អង្គការ​ម៉ា​រី​ស្តូប ចែករម្លែក​ចំណេះដឹង​ពី​ច្បាប់​រំលូតកូន វិធីសាស្ត្រ​ថែទាំ​សុខភាព សេវា​រំលូតកូន​ប្រកបដោយ​សុវត្ថិភាព​

939
ចែករម្លែក
  • 17
    Shares

ដោយ​: សុផល / ភ្នំពេញ​: អង្គការ​ម៉ា​រី​ស្តូប​នា​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – ជប៉ុន បានរៀបចំ​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា “​សិទ្ធិ​ក្នុងការ​ជ្រើសរើស​” ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់​ស្ត្រី ក្នុងការ​ទទួលបាន​ព័ត៌មាន ទាក់ទង​ទៅនឹង​ជម្រើស និង​សេវា​សុខភាព​បន្ត​ពូជ​ដែលមាន​សុវត្ថិភាព ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ចង់​បញ្ចប់​ការ​មាន​ផ្ទៃពោះ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ការ​រំលូតកូន មាន​ភាពស្របច្បាប់​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្លេះ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​ស្ត្រី​ជាច្រើន​ដែល​នៅតែ​យល់ច្រឡំ​ថា ការ​រំលូតកូន គឺជា​រឿង​មិន​ស្របច្បាប់​។ ទាំងនេះ​គឺ​ដោយសារតែ​ពួកគេ​ទទួលបាន​ព័ត៌មាន​មិន​គ្រប់គ្រាន់​ព្រមទាំង​មានការ​រើសអើង​ពី​សង្គម​ផងដែរ ដែលជា​លទ្ធផល​ជំរុញ​ឲ្យ​ស្ត្រី​សម្រេចចិត្ត​ស្វែងរក​សេវា​ដែល​គ្មាន​សុវត្ថិភាព​។​

​អង្គការ​ម៉ា​រី​ស្តូប រៀបចំ​ព្រឹត្តិការណ៍ “​សិទ្ធិ​ក្នុងការ​ជ្រើសរើស​” ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​ទទួលបាន​ព័ត៌មាន ទាក់ទង​ទៅនឹង​ជម្រើស និង​សេវា​សុខភាព​បន្ត​ពូជ​ដែលមាន​សុវត្ថិភាព​(​រូបៈ​សុផល​)

អ្នកចូលរួម ទទួលបាន​ចំណេះដឹង​អំពី​ច្បាប់​រំលូតកូន​នៃ​ប្រទេស​កម្ពុជា វិធីសាស្ត្រ​ថែទាំ​សុខភាព ដឹង​ពី​កន្លែង​ដែល​ត្រូវ​ទៅរក​សេវា​រំលូតកូន​ប្រកបដោយ​សុវត្ថិភាព និង​ដឹង​ពី​វិធីសាស្ត្រ​ផ្សេងៗ​ក្នុងការ​ពន្យារកំណើត​ដែល​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល​។

​លោកស្រី Amy Williamson នាយិកា​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ “​ស្ត្រី​កម្ពុជា​ជាច្រើន​នាក់​មាន​អារម្មណ៍​ភ័យខ្លាច និង​ឯកា នៅពេលដែល​ពួកគេ​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ​ដោយ​ឥត​ព្រាងទុក​”​។ “​បទពិសោធន៍​ដ៏​ឈឺចាប់​នេះ​អាច​បង្ក​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។ កង្វះ​ការយល់ដឹង​អំពី​សិទ្ធិ​ស្របច្បាប់​នៃ​ការទទួល​សេវា​រំលូតកូន អាច​នាំ​ឲ្យ​ស្ត្រី​យឺតយ៉ាវ​ក្នុងការ​ស្វែងរក​សេវា​ថែទាំ​សុខភាព នឹង​អាចឈាន​ទៅដល់​ការទទួល​សេវា​រំលូតកូន​ដែល​គ្មាន​សុវត្ថិភាព​។​

​លោកស្រី​បាន​បន្តថា​៖ ព្រឹត្តិការណ៍ «​សិទ្ធិ​ក្នុងការ​ជ្រើសរើស​» នេះ ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ជា​ដំណោះស្រាយ​ឆ្លើយតប​ទៅនឹង​បញ្ហា​របស់​ស្ត្រី​ដូច្នេះ​តទៅ​ថ្ងៃមុខ​នឹង​មានតែ​ស្ត្រី​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រឈម​នឹង​ភាពភ័យខ្លាច​នេះ​តែម្នាក់ឯង​។ យើង​ចង់​ឲ្យ​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា រស់នៅក្នុង​ជីវិត​ដ៏​ស្រស់បំព្រង​ទៅតាម​អ្វីដែល​ពួកគេ​ជ្រើសរើស ហើយ​ឲ្យ​ពួកគេ​ដឹងថា ពួកគេ​អាចទាក់ទង​មកកាន់​អង្គការ​ម៉ា​រី​ស្តូប​បាន ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ព័ត៌មាន ឬ​ការគាំទ្រ​ផ្សេងៗ​។ ​ស្ត្រី​ទាំងឡាយ​ដែលមាន​បំណង​ចង់​ទទួលបាន​ដំបូន្មាន​ល្អៗ​អំពី​មធ្យោបាយ​ពន្យារកំណើត ឬ​ជម្រើស​ផ្សេងៗ​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​ឥត​ព្រាងទុក អាច​ទំនាក់ទំនង​ទៅកាន់​អង្គការ​ម៉ា​រី​ស្តូប​បាន​៕

#