អង្គការ​ណា​សា​និង​ប្រទេស​ចិន​សហការគ្នា​លើ​បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ​

377
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​ទាក់ទង​និង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការរុករក​ឋាន​ព្រះ​ចន្ទ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អង្គការ​ណា​សា​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា ខណៈដែល​អង្គការ​នេះ​កំពុង​ធ្វើ​ក្របខ័ណ្ឌ​ច្បាប់​តឹងរ៉ឹង​មួយ​ដើម្បី​ការពារ​ការផ្ទេរ​បច្ចេក​វិជ្ជា​ឱ្យទៅ​ប្រទេស​ចិន​។​

​អនុប្រធាន​នៃ​អគ្គនាយកដ្ឋាន​បេសកកម្ម​វិទ្យាសាស្ត្រ​របស់​ណា​សា​លោក​ថូ​ម៉ាស ហ្សួ​បូ​កិន (Thomas Zurbuchen) បាន​និយាយ​នៅលើ Twitter ថា “​ដោយមាន​ការយល់ព្រម​ពីស​ភា ណា​សាបាន​កំពុង​ពិភាក្សា​ជាមួយ​ចិន​ដើម្បី​ស្វែងរក​លទ្ធភាព​អង្កេត​មើល​ជើង​សម្រាប់​ចុះចត​របស់​យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ Chang’e 4 ដោយ​ប្រើ​ឧបករណ៍​របស់​យានអវកាស​របស់​អង្គការ​ណា​សា​”​។

​សារ Twitter របស់លោក​ហ្សួ​បូ​កិន​បានបញ្ជាក់​ពី​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា​ដោយ​មេបញ្ជាការរង​នៃ​កម្មវិធី​រុករក​ឋាន​ព្រះ​ចន្ទ​របស់​ចិន លោក​វូ យ៉ាន​ហួ (Wu Yanhua)​។​

​លោក​បាន​និយាយថា ណា​សាបាន​ចែករំលែក​ព័ត៌មាន​ពី​ផ្កាយរណប​របស់​អាមេរិក​ខណៈដែល​ចិន​បាន​ប្រាប់​អាមេរិក​អំពី​រយៈទទឹង​រយៈបណ្ដោយ​និង​ពេលវេលា​នៃ​ការ​ចុះចត “​នៅក្នុង​លក្ខខណ្ឌ​ទាន់ពេលវេលា​”​។​

​ក្តីសង្ឃឹម​គឺថា យាន​ស៊ើបអង្កេត​ឋាន​ព្រះ​ចន្ទ (LRO) របស់​អង្គការ​ណា​សា​អាច​ឃ្លាំមើល​ការចុះ​ចត​ជា​ប្រវត្តិសាស្ត្រ​របស់​យានអវកាស​ចិន​កាលពី​ថ្ងៃទី ៣ ខែមករា​។​

​ណា​សាបាន​ផ្តល់​ផ្លូវ​ហោះហើរ​តាម​ផែនការ​របស់​យាន LRO ដល់​ចិន ប៉ុន្តែ​យានអវកាស​អាមេរិក​មិនបាន​ស្ថិតនៅ​ចំ​កន្លែង​ត្រឹមត្រូវ និង​ចំពេល​ត្រឹមត្រូវ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ការអង្កេត​ដែល​ប្រមូលបាន​ពី​ការសហការ​គ្នា​អាច​នឹង​ជួយ​ដល់​បេសកកម្ម​អនាគត​លើ​ឋាន​ព្រះ​ចន្ទ