អង្គការ​ណា​សា​នឹង​បើក​ឱ្យ​ទេសចរ​ទៅលេង​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ចាប់ពី​ឆ្នាំ​២០២០

773
ចែករម្លែក

ទីភ្នាក់ងារ​អវកាស​ណា​សាបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​ថា​នឹង​បើក​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​អាជីវកម្ម​នានា​មកកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​រួមទាំង​ទេសចរណ៍​អវកាស​ផងដែរ ខណៈដែល​ខ្លួន​កំពុង​ស្វះស្វែង​រកលុយ​ចេញពី​មន្ទីរពិសោធន៍​ស្រាវជ្រាវ​នៅ​ដង​តារាវិថី​មួយ​នេះ​។​

​តើ​នឹងមាន​តម្លៃ​ប៉ុន្មាន​? សំបុត្រ​ធ្វើដំណើរ​ទៅវិញទៅមក​នឹងមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ និង​ការ​ស្នាក់នៅ​មួយ​យប់​គិតថ្លៃ ៣៥.០០០ ដុល្លារ​។​

​ប្រធាន​ហិរញ្ញវត្ថុ​របស់​អង្គការ​ណា​សា​លោក​ជេ​ហ្វ ដេវីត បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​នៅឯ​ផ្សារភាគហ៊ុន Nasdaq ក្នុង​ទីក្រុង​ញូវយ៉ក​ថា “​អង្គការ​ណា​សា​នឹង​បើកទូលាយ​ឱ្យ​ស្ថានីយ​អវកាស​អន្តរជាតិ​ចាប់យក​ឱកាស​ពាណិជ្ជកម្ម​និង​ធ្វើ​ទីផ្សារ​នូវ​ឱកាស​ទាំងនេះ ដែល​យើង​មិន​ធ្លាប់​បានធ្វើ​ពីមុនមក​”​។​

​លោក​រ៉ូ​ប៊ី​ន ហ្គេ​ធិ​ន អនុប្រធាន​នៃ​ស្ថានីយ​អវកាស​អន្តរជាតិ​បាន​និយាយថា​នឹងមាន​បេសកកម្ម​អវកាសយានិក​ឯកជន​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ​។​

​បេសកកម្ម​នេះ​នឹងមាន​រយៈពេល​ស្នាក់នៅ​រហូតដល់ ៣០ ថ្ងៃ​។ អង្គការ​អវកាស​ណា​សាបាន​និយាយថា អវកាសយានិក​ឯកជ​ន​រាប់សិប​នាក់​អាចមក​ទស្សនា​ស្ថានីយ​អវកាស​អន្តរជាតិ​ក្នុង​មួយឆ្នាំៗ​។​

​អ្នកដំណើរ​ទាំងនោះ​នឹងត្រូវ​ដឹក​ទៅកាន់​ដង​តារាវិថី​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​អាម៉េរិក​ចំនួន​ពីរ ដែល​បច្ចុប្បន្នកំពុង​អភិវឌ្ឍ​យាន​ដឹកជញ្ជូន​សម្រាប់​អង្គការ​ណា​សា នោះ​គឺ​ក្រុមហ៊ុន SpaceX និង​ក្រុមហ៊ុន Boeing​។​

​បេសកកម្ម​ឯកជន​នេះ​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

អ្នកទេសចរ​នឹង​អាច​ទៅលេង​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ឆ្នាំ ២០២០
#