អង្គការ​អន្តរជាតិ​ខាង​ការងារ​សោកស្ដាយ​ចំពោះ​សោកនាដកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

777
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/ភ្នំពេញៈ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ​អាយ​ឡូ​(ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ​បាន​សម្តែង​នូវ​ការយកចិត្តទុកដាក់​និង​ការសោកស្ដាយ​ចំពោះ​សោកនាដកម្ម​នៃ​ការដួលរលំ​អគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​បាន​បណ្ដាល​ឲ្យ​កម្មករនិយោជិត​ចំនួន ២៨​នាក់​ស្លាប់ និង ២៦​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​។ ជនរងគ្រោះ​បានធ្វើការ​ក្នុង​អគារ​នោះ ខណៈពេលដែល​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការស្លាប់​របស់​ពលករ​កម្ពុជា​ក្នុង​ឧប្បត្តិហេតុ​ដួលរលំ​អគារ​។​

សម្តេច​តេ​ជោ​ហ៊ុន សែន ពេល​អញ្ជើញ​សួរសុខទុក្ខ​អ្នករបួស​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)


​សេចក្តីថ្លែងការណ៍​ដែល​រស្មី​កម្ពុជា​ទទួលបាន គឺ​អង្គការ​អន្តរជាតិ​ខាង​ការងារ ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមគ្រួសារ​និង​អ្នក​នៅក្នុង​បន្ទប់​នៃ​អ្នក​ដែល​បាន​ស្លាប់​និង​របួស​។​ការឈឺចាប់​នៃ​ការបាត់បង់​របស់​ពួកគេ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​នាពេល​បន្ទាប់​ដោយសារ​ការបាត់​បង់ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ដែល​ធ្លាប់​ទទួលបាន​ពី​មនុស្ស​ជាទី​ស្រលាញ់​។​


​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​បញ្ជាក់ថា ការបាត់​បង់ជីវិត​នេះ គឺជា​ការ​ក្រើនរំលឹក​អំពី​ហានិភ័យ​ដែល​កម្មករ​រាប់ពាន់នាក់​ប្រឈមមុខ​រៀងរាល់ថ្ងៃ ហើយ​ទាមទារ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​នៅ​កន្លែងធ្វើការ ។ យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ក្នុង​ឆ្នាំ​២០១៨​បានទទួល​របាយការណ៍​គ្រោះថ្នាក់​កន្លែងធ្វើការ​មាន​ចំនួន​សរុប ២៥.២០៦​នាក់​ក្នុងនោះ​មាន​កម្មករនិយោជិត ២០០​នាក់ បាន​ស្លាប់ និង ២.៧១១​នាក់ បាន​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ការងារ​និង​វិជ្ជាជីវៈ​។​ហានិភ័យ​បែបនេះ​អាច​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់​និង​បង្ការ​ជាមុន​បាន ។ ការដោះស្រាយ​បញ្ហា​នេះ​ទាមទារ​មាន​សកម្មភាព​ក្នុង​ផ្នែក​មួយចំនួន​ដោយ​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង​ជ្រោយ​ដែលមាន​ការសម្របសម្រួល និង​សហការគ្នា​ភាគី​ពាក់ព័ន្ធ​នានា​ជាការ​ចាំបាច់ ។ ការពិនិត្យ​ឡើងវិញ​នូវ​បទ​ប្បញ្ញត្តិ​ទាំងឡាយ និង​ការអនុវត្ត​នៅក្នុង​វិស័យ​សំណង់​ការដាក់ ឱ្យ​អនុវត្ត​នូវ​បទដ្ឋាន​សុខភាព និង​សុវត្ថិភាព​ការងារ និង​ស្តង់ដារ​សុវត្ថិភាព​សាងសង់ ការធ្វើ​អធិការ កិច្ចការងារ​ឲ្យ​បាន​ខ្លាំងក្លា នៅ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​កម្រិត​សូន្យ ព្រមទាំង​ការលើកកម្ពស់​វប្បធម៌​បង្ការ​សុវត្ថិភាព​ក្នុង​វិស័យនេះ ។​


​សេចក្តីថ្លែងការណ៍​បន្ត​ថា​អង្គការ​អន្តរជាតិ​ខាង​ការងារ នឹង​បន្ត​ធ្វើការ​ជាមួយ​ស្ថាប័ន​ត្រីភាគី​របស់ខ្លួន ពោលគឺ​រដ្ឋាភិបាល អង្គការ​និយោជក និង​អង្គការ​កម្មករនិយោជិត ដើម្បី​រិះរក​វិធី​ល្អ​បំផុត​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​វិធានការ​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ឧប្បត្តិភាព​បែបនេះ​នាពេល​អនាគត​៕សរន

សម្តេច​តេ​ជោ​ហ៊ុន សែន ពេល​អញ្ជើញ​សួរសុខទុក្ខ​អ្នករបួស​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)