អង្គការ​ណា​សា​នឹង​ឱ្យ​ប្រាក់ខែ​ខ្ទង់សែន​ដុល្លារ​ដល់​នរណា​ដែល​អាច​ការពារ​ផែនដី​ពី​មនុស្ស​ភព​ក្រៅ​

380

​ភាពយន្ត​ហូលីវូដ​រាប់មិនអស់ បាន​ពណ៌នា​សេណា​រី​យ៉ូ​អាក្រក់ៗ​ជាច្រើន ដែល​ផែនដី​ត្រូវបាន​សង្គ្រោះ ដោយ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​។

​ឥឡូវនេះ​អង្គការ​ណា​សា កំពុង​ស្វែងរក​មនុស្ស ដែល​អាចបំពេញ​ការងា​រ​បែបនេះ​បាន​នៅ​ថ្ងៃ​ណាមួយ សម្រាប់​តំណែង​មន្ត្រី​ការពារ​ភពផែនដី​ថ្មី​មួយរូប (PPO)​។

​យោងតាម​វេ​ប​សាយ Business Insider តំណែង ដែល​នឹងត្រូវ​មន្ត្រី​បច្ចុប្បន្ន​លោកស្រី ខា​ថា​រី​ន អេ ខូ​ន​លី ទុកឱ្យ​ទំនេរ​ចោល​នេះ នឹង​ស៊ីប្រាក់ខែ​រហូតដល់​ទៅ ១៨៧.០០០ ដុល្លារ​បូក​ទាំង​អត្ថប្រយោជន៍​នានា​។

​ដូចដែល​បានឃើញ​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជ្រើសរើស​បុគ្គលិក​របស់​ណា​សា កិច្ចការ​ចម្បង​របស់​មន្ត្រី PPO គឺ​ត្រូវឱ្យ​ប្រាកដថា មនុស្ស​មិនត្រូវ​បំពុល​ភព​នានា ព្រះ​ចន្ទ និង វត្ថុ​ផ្សេងទៀត អំឡុង​ការរុករក​ក្នុង​ទី​អវកាស​ទេ​។ បុគ្គល​ដែល​ត្រូវបាន​សម្រិតសម្រាំង​ក៏​នឹងត្រូវ​ជួយ​ទប់ស្កាត់​មនុស្ស​ភព​ក្រៅ ដែល​អាច​កើតមាន​ដោយ​ប្រការ​ណាមួយ ពី​ការ​លុកលុយ​ចូល​ផែនដី​ផងដែរ​។

​ដោយបាន​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ ២០១៤ លោកស្រី​ខូ​ន​លី បញ្ជាក់​ប្រាប់ថា ណា​សា​ពិតជា​ត្រូវការ​ជ្រើសរើស​អ្នកថ្មី​មក​ជំនួស​លោកស្រី​មែន​។

​លោកស្រី​បាន​ប្រាប់​វេ​ប​សាយ Business Insider ថា “​ពាណិជ្ជកម្ម​ជ្រើសរើស​បុគ្គលិក​សម្រាប់​ការងារ​ថ្មី​នេះ គឺ​កើតឡើង​ដោយសារតែ​ការ​រើ​តំណែង ដែល​ខ្ញុំ​កំពុងកាន់​សព្វថ្ងៃ ទៅ​ការិយាល័យ​សុវត្ថិភាព​និង​ធានារ៉ាប់រង​បេសកកម្ម ដែលជា​អាជ្ញាធរ​បច្ចេកទេស​ឯក​រាជ្យ នៅក្នុង​អង្គការ​ណា​សា​”៕ ដោយ៖ កញ្ញាដាលីស