អង្គការ​ណា​សា​ចង់ឱ្យ​មនុស្ស​ជាន់​លើ​ភព​អង្គារ​ក្នុង​រយៈពេល ២៥ ឆ្នាំ​ទៀត​

1175
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​វិច្ឆិកា​ថា ជាតិ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​ចេញពី​សុញ្ញ​អាកាស លទ្ធភាព​បាត់បង់​ចក្ខុវិញ្ញាណ និង ការ​អន់ថយ​ឆ្អឹង គឺជា​ឧបសគ្គ ដែល​អ្នកវិទ្យាសាស្ត្រ​ត្រូវតែ​ដោះស្រាយ​ឱ្យបាន មុនពេល​អវកាសយានិក​នាពេល​អនាគត អាច​ដើរ​នៅលើ​ភព​អង្គារ​បាន​។​

​ទីភ្នាក់ងារ​អវកាស​អាមេរិក​ជឿជាក់ថា ខ្លួន​អាចដាក់​មនុស្ស​នៅលើ​ភព​ក្រហម​នេះ​បាន​ក្នុង​រយៈពេល ២៥ ឆ្នាំ​ទៀត ប៉ុន្តែ​ឧបសគ្គ​ផ្នែក​បច្ចេកវិជ្ជា​និង​វេជ្ជសាស្ត្រ​មាន​ទំហំធំធេង​ណាស់​។

​អតីត​អវកាសយានិក​របស់​អង្គការ​ណា​សា លោក ថម ចូ​ន ដែល​ធ្លាប់​ហោះហើរ​ក្នុង​បេសកកម្ម​យានអវកាស​ចំនួន​៤ មុនពេល​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០០១ បាន​និយាយថា “​ការចំណាយ​លើ​ការដោះស្រាយ​ការ​ប្រឈម​ទាំងនោះ មានន័យថា ក្រោម​ថវិកា​បច្ចុប្បន្ន​ឬ​ថវិកា​ពង្រីក​បន្ថែម​បន្តិចបន្តួច គឺ​នឹងត្រូវ​ចំណាយពេល​ប្រហែល ២៥ ឆ្នាំ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំង​នោះបាន​”​។​

​គាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា “​យើង​ត្រូវ​ចាប់ផ្តើម​ពី​ឥឡូវនេះ លើ​បច្ចេកវិជ្ជា​សំខាន់ៗ​មួយចំនួន​”​។​

​នៅ​ចម្ងាយ​ប្រមាណ​ជា ២២៥ លាន​គីឡូម៉ែត្រ ភព​អង្គារ​បាន​បង្កបញ្ហា​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​ទំហំ​ធំ​ជាង​អ្វីដែល​បេសកកម្ម​យានអវកាស​អា​ប៉ូ​ឡូ​ធ្លាប់បាន​ជួបប្រទះ​ទៅទៀត​។​

​ជាមួយនឹង​បច្ចេកវិជ្ជា​រ៉ុក្កែត​នាពេល​បច្ចុប្បន្ននេះ អ្នក​អវកាស​នឹងត្រូវ​ចំណាយ​ពេល​រហូតដល់ ៩ ខែ​ដើម្បី​ទៅដល់​ភព​អង្គារ​៕ ដោយ៖ កញ្ញាដាលីស

អង្គការ​ណា​សា​សង្ឃឹមថា​នឹងដាក់​មនុ​ស្ស​លើ​ភព​អង្គារ​នៅ​២៥​ឆ្នាំ​ទៀត