អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​នឹង​កាន់​តែមាន​ភាពរស់រវើក​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ក្រុង​ឈី​ង​តាវ​

1390
ចែករម្លែក
លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧

កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​ដែល​ជិត​នឹង​បើក​ធ្វើ​នៅ​ខែមិថុនា​ខាងមុខនេះ ជា​កិច្ចប្រជុំ​កំពូល​លើកដំបូង​បន្ទាប់ពី​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ទទួល​ឱ្យ​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ធ្វើជា​សមាជិក​របស់ខ្លួន ដែល​នឹង​ជំ​រុញឱ្យ​អង្គការ​នេះ​មាន​ឥទ្ធិពល​កាន់តែខ្លាំង​នៅក្នុង​ការជំរុញ​សុខសន្តិភាព​និង​វិបុលភាព​ក្នុង​តំបន់​។​

សកម្មភាព​ការទូត​ដ៏​មាន​សារសំខាន់​នេះ នឹង​បើក​ធ្វើ​នៅ​ក្រុង​ឈី​ង​តាវ ដែលជា​ទីក្រុង​តាម​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ចិន​។ ក្នុងខណៈពេល​បើក​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​នេះ ត្រូវបាន​គេ​កត់សម្គាល់ថា ពិភពលោក​បាននិងកំពុង​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម និង​ការគំរាមកំហែង​ជាច្រើន​ដូចជា ការប៉ះទង្គិច​ក្នុង​តំបន់ ភេរវ​និយម ប្រជា​និយម និង​ឯកតោភាគី​និយម ជាដើម ដែល​ចាំបាច់​ត្រូវតែ​ជំរុញ​ការធ្វើ​សាកលភាវូបនីយកម្ម និង​កែលម្អ​អភិបាលកិច្ច​ជា​សាកល ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ​។​

សម្លឹងមើល​ពីលើ​អាកាស​ទៅលើ​ក្រុង​ឈី​ង​តាវ​ដែលជា​ទីកន្លែង​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​១៨​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ

កិច្ចសហប្រតិបត្តិការ​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធ​ផល​

អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​បាន​បង្កើតឡើង​នៅ​ក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ​២០០១​។ បច្ចុប្បន្ន​អង្គការ​នេះ បានក្លាយ​ទៅជា​អង្គការ​ក្នុង​តំបន់​មួយ​ដែលមាន​លក្ខណៈ​ចម្រុះ និង​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ស្ថាបនា​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​តំបន់​និង អន្តរជាតិ​។​

ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​មាន​ផ្ទៃក្រឡា​ស្មើនឹង​៦០%​នៃ​មហា​ដីគោក​អឺរ៉ុប​និង​អាស៊ី ហើយ​ចំនួន​ប្រជាជន​ស្មើនឹង​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក ចំណែកឯ​តម្លៃ​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង​២០%​នៃ​ពិភពលោក​។ ក្នុងឋានៈ​ជា​អង្គការ​ក្នុង​តំបន់​ដែលមាន​ចំនួន​ប្រជាជន​ច្រើនជាងគេ អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​មាន​សមាជិក​ចំនួន​៨ គឺ​ប្រទេស​ចិន ឥណ្ឌា កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន ប៉ា​គី​ស្ថាន រុស្ស៊ី តាជី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន ព្រមទាំង​ប្រទេស​អ្នកសង្កេតការណ៍​ចំនួន​៤​និង​ដៃគូ​សន្ទនា​ចំនួន​៦ ទៀត​។​

បណ្តា​ប្រទេស​ជា​សមាជិក​នានា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​លើ វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​ជាដើម ព្រមទាំង​បានឱ្យ​សច្ចាប័ន​លើ​ឯកសា​សំខាន់ៗ​មួយចំនួន​ទៀតផង​។​
នៅក្នុង​ដំណើរ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដ៏​ពិតប្រាកដ បណ្តា​ប្រទេស​ជា​សមាជិក​នានា​បាន​ប្រកាន់ខ្ជាប់​រហូត​នូវ​ស្មារតី​សៀង​ហៃ​ដែល​បានចែង​ក្នុង​លក្ខន្តិកៈ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ដែល​ផ្តល់​ទំនុកចិត្ត​ចំពោះ​គ្នា ផ្តល់​ផលប្រយោជន៍​ដល់​គ្នា មាន​សមភាព ពិគ្រោះ​ពិភាក្សា គោរព​អរិយធម៌​ពិពិធ​កម្ម និង​ស្វែងរក​ការអភិវឌ្ឍ​រួម​។​

លោក Yevgeny Sesoev ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​អង្គភាព​ប្រយុទ្ធប្រឆាំង​ភេរវ និយម​ក្នុង​តំបន់​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​បាន​ថ្លែង​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ពិសេស​ជាមួយ​អ្នកសារព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​ចិន​ថា អង្គភាព​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និយម​ក្នុង​តំបន់​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ជា​ចំណែក​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៃ​ប្រព័ន្ធ​សន្តិសុខ​ក្នុង​តំបន់ កិច្ចសហប្រតិបត្តិការ​ខាង​ការប្រឆាំង​ភេរវកម្ម​និយម​រវាង​ស្ថាប័ន​ការពារ​តាម​ព្រំដែន​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ត្រូវបាន​ពង្រឹង​និង​ពង្រីក​តាមរយៈ​អង្គភាព​នេះ​។​

លោក Yevgeny Sesoev បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧ អង្គភាព​ពាក់ព័ន្ធ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បាន​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ដែលមាន​លក្ខណៈ​ភេរវ​និយម​សរុប​ជាង​៦០០​ករណី និង​ចាប់បាន​សមាជិក​របស់​អង្គការ​ភេរវកម្ម​អន្តរជាតិ​ចំនួន​ជាង​២០០០​នាក់​។​

អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ បានធ្វើ​សមយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ទ្វេភាគី​និង​ពហុភាគី​ជាច្រើនលើក​។ នៅ​ខែធ្នូ​ឆ្នាំ​២០១៧ សមយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រទេស​ជា​សមាជិក​ទាំង​៨​ជា​លើកដំបូង បាន​បើក​ធ្វើ​នៅ​ក្រុង​សៀ​មិន ដែលជា​ទីក្រុង​តាម​ឆ្នេរសមុទ្រ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ដោយបាន​លើកកម្ពស់​កម្រិត​សហការគ្នា​រវាង​ប្រទេស​ជា​សមាជិក​និង​ចែករំលែក​ពីបទ​ពិសោធន៍​ខាង​ការបង្ក្រាប​ភេរវកម្ម​តាម​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​។​

បន្ទាប់ពី​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ចាប់ពី​ឆ្នាំ​២០១៨​មក កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បាន​បើក​ធ្វើ​ដោយឡែក​ពីគ្នា​នៅ​ប្រទេស​ចិន បាន​អនុវត្ត​នូវ​មតិ​ឯកភាព​រួម​នៃ​កិច្ចប្រជុំ​កំពូល​កន្លងទៅ​ដើម្បី​ធ្វើ​ការងារ​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​នឹង​បើក​ធ្វើ​នៅពេល​ខាងមុខនេះ​។​
ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​មុន​កន្លងមក អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ ក៏​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​ខាង​ផ្នែក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការអភិរក្ស​និង​ការពារ​បរិស្ថាន ប្រព័ន្ធយុត្តិធម៌ និង​បច្ចេកវិទ្យា ជាដើម​។​

ទន្ទឹម​ហ្នឹង​នេះ ការផ្លាស់ប្តូរ​ផ្នែក​ស៊ីវិល​ក៏បាន​ពង្រីក​ឥតឈប់ឈ​រ​ផងដែរ​។ វេទិកា ប្រជាជន​លើក​ទី​១​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ស៊ី​អាន​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​កាលពី​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ បាន​ស្នើសុំ​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យធ្វើ​សកម្មភាព​ផ្លាស់ប្តូរ​គ្រប់បែបយ៉ាង​ក្រោម​ប្រធានបទ​បង្កើត​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ​។ ចំណែកឯ​មន្ត្រី​នៃ​ស្ថាប័ន​ទេសចរណ៍​របស់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ក៏បាន​បើក​ធ្វើ​កិច្ចប្រជុំ​កាលពី​ខែឧសភា​កន្លងទៅ​ផងដែរ ដើម្បី​ពិភាក្សា​អំពី​ផែនការ​សហប្រតិបត្តិកា​រ​។​

កិច្ចសហប្រតិបត្តិការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ សម្រាប់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នានា និង​បាន​ជំរុញ​សន្តិភាព ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់​ផងដែរ​។ អង្គការ​នេះ​មុខជា​នឹង​បញ្ចេញ​នូវ​សក្តានុពល​សហប្រតិបត្តិ​ការ​ថ្មី​នាពេល​អនាគត​ដែល​នឹងមាន​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

តាម​ការប៉ាន់ប្រមាណ កិច្ចប្រជុំ​កំពូល​ក្រុង​ឈី​ង​តាវ​នឹង​ឱ្យ​សច្ចាប័ន​លើ​ឯកសារ​មួយចំនួន​ដូចជា ផែនការមេ​នៃ​ការអនុវត្ត​រយៈពេល​៥​ឆ្នាំ​ខាងមុខ​នៃ​សន្ធិសញ្ញា​សហប្រតិបត្តិកា​រ​មេត្រីភាព និង​សុខដុមរមនា​យូរអង្វែង​រវាង​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និង​ផែនការមេ​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ជា​សមាជិក​ក្នុងការ​រួមគ្នា​វាយ​បង្ក្រាប​កម្លាំង​ជ្រុលនិយម​ទាំង​៣​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ជាដើម​។​

ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ភាគី​នានា កិច្ចប្រជុំ​កំពូល​ក្រុង​ឈី​ង​តាវ​នឹង​ក្លាយទៅជា​កិច្ចប្រជុំ​ដែល​ប្រកបដោយ​សារសំខាន់​ជាថ្មី​ម្ដងទៀត ដែល​កំណត់​ជាក់លាក់​នូវ​ទិសដៅ​និង​គោលដៅ​អភិវឌ្ឍន៍​នាពេល​អនាគត​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ហើយ​វា​ជា​និមិត្តសញ្ញា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​។​

សហគមន៍​រួម​វាសនា​តែមួយ​

កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​ជាថ្មី​ម្ដង​​ទៀត​បន្ទាប់ពី​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ​ដែល​បាន​បើក​ធ្វើ​នៅ​ខេត្ត​​ហៃ​ណាន​ប្រទេស​ចិន​កាលពី​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅនេះ​។ ក្នុង​សុន្ទរកថា​គន្លឹះ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​បានប្រកាស​ពី​វិធានការ​ថ្មី​មួយចំនួន​នៃ​កំណែទម្រង់​និង​បើកចំហ​របស់​ចិន ហើយ​ឆ្នាំ​២០១៨​នេះ​គឺជា​ខួប​ទី​៤០​នៃ​កំណែទម្រង់​និង​បើកចំហ​របស់​ប្រទេស​ចិន ដែល​គោលនយោបាយ​នេះ​បាន​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​ដល់​ប្រទេស​ចិន​។​

ក្រៅពី​វេទិកា​អាស៊ី​ក្រុង​ប៉​អៅ​និង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ប្រទេស​ចិន​នឹង​រៀបចំ​ធ្វើ​កិច្ចប្រជុំ​អន្តរជាតិ​ដ៏​សំខាន់​ចំនួន​ពីរលើក​ទៀត ពោលគឺ​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នៅ​ខែកញ្ញា​និង​ពិព័រណ៍​នាំចូល​អន្តរជាតិ​នៃ​ប្រទេស​ចិន​លើក​ទី​១​ដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​សៀង​ហៃ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

កិច្ចប្រជុំ​ទាំងនេះ​នឹង​បង្ហាញ​ពី​ការទូត​នៃ​ប្រទេស​ខ្លាំង​ដែល​ប្រកបដោយ​លក្ខណៈពិសេសរ​បស់​ប្រទេស​ចិន​ក៏ដូចជា​កំណែទម្រង់​និង​បើកចំហ​របស់​ប្រទេស​ចិន​ផងដែរ​។ ប្រទេស​ចិន​បាន​ផ្តួច​ផ្តើមគំនិត​ឱ្យ​ជំរុញ​ការកសាង​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ និង​កសាង​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ដែល​គោរព​គ្នា មាន​សមភាព​និង​សច្ចធម៌ ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ឈ្នះ​-​ឈ្នះ​។ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​ប្រទេស​ចិន​ផ្តួចផ្តើម​ឡើងជា​ផែនការ​វិស្វកម្ម​ប្រចាំ​សតវត្សរ៍​មួយ​នេះ បានទទួល​ការគាំទ្រ​ជាទូទៅ​នៅលើ​ពិភពលោក​ទាំងមូល​។​

គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” គឺ​ចង្អុលបង្ហាញ​ពី​តំបន់​សេដ្ឋកិច្ច​នៃ​ផ្លូវ​សូត្រ​លើគោក និង​ផ្លូវ​សូត្រ​លើ​សមុទ្រ​ក្នុង​សតវត្សរ៍​ទី​២១​។ លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​នៅ​ឆ្នាំ​២០១៣​ថា គំនិត​ផ្តួចផ្តើម​នេះ​បាន​ក្លាយទៅជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការកសាង​សហគមន៍​រួម​វាសនា​តែមួយ​នៃ​មនុស្សជាតិ​បច្ចុប្បន្ន​។​

ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៃ​កិច្ចប្រជុំ​លើក​ទី​១៧ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ លោក ស៊ី ជីន​ភីង ប្រធានា ធិបតី​ចិន បាន​ថ្លែង​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​មួយ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ខួប​ទី​១៥​នៃ​ការចុះហត្ថលេខា​លើ​លក្ខន្តិកៈ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ហើយក៏​ជា​ខួប​ទី​១០​នៃ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​មេត្រីភាព​និង​សុខដុមរមនា​យូរអង្វែង​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ផងដែរ ដែល​ការណ៍​នេះ​បាន​បោះជំហាន​កាន់តែ​រឹងមាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​តាម​គន្លង​នៃ​ការកសាង​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ និង​បាន​បង្កើតជា​គំរូ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ដែល​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ​និង ឈ្នះ​-​ឈ្នះ​។​

លោក លី ជានមីន មន្ត្រី​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​រុស្ស៊ី អឺរ៉ុប កណ្តាល និង​អឺរ៉ុប​ខាងកើត នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន​បាន​ថ្លែងថា អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ គឺ​ផ្តល់​ជា​កាលានុវត្តភាព​និង​ការគាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​។ ទស្សនៈ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​បញ្ជ្រាប​ចូល​ជាមួយ​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ ព្រមទាំង​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​ជា​វិជ្ជមាន​។​

លោក Rashid Alimov អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​បាន​ថ្លែងថា ទស្សនៈ​ស្តីពី​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ គឺ​បង្កប់​ដោយ​ទស្សនៈ​ស្តីពី​សច្ចធម៌​និង​ផលប្រយោជន៍​ដែល​ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​រហូតមក និង​បានបង្ហាញ​នូវ​ក្តី​បំណង​របស់​ប្រទេស​ចិន​ក្នុងការ​ស្វែងរក​ការអភិវឌ្ឍ​ដោយ​សន្តិភាព​។​

ក្រុម​ត្រែទ័ព​នៃ​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​មហោស្រព​តន្ត្រី​កងទ័ព​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ដែល​បើក​ធ្វើ​នៅ​សួនច្បារ​អូឡាំពិក​ក្រុង​ប៉េកាំង​កាលពី​ខែមេសា ឆ្នាំ​២០១៨

លោក លី យ៉ុង​ឈុន ប្រធាន​សមាគម​វិជ្ជា​ឯកទេស​ផ្នែក​រុស្ស៊ី អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត​ចិន បាន​កត់ សម្គាល់ ថា ស្មារតី​សៀង​ហៃ​គឺ​ដូចគ្នា​នឹង​ទស្សនៈ​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ​ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ចិន​ក៏ដូចជា​ទស្សនៈ​អភិបាលកិច្ច​ពិភពលោក​ដែល​ពិភាក្សា​ជាមួយគ្នា កសាង​ជាមួយគ្នា និង​ចែករំលែក​ជាមួយគ្នា ដែល​សមស្រប​ទៅនឹង​ចរន្ត​នៃ​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​ថ្មី​ព្រមទាំង​បានបង្ហាញ​នូវ​កម្លាំង​រស់​រវើក​ដ៏​ខ្លាំងក្លា​ផងដែរ​។​

ក្នុងឱកាស​ជួបពិភាក្សា​ជា​ក្រុម​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជា​សមាជិក​ចំនួន​៧​ផ្សេងទៀត ព្រមទាំង​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​និង​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​អង្គភាព​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ជា​សមាជិក អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​នៅ​ប្រទេស​ចិន​នៅ​ខែមេសា ឆ្នាំ​២០១៨​នេះ លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន បាន​គូសបញ្ជាក់ថា ក្រោម​ស្ថានការណ៍​ថ្មី​គឺ​ទី​១-​មិនត្រូវ​បំភ្លេច​គោលបំណង​ដើម ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ​នូវ​ការពង្រីក​ស្មារតី​សៀង​ហៃ ទី​២-​ត្រូវតែ​ពង្រីក​អាទិភាព បញ្ចេញ​សក្តានុពល​នៃ​ការបន្ថែម​ចំនួន​សមាជិក​ដោយ​ពេញលេញ ទី​៣-​ត្រូវតែ​ធ្វើការ​ងារ​ត្រួសត្រាយ​និង​ស្វែងរក​ការរីកចម្រើន​ដើម្បី​ជំរុញ​យ៉ាងខ្លាំង​ក្លា​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​

លោក ស៊ី ជីន​ភីង បាន​ថ្លែងថា ប្រទេស​ចិន​រីករាយ​រួមសហការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នានា​ក្នុងការ​គាំទ្រ​ដល់​គ្នា​ខាង​នយោបាយ ដើម្បី​រួមចំណែក​ផ្ដល់​ជា​គំនិត​ប្រាជ្ញា​និង​ផែនការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​។ ដោយឡែក​នៅលើ​វិស័យ​សន្តិសុខ គឺ​ត្រូវ​រក្សា​គាំពារ​សន្តិសុខ​និង​សុវត្ថិភាព​ក្នុង​តំបន់ លើកកម្ពស់​កម្រិត​សម្របសម្រួល​និង​សមត្ថភាព​ប្រតិបត្តិ និង​នៅលើ​វិស័យសេដ្ឋកិច្ច គឺត្រូវធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ បង្កើតជា​បណ្តើរៗ​នូវ​ការរៀបចំ​ចាត់ចែង​ជា​ប្រព័ន្ធ​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​ក្នុង​តំបន់ ត្រូវ​ពង្រីក​ការប្រាស្រ័យ​ទាក់ទង​នៃ​ប្រជាជន​និង​ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ ដើម្បី​ជំរុញ​ការតភ្ជាប់​ដួងចិត្ត​ប្រជាជន​។​

យុវតី Zakir និស្សិត​ជនជាតិ​រុស្ស៊ី​និង​ប្អូនស្រី​របស់​នាង​ឈ្មោះ Zaira សុទ្ធតែ​រៀន​នៅ​សកល​វិទ្យាល័យ​ប្រេងកាត​ចិន ។ យុវតី​ទាំងពីរ​បានបង្ហាញ​ពី​អក្សរ​ចិន​“​សួស្តី​ឈី​ង​តាវ​”​និង​“​សួស្តី អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​” ដែល​សរសេរ​ដោយ​ខ្លួនឯង​

ក្រុង​ឈី​ង​តាវ ទី​ចាប់ផ្តើម​ថ្មី​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​

យុវតី​Junusbekova Meruyert ដែលជា​និស្សិត​កា​ហ្សា​ក់​ស្ថាន​បាន​បន្ត​វិជ្ជា​នៅ​សកល​វិទ្យាល័យ​ប្រេងកាត​ចិន​ឆ្នាំ​ទី​៤​បាន​និយាយថា ក្រុង​ឈី​ង​តាវ​គឺជា​ទីក្រុង​ទំនើប​និង​អន្តរ​ជាតូបនីយកម្ម ហើយ​ក៏មាន​លក្ខណៈពិសេស​ខាង​ប្រវត្តិសាស្ត្រ​ផងដែរ​។ នាង​និយាយទៀតថា ក្រោយពី​បញ្ចប់​ការសិក្សា​នាង​នឹង​ត្រឡប់​ទៅ​កា​ហ្សា​ក់​ស្ថាន​វិញ ហើយនឹង​បើក​សាលា​អប់រំ​មួយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​កាន់តែច្រើន​សម្រាប់​និស្សិត​ដែល​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​ចិន​។​

នាង​បាន​និយាយទៀតថា ក្រៅពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែលមាន​រួចជាស្រេច រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​ខាង​វប្បធម៌​និង​ការអប់រំ​កាន់តែច្រើន​ទៀត​រវាង​ប្រទេស​ចិន​និង​កា​ហ្សា​ក់​ស្ថាន​។​

ក្រុង​ឈី​ង​តាវ ក៏​នឹង​ធ្វើជា​សា​ក្ខី​កម្ម​នៃ​ដំណើរ​វិវឌ្ឍន៍​រីកចម្រើន​ថ្មី​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ដែល​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែមាន​ប្រសិទ្ធភាព និង​កាន់តែ​ទូលំទូលាយ​ក្រោម​ការណែនាំ​នៃ​ស្មារតី​សៀង​ហៃ​ផងដែរ​។​

ក្រុង​ឈី​ង​តាវ គឺជា​កំពង់ផែ​ដ៏​សំខាន់​មួយ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន និង​ជា​មូលដ្ឋាន​ផលិត​រថភ្លើង​ល្បឿន​លឿន​និង​គ្រឿងអគ្គិសនី​ប្រើប្រាស់​ក្នុង​គ្រួសារ​របស់​ប្រទេស​ចិន​។ ក្រោម​និន្នាការ​ដែល​ប្រទេស​ចិន​ពង្រីក​ការបើកចំហ ទីក្រុង​ដែល​ពោរពេញ​ទៅដោយ​កម្លាំងចលករ​មួយ​នេះ​នឹង​ខិតខំ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ជាមួយ បណ្តា​ប្រទេស​នានា​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​។​

កាលពី​ខែមេសា ឆ្នាំ​២០១៨​នេះ ក្រសួងពាណិជ្ជកម្ម​ចិន បាន​ឯក​ភាពជា​ផ្លូវការ​នូវ​ការគាំទ្រ​ក្រុង​ឈី​ង​តាវ​ឱ្យ​បង្កើត​សួន​ឧស្សាហកម្ម​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ចិន​-​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​។ សួន​ឧស្សាហកម្ម​គំរូ​នេះ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម​សហប្រតិបត្តិ​ការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អឺ​រុ​ប​-​អាស៊ី​ដែល​បង្កើតឡើង​ដោយ​ក្រុង​ឈី​ង​តាវ និង​គណៈកម្មការ​សហ​គ្រិន​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​ស្រូប​ទាញ​គម្រោង​ចំនួន​២១​ដែលមាន​ការ បណ្តាក់ទុន​រហូតដល់​១៨​ប៊ី​លាន​យ័ន​ប្រាក់​ចិន​។​

កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ក្រុង​ឈី​ង​តាវ​និង​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​កើន​ដល់​ទៅ​៤,៦​ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​បើ​ប្រៀបធៀប​នឹង រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០១៦ គឺ​កើនឡើង​៩,៨%​។ ទំហំ​នាំចូល​នៃ​ក្រុង​ឈី​ង​តាវ​ពី​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​មាន​ដល់​ទៅ​១,៤៦​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង​៤១%​។​

រោងចក្រ​ហៃ​អឺ ដែលជា​សហគ្រាស​ផលិត​គ្រឿងអគ្គិសនី​ប្រើប្រាស់​ក្នុង​គ្រួសារ​ធំជាងគេ​លើ​ពិភពលោក​គឺមាន​ទីស្នាក់ការ​ទូទៅ​នៅ​ក្រុង​ឈី​ង​តាវ ហើយក៏​មាន​សាខា​រោងចក្រ​នៅ​ប្រទេស​រុស្ស៊ី ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ផងដែរ​។​

ក្រុង​ឈី​ង​តាវ ក៏​ជាទី​ក្រុង​ប្រកបដោយ​វប្បធម៌​ដ៏​សម្បូរបែប​ផងដែរ​។ ទីនេះ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​ពាក់ព័ន្ធ​នឹង​ភាពយន្ត ហើយ​ដែល​ត្រូវបាន​អង្គការ​យូណេស្កូ​នៃ​អង្គការសហប្រជាជាតិ​ជ្រើសរើស​ជា​បុរី​ភាពយន្ត​កាលពី​ឆ្នាំ​២០១៧​។ នៅ​ខែមិថុនា​ឆ្នាំ​២០១៨​ខាងមុខនេះ ក្រុង​ឈី​ង​តាវ​នឹង​បើក​ធ្វើ​មហោស្រព​ភាពយន្ត​នៃ​ប្រទេស​ជសមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ នឹងមាន​ភាពយន្ត​ជិត​៦០​រឿង​ដែល​ផលិត​ដោយ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ចូលរួម​ការតាំង​បង្ហាញ​និង​ការប្រកួតប្រជែង​យក​ពានរង្វាន់​។​

ចេញដំណើរ​ពី​ក្រុង​ឈី​ង​តាវ អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​នឹង​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ ដែល​នឹង​កាន់​តែមាន​កម្លាំង​ឥទ្ធិពល​និង​កម្លាំងចលករ ក៏ដូចជា​ពង្រីក​តួនាទី​កាន់តែ​សកម្ម​ក្នុង​ដំណើរ​កសាង​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ​ផងដែរ​៕ អត្ថបទ​ដោយ​: Li Laifang , Zhao Xinbing , Liu Baosen , Zhang Xudong