អង្គការ​អន្តរជាតិ CPU បណ្តុះបណ្តាល​​សមត្ថ​កិច្ច​កម្ពុជា​និង​ព្រះរាជអាជ្ញា ស៊ើបអង្កេត​អង្កេត​បទល្មើស​ឃាតកម្ម​

645
ចែករម្លែក
អង្គការ​អន្តរជាតិ CPU បណ្តុះបណ្តាល​​សមត្ថ​កិច្ច​កម្ពុជា​និង​ព្រះរាជអាជ្ញា ស៊ើបអង្កេត​អង្កេត​បទល្មើស​ឃាតកម្ម​

ដោយ​៖​ស​រិ​ទ្ធ​​ភ្នំពេញ​៖​អង្គភាព​ការពារ​កុមារ CPU នៅ​ថ្ងៃទី​១០ ខែមិថុនា នេះ បាន​នាំ​មន្ត្រី​ជំនាញ​ឯកទេស​អន្តរជាតិ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​នគរបាល​កម្ពុជា កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា ស្តីពី​ការស៊ើបអង្កេត​បទល្មើស​ឃាតកម្ម​នៅក្នុង​គម្រោង​លើ​ដំបូង​របស់ខ្លួន​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​រយៈពេល​មួយ​សប្តាហ៍ នៅ​សណ្ឋាគារ Cambodiana រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ និង មានការ​អញ្ជើញ​ចូលរួមពី​មន្ត្រី​ជំនាញ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការស៊ើបអង្កេត​ប​ទ​ល្មើស​ឃាតកម្ម​។​

​លោក James McCabe នាយក​ប្រតិបត្តិ​នៃ​អង្គភាព​ការពារ​កុមារ បាន​លើក ឡើងថា “​យើងមានភ័ព្វ​សំណាង​ណាស់ ដោយមាន​បុគ្គលិក​ជំនាញ​ឯកទេស​ទាំងនេះ បាន​មកដល់​ប្រទេស​កម្ពុជា ដោយ​នាំមក​ជាមួយ​នូវ​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្នែក​ស៊ើបអង្កេតលើ​បទល្មើស​ឃាតកម្ម​ទាំងនេះ​”​។​

​ដៃគូ​ដែល​បានរៀបចំ​សិក្ខាសាលា​នេះ រួមមាន​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​រដ្ឋ​ខ្វិន​ស្លែ​ន និង​សាកលវិទ្យាល័យ​សូ​ឡឹ​ន​នៃ​ចក្រភព​អង់គ្លេស​ដែល​បានបញ្ជាក់​ការគាំទ្រ​ដល់​សិក្ខាសាលា​នេះ​។​

​ទន្ទឹមនឹងនេះ លោក James McCabe ក៏បាន​លើកឡើងថា សិក្ខាសាលា​នេះ នឹង​ក្លាយទៅជា​កាលានុវត្តភាព​ដ៏​ពិសេសសម្រាប់​អ្នកចូលរួម​ទាំងអស់ ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្តែង ពី​មន្ត្រី​ជំនាញ​ឯកទេស​អន្តជាតិ​ទាំងឡាយស្តីពី​បច្ចេកទេស និង​វិធីសាស្ត្រ​ផ្សេងៗ ដែល​គេ​បាន​ប្រើប្រាស់​ក្នុងការ​ស៊ើបអង្កេត​បទ​ល្មើស​មនុស្សឃាត​នា​សម័យ​ទំនើប​នេះ​។​

​សូម​រំលឹកថា អង្គភាព​ការពារ​កុមារ CPU ថ្មីៗ​នេះ បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​សម្លាប់​កុមារ​២​នាក់ នៅ​ខេត្ត​ព្រះសីហនុ រហូត​ទទួលបាន​ជោគជ័យ ដោយ​ចាប់ខ្លួន​ជនល្មើសបញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​Ha

អង្គការ​អន្តរជាតិ CPU បណ្តុះបណ្តាល​​សមត្ថ​កិច្ច​កម្ពុជា​និង​ព្រះរាជអាជ្ញា ស៊ើបអង្កេត​អង្កេត​បទល្មើស​ឃាតកម្ម​