អង្គការ​អាហ្វេស៊ីប​កម្ពុ​ជា​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន​ចំនួន​២​ជា​ទឹកប្រាក់​៤០​លាន​រៀល​និង​សម្ភារ​ប្រើប្រាស់​

175
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ TSNR Distribution Co., Ltd ដែលជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់​ប្រកបដោយ​គុណភាព​ខ្ពស់ ថៃ​-​ជប៉ុន​។​ក្រុមហ៊ុន​ទាំងពីរ បាន​សហការគ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន ៤០​លាន​រៀល​និង​ស្បែកជើង​ប៉ា​តា​ថ្មី ១១១​គូ​ឱ្យទៅ​អាហ្វេស៊ីប​កម្ពុជា​ដែលជា​អង្គការ​គាំទ្រ​ស្ត្រី​និង​កុមារ​ដែល​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​និង​ការរំលោភបំពាន​នានា​ក៏ដូចជា​ផ្តល់​ការអប់រំ​និង​ផ្ដល់នូវ​ក្ដីសង្ឃឹម​ដើម្បី​សេចក្ដីសុខ​សុភមង្គល​នាពេល​អនាគត​។​

​កម្មវិធី​ប្រគល់​ទទួល​អំណោយ​សប្បុរសធម៌​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​រាជធានី​ភ្នំពេញ​។​កម្មវិធី​សប្បុរសធម៌​3L​រដូវ​កាល​ទី​៤​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ស៊ូ​គូ​ប៊ូ​ស៊ុ​គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកគាំទ្រ​FacebookPage​របស់​ស៊ូ​គូ​ប៊ូ​ស៊ុ​បានរួម​ចំណែក​ជា​ផ្នែក​មួយ​ក្នុងការ​បរិច្ចាគ ក៏ដូចជា​ចូលរួម​នូវ​សកម្មភាព​នានា ដូចជា​ការលេង​ហ្គេម​កម្សាន្ត​ការ​ទស្សនា​ភាពយន្ត ។​ជាពិសេស​គឺមាន​ឱកាស​បាន​ជួប​ជាមួយ​ភ្ញៀវកិត្តិយស​ពិសេស​គឺ​កញ្ញា​រ៉េត​ស៊ូ​ហ្សា​ណា​នៅ​រោងកុន Major សែន​សុខ​។​

​ទស្សនៈវិស័យ និង​គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌ 3L(Life.Love.Laugh)​គឺ​ដើម្បី​នាំមក​នូវ​គុណភាព​ល្អប្រសើរ​ឡើង​នៃ​ជីវិត​ដល់​សង្គម​កម្ពុជា​នាំមក​នូវ​សេចក្តីស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក​ព្រោះ​សេចក្តីស្រឡាញ់​គឺមាន​នៅ​ជុំវិញខ្លួន​យើង​ហើយ​និង​នាំមក​នូវ​ភាព​សើច​រីករាយ​មក​ឲ្យ​យើងទាំងអស់គ្នា (​ទាំង​ម្ចាស់ជំនួយ​និង​អ្នកទទួល​)៕S/