងឧស្សាហកម្មបច្ចេកវិជ្ជាទៅទៀត។

អង្គការដែលមានទីស្នាក់ការកណ្តាលទីក្រុងណៃរ៉ូប៊ីមួយនេះបាននិយាយនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់មេដឹកនាំនយោបាយនិងធុរកិច្ចក្នុងទីក្រុងដាវ៉ូសប្រទេសស្វីសថា ស្ត្រីនៅជុំវិញពិភពលោកធ្វើការ ១២,៥ ពាន់លានម៉ោងរួមបញ្ចូលគ្នាក្នុងមួយថ្ងៃៗ ដោយគ្មានប្រាក់ឈ្នួលឬមិនមានការទទួលស្គាល់។

នៅក្នុងរបាយការណ៍ឈ្មោះ “ដល់ពេលត្រូវយកចិត្តទុកដាក់” របស់ខ្លួន អង្គការអក់ស្វាមបាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថា ការងារថែទាំគ្មានប្រាក់ឈ្នួលដោយស្ត្រីបានបន្ថែមប្រាក់យ៉ាងហោចណាស់ ១០,៨ ​​លានលានដុល្លារក្នុងមួយឆ្នាំទៅលើតម្លៃសេដ្ឋកិច្ចពិភពលោក ពោលគឺច្រើនជាងឧស្សាហកម្មបច្ចេកវិជ្ជាជាង ៣ ដង។

លោកអាមីតាប បេហា នាយកប្រតិបត្តិអង្គការអក់ស្វាមឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងកិច្ចសម្ភាសន៍ថា “វាជាការសំខាន់សម្រាប់យើងដើម្បីគូសបញ្ជាក់ថាក្បាលម៉ាស៊ីនលាក់មុខនៃសេដ្ឋកិច្ចដែលយើងមើលឃើញនេះគឺការពិតជាការងារថែទាំរបស់ស្ត្រីដែលគ្មានប្រាក់ឈ្នួល។ ហើយរឿងនេះចាំបាច់ត្រូវតែផ្លាស់ប្តូរ”។

ដើម្បីគូសបញ្ជាក់ពីកម្រិតនៃភាពមិនស្មើភាពគ្នានៃសេដ្ឋកិច្ចសកលលោក លោកបេហាបានលើកឡើងពីករណីរបស់ស្ត្រីម្នាក់មានឈ្មោះថា ប៊ូចូ ទេវី នៅក្នុងប្រទេសឥណ្ឌា ដែលចំណាយពេលពី ១៦ ទៅ ១៧ ម៉ោងក្នុងមួយថ្ងៃធ្វើការដូចជាដើររែកទឹក ៣ គីឡូម៉ែត្ររាល់ថ្ងៃ ចម្អិនអាហារ រៀបចំទុកដាក់ឱ្យកូនៗទៅរៀននិងធ្វើការ ទាំងទទួលបានកម្រៃតិចតួចបំផុត។

គាត់បាននិយាយថា “មួយវិញទៀតអ្នកនឹងបានឃើញពួកមហាសេដ្ឋីនឹងប្រជុំគ្នានៅទីក្រុងដាវ៉ូសជិះយន្តហោះផ្ទាល់ខ្លួន ជិះយន្តហោះពិសេស ក្នុងរបៀបសម្បូរចាយហ៊ឺហា”៕ ដោយ៖ កញ្ញាដាលីស

អ្នកមានជាងគេបំផុតលើពិភពលោកចំនួន ២.១៥៣ នាក់គ្រប់គ្រងលើសាច់ប្រាក់ច្រើនជាងអ្នកក្រីក្រចំនួន ៤,៦ ពាន់លាននាក់រួមបញ្ចូលគ្នាក្នុងឆ្នាំ ២០១៩