អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ជា “​ភាពអាសន្ន​នៃ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​”

384
ចែករម្លែក

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស (Tedros Adhanom Ghebreyesus) កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​បានប្រកាស​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ជា “​ភាពអាសន្ន​នៃ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​អំពី​សុខភាព​សាធារណៈ​”​។​

​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​បទ​ប្បញ្ញត្តិ​គ្រាអាសន្ន​សុខភាព​អន្តរជាតិ​សម្រាប់​ជំងឺ​អេ​បូ​ឡា​នៅក្នុង​ប្រទេស​កុង​ហ្គោ ដែលជា​កិច្ចប្រជុំ​លើក​ទី​បួន ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ១ ខែសីហា​ឆ្នាំ ២០១៨​។​

​គណៈកម្មាធិការ​នេះ​បាន​យោងទៅលើ​ការវិវត្ត​ថ្មីៗ​នៅក្នុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​ក្នុង​ការចេញ​នូវ​អនុសាសន៍​របស់ខ្លួន រួមទាំង​ករណី​ដែល​បានបញ្ជាក់​ជា​លើកដំបូង​នៅ​ទីក្រុង​ហ្គោ​ម៉ា ដែល​ជាទី​ក្រុងមាន​មនុស្ស​រស់នៅ​ជិត ២ លាន​នាក់​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​រ្វ៉ា​ន់​ដា និង នៅតាម​ច្រកទ្វារ​ចូលទៅ​កាន់​ប្រទេស​ដទៃទៀត​និង​ពិភពលោក​។​

​តួលេខ​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា មនុស្ស​ប្រមាណ ៦៥០ នាក់​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នាពេល​បច្ចុប្បន្ននេះ ខណៈ​ករណី​ថ្មី​ចំនួន ១២ ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​។​

​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា “​វា​ជា​ពេល​សម្រាប់​ពិភពលោក​កត់សម្គាល់​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទ្វេដង​។ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ក្នុង​សាមគ្គីភាព​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ដើម្បី​បញ្ចប់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​និង​កសាង​ប្រព័ន្ធ​សុខភាព​ល្អ​មួយ​”​។​

​លោក​បាន​កត់សម្គាល់ថា “​ការងារ​វិសាមញ្ញ​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ជិត​មួយឆ្នាំ​ក្រោម​កាលៈទេសៈ​ដ៏​លំបាក​បំផុត​។ យើងទាំងអស់គ្នា​បាន​ជំពាក់​គុណ​អ្នក​ឆ្លើយតប​នឹង​ជំងឺ​ទាំងនេះ ដែល​មិន​ត្រឹម​មកពី WHO ប៉ុណ្ណោះ​ទេ​ថែមទាំង​មកពី​រដ្ឋាភិបាល ដៃគូ និង​សហគមន៍​ផងដែរ​”​។​

​ចាប់តាំងពី​ជំងឺ​នេះ​ត្រូវ​បានប្រកាស​ជិត​មួយឆ្នាំ​មក​នោះ ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​ត្រូវបាន​ចាត់ថ្នាក់​ជា​ភាពអាសន្ន​កម្រិត​ទី​៣ ដែលជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត​មួយ ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយ​ញ៉ាំងឱ្យ​មានការ​កៀរគរ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់បំផុត​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ប្រមាណ ៦៥០ នាក់​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​នាពេល​បច្ចុប្បន្ននេះ ខណៈ​ករណី​ថ្មី​ចំនួន ១២ ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ