អង្គការ Save the children ចង់ឱ្យ​បន្ថែម​ការវិនិយោគ​លើ​ការអប់រំ​កុមារ​ឱ្យបាន​ច្រើន​

362
ចែករម្លែក

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ដោយ​មើលឃើញ ការវិនិយោគ​ពី​សំណាក់​ស្ថាប័ន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ក្រុមគ្រួសារ ទៅលើ​ការអប់រំ​កុមារ​តូចៗ​នៅមានកម្រិត​នៅឡើយ ហេតុនេះ អង្គការ សង្គម​ស៊ីវិល ចង់​ជំរុញឱ្យមាន​ការវិនិយោគ​នេះ​ឱ្យបាន​ច្រើន​ដើម្បី​អនាគត របស់ កុមារ​ក៏ដូចជា​ធនធានមនុស្ស​ក្នុងសង្គម​នា​ថ្ងៃ​អនាគត​។​នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុយ ឃី ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​តស៊ូ​មតិ និង​គោលនយោបាយ​នៃ​អង្គការ Save the children​។​

​ប្រាប់​រស្មី​កម្ពុជា​ក្នុងពេល​ប្រារព្ធ​ខួប​លើក​ទី ១០០​ឆ្នាំ នៃ​ការកកើត​អង្គការ Save the children ក្រោម​ប្រធានបទ​«​ក្តី​ស្រ​ម៉ៃ​សម្រាប់​ថ្ងៃ​អនាគត​»​នៅ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ស្ថិតក្នុង​ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩ លោក ហ៊ុយ ឃី ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​តស៊ូ​មតិ និង​គោលនយោបាយ​នៃ​អង្គការ Save the children បានធ្វើការ​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក៏ដូចជា​អង្គការ​នានា​ត្រូវ​បន្ថែម​ការវិនិយោគ​លើ​ការអប់រំ​កុមារ​តូច​ឱ្យបាន​ច្រើន ដើម្បីឱ្យ​កុមារ​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន ទាំង​ផ្នែក​បញ្ញា ស្មារតី និង​រាងកាយ អាច​ក្លាយជា​ធនធានមនុស្ស​ស​ម្រា​ប់​គ្រួសារ និង​ប្រទេសជាតិ​នាពេល​អនាគត​។​

​លោក​ថា “​ខ្ញុំ​យល់ឃើញថា ការវិនិយោគ​លើ​វិស័យ​អប់រំ​លើ​កុមារ​ឱ្យបាន​ច្រើន​មិន​ត្រឹមតែ​ជួយ​កសាង​ដល់​សមត្ថភាព​កុមារ​ទេ ប៉ុន្តែ​វា​ជាការ​ជួយ​ដល់​ធនធានមនុស្ស ដែលជា​ប្រការ​មួយ​យ៉ាង​ល្អ​ក្នុងការ​តម្រង់ទិស​អនាគត​របស់​ពួកគេ ក៏ដូចជា​ធនធានមនុស្ស​ក្នុងសង្គម​នា​ថ្ងៃ​អនាគត​”​។​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ការរៀបចំ កម្ម វិធី​នេះ​ក្នុង​គោលបំណង​អបអរសាទរ​ខួប​១០០​ឆ្នាំ​របស់ខ្លួន​ជាមួយនឹង​បេសកកម្ម​ដើម្បី​អនាគត​កុមារ​ក្នុងប្រទេស​កម្ពុជា​។ ជាងនេះទៀត ការ​ប្រារព្ធ​ពិធី​នេះ ក៏មាន​បំណង​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច និង​តម្រូវការ​ក្នុង​ការបង្កើន​ការវិនិយោគ​លើ​កុមារ​ផងដែរ ពិសេស​កុមារ​នៅ​តំបន់​ដាច់​ស្រ​យោល​។

​លោក ហ៊ុយ ឃី បាន​បន្ថែម​ឱ្យដឹងថា ក្នុង​កម្មវិធី​ដែល​រៀបចំ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ទី ២​នេះ អង្គការ Save the children បានរៀបចំ​ទីកន្លែង​ឱ្យ​សាធារណជន ពិសេស​កុមារ​តូចៗ​អាច​ចូលរួម​គូរគំនូរ ផាត់​ពណ៌​លើ​ផ្ទាំងគំនូរ​ដើម្បី​ដាក់​បង្ហាញ​ផងដែរ​។ បន្ថែម​លើសពីនេះ ប្អូនៗ​កុមារ​អាច​ចូលទៅ​អាន​សៀវភៅ ហើយ​អាណាព្យាបាល​ក៏​អាច​ពិភាក្សា ឬ​ព្រឹក្សា​យោបល់​ជាមួយ​អ្នកជំនួញ​ពី​របៀប​បង្ហាត់បង្រៀន​កុមារ​តូច និង​ចម្ងល់​ផ្សេងៗ​ទាក់ទង​ការអប់រំ​កុមារ​បាន​ទៀតផង​។​

​ក្នុងប្រទេស​កម្ពុជា​អង្គការ Save the children បាន​បំពេញបេសកកម្ម​របស់​ខ្លួន​អស់​រយៈពេល​ជិត ៥០​ឆ្នាំ​មកហើយ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ អង្គការ Save the children បាន​ជួយ​គាំពារ​កុមារ​ចំនួន​ជាង​២១​ម៉ឺន​នាក់​តាមរយៈ​គម្រោង​រប​ស់​ខ្លួន​។​

​គួរ​បញ្ជាក់ថា​ក្នុង​កម្មវិធី​នេះ​មានការ ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​ផងដែរ​៕ ល​