អង្គការ​បុគ្គល​សារ​វ័​ន្ត​កម្ពុជា​ប្តេជ្ញា​រក​ដំណោះស្រាយ​ការងារ​ជនពិការ​ឱ្យខាងតែបាន​

1291
ចែករម្លែក

ដោយៈ មេសា​/ ​ភ្នំពេញៈ នាយក​អង្គការ​បុគ្គល​សារ​វ័​ន្ត​កម្ពុជា លោក អ៊ូច និមល បាន​លើកឡើងថា  ការទទួលបាន​ជំនាញ ឱកាស​ការងារ គឺជា​ប្ញ​សគល់ នៃ ក្តីសង្ឃឹម​របស់​មនុស្ស​ជាតិ ។ ការទទួលបាន​ការអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង ការ​ជ្រោមជ្រែង​ឱ្យមាន​ការងារ​ធ្វើ​យូរអង្វែង គឺជា​ផ្នែក​មួយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​ជម្នះ​ភាពក្រីក្រ ។ ការ​មាន​ជំនាញ​ពិតប្រាកដ មាន​ផែនការ​មុខរបរ មាន​គោលដៅ​ការងារ​ច្បាស់លាស់ ជា​សេចក្តីត្រូវកា​របស់​មនុស្ស​គ្រប់រូប​ក្នុងនោះ​មាន​ជន​ដែលមាន​ពិការភាព​ផង ។ ប៉ុន្តែ ឧបសគ្គ​ជាច្រើន​ដែល​រារាំង​ជនពិការ​ពី​ការទទួលបាន​ឱកាស​ដូចដែល​បានលើកឡើង​មកនេះ ហេតុនេះ​អង្គការ​បុគ្គល​សារ​វ័​ន្ត​កម្ពុជា ប្តេជ្ញា​រិះរក​វិធី​គ្រប់យ៉ាង​ដើម្បី​ទម្លុះទម្លាយ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ​ឱ្យខាងតែបាន  ។​

​លោក អ៊ូច និមល ថ្លែង​ទៅកាន់​វេទិកា​ស្តីពី​ការងារ​យុវជន​ពិការ ( រូបៈ មេសា )

​លោក អ៊ូច និមល ថ្លែង​ប្រកបដោយ​ការប្តេជ្ញា​បែប​នោះ នៅក្នុង​វេទិការ​ការងារ​យុវជន​ពិការ រៀបចំ​ដោយ​អង្គការ​បុគ្គល​សារវន្ត​កម្ពុជា នៅឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ កាលពី​រសៀល​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដើម្បី ផ្តល់ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​បាន​ជួបពិភាក្សា ចែករំលែក​បទពិសោធ​ន៍​អំពី​ការងារ​របស់​ហ​យុវជន​ពិការ និង ដើម្បី ផ្តល់​អនុសាសន៍​សម្រាប់​លើកកម្ពស់​ឱកាស​ការងារ​របស់​យុវជន​ពិការ​នា​ថ្ងៃ​អនាគត ។​

​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បាន​លើកឡើងថា រាជរដ្ឋាភិបាល បាន និង កំពុង​ជំរុញ​ការ អនុវត្តតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ស្តីពី​ការជ្រើសរើស​ជនពិការ​ឱ្យចូល​បម្រើ​ការងារ ដែល​ចែងថា ស្ថាប័នរដ្ឋ​ត្រូវ​ជ្រើសរើស​ជនពិការ ២ ភាគរយ ចំណែក​ស្ថាប័នឯកជន​ត្រូវ​ជ្រើសរើស​ជនពិការ ១ ភាគរយ ចូល​បម្រើ​ការងារ ។​

​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ( រូបៈ មេសា )

​អ្វីដែល​នាយក​ដ្ឋា​កំពុង​ដុតដៃដុតជើង​ធ្វើ គឺ​ការកសាង​គោលការណ៍​ណែនាំ​ស្តីពី​ការ​ផ្គូរ​ផ្គង​ការងារ ដែល​គោលការណ៍​នោះ​នឹង​ជំ​រុញឱ្យ​ជនពិការ​ក្លាយជា​អ្នក​មានឱកាស​ការងារ​ស្មើនឹង​អ្នកដទៃ​ដែរ ។ ជនពិការ​គ្រប់រូប​ចាំ​ទុក​ក្នុង​ចិត្ត​ថា បងប្អូន​មាន​សិទ្ធិ​ទទួលបាន​ឱកាស​ការងារ និង មុខរបរ ឬ ប្រឡូក​ក្នុងសង្គម ដូចជា​មនុស្ស​ទូទៅ​ដែរ អ្វីដែល​ជនពិការ​ត្រូវធ្វើ​នោះ គឺ​ត្រូវ​កសាង​សមត្ថភាព​ខ្លួន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ ដើម្បី ចាប់យក​ឱកាស​ការងារ​ឱ្យបាន​ច្រើន​ដែល​អាច ។

​លោក យៀប ម៉ាលី​ណូ បន្ថែមថា នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បាន និង កំពុង​ជំរុញ ឱ្យ​អង្គកា​ស្ថាប័ន​ដៃគូ​នានា មាន​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម បណ្តុះបណ្តាល​ជនពិការ​ឱ្យបាន​កាន់តែ​ច្រើន ហេតុនេះ ជនពិការ​អាច​ទំនាក់​ទៅ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ឬ អង្គកា​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ឱកាស​ទាំងនេះ​។​

​លោក អ៊ូច និមល បានឱ្យដឹងថា គិតតែ​ក្នុង​ឆ្នាំ ២០១៨ នេះ អង្គារ​បុគ្គល​សារ​វ័​ន្ត​កម្ពុជា របស់លោក បណ្តុះបណ្តាល និង បង្ហាត់​ការងារ​ជនពិការ​បាន ៨៣ នាក់ ហើយ​ក្នុងនោះ ជនពិការ ២០ នាក់​ទទួលបាន​ការងា​រ​ធ្វើ ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល និង បង្ហាត់​កា​ងារ​មក ៕Kh

​អ្នកចូលរួម​ក្នុង​វេទិកាស្តីពីការងារយុវជនពិការ ( រូបៈ មេសា )