អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​រៀបរាប់​ពី​មន្ត្រី​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

408

(​ភ្នំពេញ)៖​ស្របពេល​ដែល​ជនជាប់សង្ស័យ​ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​ឥត​ញញើត​ដៃ​លើ​មន្ត្រី​ការពារ​ធម្មជាតិ​ចំនួន​បី​រូប​កាលពី​ថ្ងៃទី​៣០​ខែមករា​កន្លងទៅ​ត្រូវបានចាប់ខ្លួន កាល​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ហៅ​កាត់​ថា WCS​បានចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ដោយ​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាញ់សម្លាប់ វីរៈជន​អភិរក្ស​ព្រៃឈើ​ព្រមទាំង​បង្ហាញ​ត្រួសៗ​ពី​ជីវិត​មន្ត្រី​មួយរូប​របស់​អង្គ​ការដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​

​លោក កែន សេរី​រដ្ឋា នាយក​អង្គការ WCS បញ្ជាក់ថា​“​អង្គការ​WCS សូម​សម្តែង​នូវ​ការ សោកស្តាយ និង​សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​មហា​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​វីរៈជន​អភិរក្ស ព្រៃឈើ​ទាំងបី​រូប​មាន លោក តឺ​ន សុខ​ណៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់ ក្រសួងបរិស្ថាន លោក សេក វ​ឌ្ឍ​នា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ថុល ខ្នា មន្ត្រី​ផ្នែក​ព័ត៌មាន​ភូមិសាស្ត្រ​អង្គការ​WCS​ដែល​ត្រូវបាន​ជនប្រដាប់អាវុធ​មិន​ស្គាល់មុខ​លួច​បាញ់សម្លាប់​នៅពេល​ពួកគាត់​កំពុង​ចុះ​បំពេញការងារ​ដើរល្បាត​ព្រៃ​ក្បែរ​ព្រំប្រទល់​កម្ពុជា និង វៀត ណា​ម​”។

“​លោក សុខ​ណៃ អាយុ​៣៧​ឆ្នាំ លោក វ​ឌ្ឍ​នា អាយុ​៣៤​ឆ្នាំ និង​លោក ខ្នា អាយុ​២៤​ឆ្នាំ ត្រូវបាន​ជនល្មើស​បាញ់សម្លាប់​ពេល​ពួកគាត់​ត្រឡប់​ពី​ចំនុច​អូ​ហុច​ព្រំប្រទល់​កម្ពុជា និង​វៀត ណា​ម បន្ទាប់ពី​បាន​ប្រទះឃើញ​ជំរុំ​ស្នាក់នៅ​របស់ជនល្មើស​កាប់​ឈើ​ខុសច្បាប់ និង​ដកហូត រឹបអូស​យក​រណា​យន្ត និង​ម៉ូតូ​ដែល​ប្រើប្រាស់​សម្រាប់ សម្រាប់​ដឹកជញ្ជូន​ឈើ​​”។

​លោក សុខ ណៃ គឺជា​ជនជាតិដើម​ភាគតិច​ព្នង រស់នៅក្នុង​ភូមិ​ពូ​ចាម ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​គាត់​ធំ​ដឹងក្តី​ជាមួយ​ធម្មជាតិ​និង​សត្វព្រៃ​ហើយ​តាំងពី​កុមារភាព គាត់​បានយល់ដឹង​អំពី​សារសំខាន់​នៃ​ព្រៃឈើ​និង​សត្វព្រៃ ជាពិសេស​ការងារ​អភិរក្ស​។ បន្ទាប់ពី​ទទួលបាន បរិញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ពីសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​រាជធានី​ភ្នំពេញ លោក សុខ ណៃ បានចាប់ផ្តើម​ការងារ​ជាមួយ អង្គការ​WCS ជា​ជំនួយការ​គម្រោង​ទេសចរណ៍ ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​អស់​រយៈពេល​បួន​ឆ្នាំ​។ ក្នុងតួនាទី​នេះ​គាត់​បានរៀបចំ​បង្កើត​គ​ម្រោ​ង​ទេសចរណ៍​ជំរុំ​សត្វ​ទោច​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ភូមិ អណ្តូង​ក្រឡឹង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ភ្ញៀវទេសចរ​អាចមក​កំសាន្ត និង​ស្នាក់នៅ ហើយ​អាច​ឲ្យ​សហគមន៍ អាច​រកប្រាក់​ចំណូល​បាន​ទៀតផង​។ សម្រាប់​ជនជាតិដើម​ភាគតិច ពាក្យ “​ចា​ហូ​” មានន័យថា​សត្វ​ទោច​ថ្ពាល់​លឿង​ញី ហើយ​ត្រូវបាន​គេ​យកមក​ដាក់ ជា​ឈ្មោះ​ឲ្យ​គម្រោង​ទេសចរណ៍​នៅ​ភូមិ​អណ្តូង​ក្រឡឹង​នេះ​។ សត្វ​ទោច​ថ្ពាល់​លឿង​នេះ គឺជា​ប្រភេទ​សត្វ​មួយ​ដែល​លោក សុខ​ណៃ​ចង់​ការពារ និង​ស្គាល់​ច្បាស់​អំពី​ពួកវា ។​ពិសេស​ពេល​មាន​ភ្ញៀវ មក​កំសាន្ត​ម្តងៗ​គាត​តែង​និយាយ​រឿងព្រេង​អំពី​ប្រវត្តិ​សត្វ​ទោច​នេះ​។ ក្រោយមក គាត់​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន និង​ក្លាយជា​មន្ត្រី​សម​ភាគី​អង្គការ​WCS​នៅ​ពាក់កណ្តាល ឆ្នាំ​២០១៧ ដោយហេតុថា​គាត់​បានឃើញ និង​ដឹង​នូវ​អ្វីដែល​បានកើត​ឡើង ចំពោះ​ធនធាន​ព្រៃឈើ​ដែល​គាត់​ស្រលាញ់ និង​ចង់​ការពារ​ទាំងអស់នោះ​។ លោក សុខ​ណៃ ទទួលបាន​ការគោរព​ស្រលាញ់​ពី​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង មិត្តភក្តិ​រួមការ​ងារ និង​ភ្ញៀវទេសចរ​ដែល​ធ្លាប់បាន​ទៅ កំសាន្ត​ទៅ​ជំរុំ​សត្វ​ទោច ពីព្រោះ​អ្នក​គ្រប់គ្នា​សុទ្ធតែ​បានដឹង និង​ទទួលស្គាល់​ឆន្ទៈ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​កន្លង មក​ក្នុងការ​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​។ គាត់​បាន​បន្សល់ទុក​នូវ ភរិយា និង​កូនស្រី​តូច​ចំនួន​ពីរ​នាក់​ដែលមាន​អាយុ​មួយឆ្នាំ និង​បួន​ឆ្នាំ​។​

​លោក វ​ឌ្ឍ​នា ដែល​បន្សល់ទុក​នូវ​ភរិយា និង​កូនស្រី​តូចៗ​ចំនួន​ពីរ​នាក់​មាន អាយុ​ពីរ​ឆ្នាំ និង​ប្រាំ​ឆ្នាំមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បញ្ចប់​បរិញ្ញាប័ត្រ គាត់​បាន​ចូល​បម្រើ​ការងារ​ជា​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ នៅក្នុង​ឆ្នាំ​២០១៦ គាត់​បាន​ផ្លាស់​មកកាន់ កែវ​សីមា និង​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​សម​ភាគី​កងរាជអាវុធហត្ថ និង​ជា​សមាជិក​ក្រុម​ល្បាត​។ លោក​វ​ឌ្ឍ​នា​បានធ្វើការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន និង​ក្រុម​ល្បាត​សហគមន៍​ដើម្បី​ការពារ ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​។ គាត់ គឺជា​មន្ត្រី​ឧស្សាហ៍​ព្យាយាម និង​ទទួលបាន​ការគោរព​ស្រលាញ់​ពី​សមាជិក​ក្រុម ហើយនឹង​ស្ថិតនៅក្នុង ចិត្ត​មិត្ត​រួម​ការងារ​របស់គាត់​ទាំងអស់​។​

​លោក ខ្នា ធំ​ដឹងក្តី​នៅក្នុង​ភូមិ​ប៉ែន​មាស​ដែលជា​ភូមិ​ដាច់ស្រយាល​មួយ នៅក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ គាត់​គឺជា​កូន​តែ​ម្នាក់​គត់​នៅក្នុង​ក្រុមគ្រួសារ​ដែល​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ ហើយ​បញ្ចប់បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​ព្រៃឈើ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម “​ចំការ​ដូង​” នៅ​ឆ្នាំ​២០១៦​។ គាត់​បាន​បន្ត​ការសិក្សា​អាហារ​រូបករណ៍ រយៈពេល​១០​ខែ នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ផ្នែក​ប្រព័ន្ធ​ពត៌មាន​ភូមិសាស្ត្រ​។ លោក ខ្នា បាន​ចូលរួម​ជាមួយ​អង្គការ​WCS​នៅក្នុង​ឆ្នាំ​២០១៧ ជាមួយ​ក្រុមការងារ Geographic Information System (GIS) និង Spatial Monitoring And Report Tool (SMART)​។ គាត់​ពេញ​ចិត្តនឹង ធ្វើការ​ងារ​ជា​ក្រុម​ដើម្បីស្វែងរក​វិធីសាស្ត្រ​ថ្មី ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី លើ​អាកាស​សម្រាប់​ការងារ​អភិរក្ស​។ ផ្នែក​មួយ​នៃ​ការងារ​របស់គាត់ គឺ​ជួយ​ពង្រឹងគុណភាព​នៃ​ការត្រួតពិនិត្យ និង​ការប្រមូល​ទិន្នន័យ​នៅ ទីវាល​ដែល​តម្រូវ​ឲ្យ​គាត់​ត្រូវ​ចុះទៅ​ក្នុងព្រៃ​។ ទោះបីជា​គាត់​បាន​ចូលរួម ជាមួយ​អង្គការ​WCS​បាន​តិចជាង​មួយឆ្នាំ​ក្តី គាត់​គឺជា​សមាជិក​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅក្នុង​ក្រុម និង​មិនអាច​បំភ្លេច​បានជា​រៀងរហូត​។ គាត់​បន្សល់ទុក​ភរិយា និង​កូនស្រី​ដ៏​តូច​ម្នាក់​ដែលមាន អាយុ​ទើបតែ​ពីរ​ខែ​កន្លះ​ប៉ុណ្ណោះ​។​

​អង្គការ​WCS ពិតជា​មានការ​រន្ធត់ និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការ បាត់បង់​វីរៈជន​អភិរក្ស​ទាំងបី​រូប​ខាងលើនេះ​។ ជាការ​គោរព និង​ឆ្លើយ តប​ចំពោះ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ពួកគាត់ និង​មន្ត្រី​អភិរក្ស​ផ្សេងទៀត ដែល​បាន​ចំណាយ​ពេលវេលា​ការការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង ប្រទេស​កម្ពុជា អង្គការ​WCS នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​ដៃគូ​ដើម្បី​រួមគ្នា​បញ្ឈប់​ការកាប់​ឆ្កា​ដីព្រៃ ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ព្រមទាំង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ​។​ជា​រៀងរាល់ថ្ងៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​អនុវត្ត​ច្បាប់ បាន​ប្រថុយ​ជីវិត​របស់ ខ្លួន​ដើម្បី​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។ យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន កាប់បំផ្លាញ​ព្រៃ​នៅ​កម្ពុជា គំរាមកំហែង និង​បាញ់សម្លាប់​អ្នក ការពារ​សម្បត្តិ​ធម្មជាតិ​កើតឡើង​ជាថ្មី​ម្តង​ទៀតឡើយ​។ យើងទាំងអស់គ្នា នឹង​ចងចាំ លោក សុខ​ណៃ លោក វ​ឌ្ឍ​នា និង​លោក ខ្នា ជា​វីរៈជន​អភិរក្ស​ព្រៃឈើ ជា​រៀងរហូត​។​”៕​ដោយៈ​មូល សម្បត្តិ​/sn

រាប់​ពីឆ្វេង​ទៅ​ស្តាំ​(​រូប​ឈរ​បីនាក់​)​លោក ថុល ខ្នា​,​លោក​តឺ​ន សុខ​ណៃ និង​លោក សេក វ​ឌ្ឍ​នា កាល​នៅមាន​ជីវិត​នៅឡើយ​  

​រូប​ឈរ​ម្នាក់ៗ​ឯង​