អង្គការ IMF ព្រមាន​ថា ការដំឡើង​ពន្ធ​របស់​អាមេរិក​អាច​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន​យ៉ាងខ្លាំង​

241
ចែករម្លែក

​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​៩​សីហា​ថា សេដ្ឋកិច្ច​របស់​ចិន​កំពុង​ធ្លាក់ចុះ ចំពេល​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បន្ត​បង្កើន​ពន្ធគយ​បន្ថែមទៀត​នោះ វា​អាច​នឹង​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​របស់​ចិន​យ៉ាងខ្លាំង​។​

IMF បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ប្រទេស​ចិន​មក​នៅត្រឹម ៦,២ ភាគរយ​នៅ​ឆ្នាំនេះ ដោយ​សន្ម​ត់​ថា ពន្ធ​ថ្មី​មិនត្រូវ​បានដាក់​ចេញ​។​

IMF បានឱ្យដឹង​ក្នុង​របាយការណ៍​មួយ​ថា ប៉ុន្តែ​ពន្ធ ២៥ ភាគរយ​របស់​អាម៉េរិក​លើ​ទំនិញ​របស់​ចិន ដែល​មិនទាន់​ប្រឈម​នឹង​ការ​វាយ​ពន្ធ​នៅឡើយ​នោះ នឹង​ពន្យឺត​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំក្រោយ​។​

​ការពិនិត្យ​ឡើងវិញ​ប្រចាំឆ្នាំ​នៃ​សេដ្ឋកិច្ច​របស់​ចិន ដែល​គេ​ស្គាល់​ថា របាយការណ៍​មាត្រា ៤ ត្រូវបាន​ពិនិត្យ​ចប់​មុនពេល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប្រកាស​ផែនការ​ដំឡើង​ពន្ធ ១០ ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​។​

​ចំណាត់ការ​ថ្មី​នេះ​មានន័យថា រាល់​ផលិតផល​ទាំងអស់​មកពី​ប្រទេស​ចិន​នឹងត្រូវ​ជាប់ពន្ធ​១០​ភាគរយ​ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុងតែ​កើន​កម្តៅ​នេះ​។​

​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ដោះស្រាយ​វិបត្តិ​ពិភពលោក​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ជាថ្មី​ម្តងទៀត បាន​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​យ៉ាង​ឆាប់រហ័ស​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​នេះ ដោយ​ព្រមាន​ពី “​ការ​រាលដាល​ផល​អវិជ្ជមាន​គួរឱ្យកត់សម្គាល់​នៅ​ទូទាំង​ពិភពលោក​”​។​

​សម្រាប់​ប្រទេស​ចិន របាយការណ៍​នេះ​បាន​និយាយថា “​ការកើនឡើង​នូវ​ភាព​តានតឹង​ពាណិជ្ជកម្ម​បន្ថែមទៀត ឧទាហរណ៍​ជាក់ស្តែង ការដំឡើង​ពន្ធគយ​ដល់ ២៥ ភាគរយ​លើ​ការនាំ​ចូល​ដែល​នៅ​សេសសល់​ពី (​ប្រទេស​ចិន​) អាច​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន​ប្រហែល ០,៨ ភាគរយ​ក្នុង​រយៈពេល ១២ ខែ​បន្ទាប់​”​។​

​លោក ជេ​ម ដា​នី​ញែ​ល ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពន្ធគយ ១០ ភាគរយ ដែល​លោក​ត្រាំ​បានប្រកាស អាច​នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ចិន​ធ្លាក់ចុះ ០,៣ ពិន្ទុ នៅក្នុង​ឆ្នាំ​ខាងមុខ​។​

​ខណៈដែល​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជម្លោះ​នេះ លោក​ដា​នី​ញែ​ល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អនុសាសន៍​របស់ IMF ដល់​ប្រទេស​ចិន​ក្នុងករណី​ដែល​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន គឺ ផ្តល់​ការជំរុញ​ផ្នែក​សារពើពន្ធ​បន្ថែមទៀត​និង​អនុញ្ញាតឱ្យ​រូបិយវត្ថុ​របស់ខ្លួន​ហូរ​ដោយ​សេរី ដើម្បី “​ជួយ​ស្រូបយក​ផលប៉ះពាល់​នៃ​ពន្ធ​”​។​

​លោក​ដា​នី​ញែ​ល​បាន​និយាយថា “​ស្ថានភាព​នេះ​ត្រូវឱ្យ​មានការ​ឆ្លើយតប​មួយចំនួន​។ ប៉ុន្តែ​រូបិយវត្ថុ​ចិន​គួរ​រក្សា​ឱ្យ​នៅមាន​ភាពបត់បែន​និង​កំណត់ដោយ​ផ្អែកលើ​ទីផ្សារ ដែលមាន​ន័យ មាន​អន្តរាគមន៍​តិចជាង​មុន​”​។​

​ទោះយ៉ាងណា នៅពេល​ប៉េកាំង​អនុញ្ញាតឱ្យ​រូបិយវត្ថុ​របស់ខ្លួន​ចុះខ្សោយ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ការប្រកាស​ពន្ធ លោក​ត្រាំ​បាន​ចោទប្រកាន់​ដោយ​កំហឹង​ថា​ចិន​ជា​អ្នកកំណត់​តម្លៃ​រូបិយវត្ថុ​ខុសច្បាប់​ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម​លើ​ក្រុមហ៊ុន​អាម៉េរិក​។​

​បន្ទាប់មក ធនាគារកណ្តាល​ចិន​បានធ្វើ​អន្តរាគមន៍​ដើម្បី​ធ្វើឱ្យ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព ដើម្បី​កុំឱ្យ​វា​បន្ត​ធ្លាក់ចុះ​៕ ដោយ៖ កញ្ញាដាលីស

IMF ប្រាប់​ឱ្យ​ចិន​ព្រលែង​លុយ​យ័ន​មាន​លំហូរ​ដោយ​សេរី​ផ្អែកលើ​ទីផ្សារ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​ពន្ធ​របស់​អាម៉េរិក