អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​សាទរ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​គាំទ្រ​ផែនការ​ស្តារ​សត្វ​ខ្លាធំ​

388

​ភ្នំពេញៈ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ដែល​ហៅ​កាត់​ថា ដាប់​ប៊​ល​យូ ដាប់​ប៊​ល​យូ អេ​ហ្វ​( WWF) បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងពេលដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​យល់ព្រម​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ផែនការ​ស្តារ​ចំនួន​សត្វ​ខ្លាធំ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​

សត្វខ្លាធំ(រូបWWF)

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF​ដែល​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣​ខែសីហា​បាន​បញ្ជាក់ថា ការប្តេជ្ញា​នេះ​គឺជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​របស់ រាជរដ្ឋាភិបាល​ក្នុងការ​ធានា​ឲ្យ​មានការ​ការពារ​នូវ​ជម្រករបស់​សត្វ​ខ្លាធំ​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​,​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ការ​បរបាញ់​និង​កាប់​ឈើ​ខុសច្បាប់​និង​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​សហគមន៍​ក្នុង​តំបន់ដើម្បី​ធ្វើ​កិច្ចការ​អភិរក្ស​តំបន់​នេះ​។

សម្តេច​តេ​ជោ​នាយក​មន្ត្រី​កម្ពុជា​បានបង្ហាញ​នូវ​ការគាំទ្រ​បែបនេះ​នៅក្នុង​វេទិកា​ថ្នាក់ជាតិ ស្តីពី​ការការពារ​និង អភិរក្ស​ធនធានធម្មជាតិ កាលពី​ព្រឹក​​ថ្ងៃទី​២២​ខែសីហា​នៅ​វិមាន​សន្តិភាព​។

លោក សេង ទៀក នាយកអង្គការWWFកម្ពុជា(រូបWWF)

លោក​សេង​ទៀក​នាយក​អង្គការ​WWF​កម្ពុជា​ត្រូវបាន​ស្រង់​សម្តី​មក​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែលនេះ​ថា “​យើង​ពិត​ជាមាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន​គាំទ្រ​ចំពោះ ការស្តារ​ចំនួន​សត្វ​ខ្លាធំ​ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​យើង​សូម​ចូលរួម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បោះជំហាន​ទៅមុខ​យ៉ាង​ធំ​សំដៅ​ឆ្ពោះទៅកាន់​គោលដៅ​TX2” ។

​លោក​បន្តថា​ការស្តារ​ចំនួន​សត្វ​ខ្លាធំ​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត អាចធ្វើ​ឲ្យ​ប្រទេស កម្ពុជា​សំរេចបាន​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​Tx2​ក៏ដូចជា​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុងការ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ក្នុង​ពិភពលោក​។ WWF​បានធ្វើការ​កត់សម្គាល់​នៅក្នុង​សេចក្តីប្រកាស​ដែល​នោះ​ថា​ការប្រកាស​កាលពី​ម្សិលមិញ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ដាក់បញ្ចូល​តំបន់​ការពារ​ថ្មីៗ​ជាច្រើន​រួមទាំង​ច្រករបៀង​ជីវចម្រុះ​នៅក្រោម​ការគ្រប់គ្រង​រប​ស់
ក្រសួងបរិស្ថាន​ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​៧,៤៣​លាន​ហិកតា​ដែល​ចំនួន​នេះ​ស្ទើរតែ​ស្មើនឹង​ពាក់កណ្តាល​ផ្ទៃដីរបស់​ប្រទេស​កម្ពុជា​។

តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ដែល​គ្របដណ្តប់​ភាគ​ឦសាន​របស់​ប្រទេស​កម្ពុ​ជាមួយ​ភាគ​ធំ គឺជា​គឺជា​ជម្រក​ដ៏សំខាន់​របស់​សត្វព្រៃ​ដែល​រងគ្រោះ​ជិត​ផុត​ពូជ​ជាច្រើន​ដូចជា​សត្វ ដំរី​អាស៊ី ខ្លារខិន ទន្សោង និង​ត្រ​យ៉ងយក្ស​។​ការការពារ​សត្វ​ទាំងនេះ​និង​ការស្តារ​ចំនួន​សត្វ​ខ្លាធំ​នៅ​តំបន់​នេះ​នឹង​ផ្តល់នូវ​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ចតាមរយៈ​ការបង្កើត​នូវ​ផលិតផល​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ផ្សេងៗ​។

​លោក សេង ទៀក​បាន​បន្ថែមទៀតថា “​មាន​កិច្ចការ​ជាច្រើន​ដែល​យើង​ត្រូវបំពេញ ហើយ​យើង​ត្រូវ​បង្កើន​នូវ​កិច្ចខំប្រឹងប្រែង​របស់​យើង​ទ្វេដង ថែមទៀត​ដើម្បី​ឲ្យ​តំបន់​នេះ​មាន​ភាព​រួចរាល់​ក្នុងការ​ព្រលែង​សត្វ​ខ្លាធំ​ចូល ហើយ​ត្រូវមាន​ការពិភាក្សា​ជាមួយ​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​គ្រប់​ដំណាក់កាល​។ នេះ​មានន័យថា​ត្រូវមាន​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ការ​បរបាញ់ និង​ការកាប់​ឈើ​ខុសច្បាប់ មាន​ឧទ្យា​នុ​រក្ស​ដែលមាន​ជំនាញ​និង​សម្ភារៈ​ល្បាត​គ្រប់គ្រាន់ មានការ​កើនឡើង​នូវ​ចំនួន​សត្វ​ដែលជា​ចំណី​របស់​សត្វ​ខ្លាធំនិង​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​សហគមន៍​ក្នុង​តំបន់​”​។

អង្គការ WWF​បានបញ្ជាក់​ការប្តេជ្ញា​នេះ​ធ្វើឡើង​បន្ទាប់ពី​វត្តមាន​សត្វ​ខ្លាធំ​ចុងក្រោយ​ត្រូវបាន​ថត​បាន​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​កាលពី​ប្រមាណ​១០​ឆ្នាំមុន​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ហើយ​ដែល​អ្នកវិទ្យាសាស្ត្រ​បានសន្មត​ថា​ពុំមាន​ចំនួន​សត្វ​ខ្លាធំ​ដែល​អាច​បន្ត​ពូជ​បាន​មាននៅ​ក្នុងព្រៃ​នៃ​ប្រទេស​កម្ពុជា​ឡើយ​។ ជា​ប្រទេសមួយក្នុងចំណោម​ប្រទេស​ទាំង​១៣​ដែលមាន​វត្តមាន​សត្វ​ខ្លាធំ កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការប្តេជ្ញា​TX2 (
ជា​គោលដៅ​រួម​របស់​ពិភពលោក​ក្នុងការ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ទ្វេ​រដង​ត្រឹម​ឆ្នាំ​២០២២ ដែល​ប្តេជ្ញា​ដោយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទាំង​១៣​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ខ្លាធំ​នៅ​ទីក្រុង​ភី​ត​ធើ​ស​ប៊ើ​ក​ប្រទេស​រុស្ស៊ី​)​។ TX2 គឺជា​គោលដៅ​អភិរក្ស​ដ៏​ធំធេង​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដែល​វា​បាន​បញ្ឈប់​ការធ្លាក់ចុះ​យ៉ាងគំហុក​របស់​ចំនួនសត្វ​ខ្លាធំ​ក្នុង​ពិភពលោក ជា​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

អង្គការ​WWF បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥​ដែលជា​ផ្នែក​មួយ​នៃ​អង្គការ​WWF​ក្នុង​មហា​តំបន់​ទន្លេមេគង្គ​។ បេសកកម្ម​របស់​អង្គការ​WWF គឺ​ធានា​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​មនុស្ស​គ្រប់រូប​ដើម្បី​ធ្វើការ​អភិរក្ស​នូវជីវចម្រុះ​ដ៏​សម្បូរបែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អង្គការ​WWF-​កម្ពុជា នឹង​ជំរុញ​ឲ្យ​មានឱកាស​ថ្មីៗ​ជាច្រើនដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រប​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង
មូលដ្ឋាន ព្រមទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ធនធាន​ធម្មជាតិប្រកបដោយ​និរន្តរភាព​។ សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អង្គការ WWF-​កម្ពុជា cambodia.panda.org៕
ដោយៈបញ្ញាសាស្រ្ត