អង្គការ BRICS ពន្លះ​លើ​ការ​គាំពារ​និយម ក្នុងន័យ​ដៀមដាម​ដាក់​សហរដ្ឋ​អាម៉េរិក​

167
ចែករម្លែក

​ប្រទេស​សេដ្ឋកិច្ច​លេចធ្លោ​ជាងគេ​ចំនួន ៥ បាន​ពួតដៃគ្នា​ប្រឆាំងនឹង​ការ​គាំពារ​និយម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា ខណៈ​ពួកគេ​ប្តេជ្ញា​យកឈ្នះ​លើ “​បញ្ហាសំខាន់ៗ​” ដែល​កំពុង​ប្រឈម​នឹង​ពហុភាគី​និយម ក្នុងការ​ដៀមដាម​លើ​ពន្ធ​និង​សកម្មភាព​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាម៉េរិក​។​

​សេចក្តីប្រកាស​រួម​របស់​បណ្តា​ប្រទេស​នៃ​អង្គការ BRICS រួមមាន​ប្រេ​ស៊ី​ល​រុស្ស៊ី​ឥណ្ឌា​ចិន​និង​អាហ្វ្រិក​ខាងត្បូង​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២ នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​ប្រធានាធិបតី​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​លោក ជែ​រ បូល​សូ​ណា​រ៉ូ បាន​ប្រើ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ជាមួយ​សម​ភាគី​ចិន​លោក​ស៊ី ជីន​ពីង​។​

​លោក​បូល​សូ​ណា​រ៉ូ​បាន​អាន​សេចក្តីប្រកាស​នេះ​ដែល​ភ្ជាប់​ផងដែរ​លើ​ប្រធានបទ​ជម្លោះ​សកល​រួមមាន​ស៊ី​រី​និង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស យ៉ាង​ដូច្នេះ​ថា “​ភាព​តានតឹង​ពាណិជ្ជកម្ម​និង​ភាពមិនប្រាកដប្រជា​នៃ​គោលនយោបាយ​បាន​ជះឥទ្ធិពល​ដល់​ទំនុកចិត្ត​ពាណិជ្ជកម្ម​ការវិនិយោគ​និង​កំណើន​” នៅក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​លោក​បាន​និយាយថា “​វា​មាន​សារៈសំខាន់​ណាស់​ដែល​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងអស់​ត្រូវ​ចៀសវាង​វិធានការ​ឯកតោភាគី​និង​ការ​គាំពារ​និយម​។ យើង​សូម​រំលឹក​ឡើងវិញ​នូវ​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​ផ្អែកលើ​ច្បាប់ តម្លាភាព ការមិន​រើសអើង ការបើកចំហ​ដោយ​សេរី និង ការរាប់​បញ្ចូល​ជា​អន្តរជាតិ​។ ហើយ BRICS សូមបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ជម្នះ​រាល់​បញ្ហាសំខាន់ៗ​ដែល​កំពុង​ប្រឈម​នឹង​ពហុភាគី​និយម​”​។​

​សហរដ្ឋ​អាម៉េរិក​កំពុង​ជាប់គាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​យូរ​ជាមួយ​ចិន ខណៈ​អាម៉េរិក​ក៏​ដាក់ទណ្ឌកម្ម​លើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ​គឺ​លោ​កនី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ត្រូវបាន​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​។​

​សេចក្តីថ្លែងការណ៍​កម្រាស់ ២០ ទំព័រ​នេះ​មិនបាន​និយាយ​អំពី​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះទេ ដែលជា​បញ្ហា​មួយ​កំពុង​បែងចែក​បណ្តា​សេដ្ឋកិច្ច​លេចធ្លោ​ជាងគេ​ចំនួន​៥​នេះ ឬ ភាពចលាចល​នៅ​ទីក្រុង​ហុងកុង ដែល​លោក​ស៊ី​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កំពុង​គំរាមកំហែង​ដល់​គោលការណ៍ “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែល​គ្រប់គ្រង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​ប្រទេស​ជាង ៥០ រួមទាំង​ប្រេ​ស៊ី​ល​បានទទួល​ស្គាល់​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​ហ្វ័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​ស្តីទី​កាលពីដើម​ឆ្នាំនេះ​បន្ទាប់ពី​បដិសេធ​ការជាប់ឆ្នោត​ឡើងវិញ​របស់លោក​ម៉ា​ឌូ​រ៉ូ​ថា​ជាការ​ក្លែងបន្លំ​៕ ដោយ៖ កញ្ញាដាលីស

លោក​បូល​សូ​ណា​រ៉ូ​ចាប់ដៃ​លោក​ស៊ី​នៅមុន​កិច្ចប្រជុំ​កំពូល BRICS លើក​ទី​១១​នៅ​ទីក្រុង​ប្រា​ស៊ី​ឡា ប្រទេស​ប្រេ​ស៊ី​ល