អង្គការ​ណា​តូ​សម្លឹង​មើលទៅ​ទី​អវកាស ខណៈ​សង្គ្រាម​សម័យ​ទំនើប​វិ​វ​ឌ្ឍ​

457
ចែករម្លែក

ការការពារ​ដែនដី ដែនសមុទ្រ និង​ដែនអាកាស​របស់​បណ្តា​សមាជិក​អង្គការ​ណា​តូ​ប្រហែលជា​មិន​គ្រប់គ្រាន់​នោះទេ​។ នៅ​សន្និសីទ​កំពូល​របស់​អង្គការ​ណា​តូ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​សប្តាហ៍​នេះ ពួក​រដ្ឋមន្ត្រី​ការពារជាតិ​របស់​អង្គការ​ណា​តូ​បាន​ពិភាក្សា​ជា​លើកដំបូង​អំពី​ការការពារ​ដល់ទី​អវកាស​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​ជេន ស្តូ​ល​ធិ​ន​បឺ​ក (Jens Stoltenberg) មុននេះ​បាន​ទទូចថា “​យើង​មិន​ចង់​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​ទី​អវកាស​ទេ​”​។ ជំនួស​មកវិញ ឥឡូវ​ណា​តូ​បាន​និយាយថា ខ្លួន​គ្រាន់តែ​ចង់​ទទួលបាន “​ទិដ្ឋភាព​ទូទៅ​” នៃ​ស្ថានភាព​បច្ចុប្បន្ន​ប៉ុណ្ណោះ​។​

​អង្គការ​ណា​តូ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ថា ជម្លោះ​កំពុង​ត្រូវបាន​ប្រយុទ្ធ​នៅលើ​សមរភូមិ​មិនធម្មតា ដូចជា អ៊ី​ន​ធឺ​ណេ​ត ឬ ថ្ងៃ​ណាមួយ​អាច​ធ្លាយ​ទៅ​ដល់ទី​អវកាស​ក៏​ថា​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​ណា​តូ​ឥឡូវនេះ​កំពុង​សម្លឹង​មើលថា​តើ​ការការពារ​ទី​អវកាស​គឺជា​រឿង​ចាំបាច់​កម្រិតណា​។ ណា​តូ​និយាយថា មាន​គ្រោះថ្នាក់​ដែលថា​ប្រទេស​នានា​អាច​នឹងដាក់​អាវុធ​នៅក្នុង​គន្លង​ផែនដី​ឬ​វាយប្រហារ​ផ្កាយរណប​ដោយផ្ទាល់​។ ជាការ​ពិតណាស់​ក្រុម​អ្នកការទូត​និយាយថា​ផ្កាយរណប​ដើរតួនាទី​សំខាន់​មិន​ត្រឹមតែ​សម្រាប់​គោលបំណង​យោធា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ក្នុង​ជីវិត​ស៊ីវិល​ទៀតផង​។ លើសពីនេះទៅទៀត ណា​តូ​ព្រួយបារម្ភ​ថា​ខ្លួន​អាច​នឹង​បាត់បង់​ប្រៀប​ឈ្នះ​ខាង​បច្ចេកវិជ្ជា​របស់ខ្លួន​ទៅ​ប្រទេស​ចិន​ឬ​រុស្ស៊ី​។​

​ណា​តូ​ចង់​ត្រៀមខ្លួន​សម្រាប់​រាល់​លទ្ធភាព​ទាំងអស់ ទោះបីជា​លោក​ស្តូ​ល​ធិ​ន​បឺ​ក​ក៏បាន​និយាយ​ដែរ​ថា ជំហាន​បន្ទាប់​នឹង​គ្រាន់តែ​ជាការ​ទាញយក​នូវ​សមត្ថភាព​បច្ចេកវិជ្ជា ដែល​សមាជិក​ណា​តូ​នីមួយៗ​បាន​នាំមក​ដាក់​នៅលើ​តុ​ប៉ុណ្ណោះ​។ ហេតុដូច្នេះ អង្គការ​ណា​តូ​មើលឃើញ​ខ្លួនឯង​ជា​អ្នកសម្របសម្រួល និង​មិន​ស្វែងរក​ការអភិវឌ្ឍ​សមត្ថភាព​អវកាស​ផ្ទាល់ខ្លួន​នោះទេ​។​

​សហរដ្ឋ​អាម៉េរិក ចិន ជប៉ុន រុស្ស៊ី និង ឥណ្ឌា​ថ្មីៗ​នេះ​បានលើកឡើង​អំពី​សមត្ថភាព​បច្ចេកវិជ្ជា​របស់ខ្លួន​ដើម្បី​បាញ់​ទម្លាក់​ផ្កាយរណប​របស់​សត្រូវ​។ រហូតមកទល់​ពេលនេះ មិនទាន់មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ណាមួយ​នៃ​ការទប់ស្កាត់​ការវាយប្រហារ​បែបនេះ​នោះទេ​។ នេះហើយ​គឺជា​ហេតុផល​ដែល​អង្គការ​ណា​តូ​ដាក់​ការការពារ​ទី​អវកាស​នៅលើ​របៀបវារៈ​របស់ខ្លួន​។​

​សន្និសីទ​កំពូល​នាពេល​បច្ចុប្បន្ន​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​គ្រោង​នឹង​សន្ទនា​អំពី​ការការពារ​ទី​អវកាស​។ ការសម្រេចចិត្ត​លើ​យុទ្ធសាស្ត្រ​ការពារ​ទី​កាស​នៅ​ខែធ្នូ​ខាងមុខ នៅពេលដែល​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នានា​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ឡុង​ដ៍​សម្រាប់​កិច្ចប្រជុំ​ណា​តូ​មួយ​ផ្សេងទៀត​។ ប៉ុន្តែ​មិនមាន​ការធានា​ថា​ការសម្រេចចិត្ត​ចុងក្រោយ​នឹងត្រូវ​សម្រេចបាន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

អង្គការ​ណា​តូ​ដាក់​ការការពារ​ទី​អវកាស​នៅលើ​របៀបវារៈ​ប្រជុំ​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ
អង្គការ​ណា​តូ​ដាក់​ការការពារ​ទី​អវកាស​នៅលើ​របៀបវារៈ​ប្រជុំ​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ