អង្គការ WHO និយាយថា អំពើ​អត្តឃាត​សម្លាប់​មនុស្ស​ម្នាក់​រៀងរាល់ ៤០ វិនាទី​

156
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កញ្ញា​ថា នៅ​ទូទាំង​ពិភពលោក មនុស្សម្នា​ក់បាន​ឆក់យក​ជីវិត​ខ្លួនឯង​រៀងរាល់ ៤០ វិនាទី ហើយ​មនុស្ស​ស្លាប់​ដោយ​ការធ្វើអត្តឃាត​រៀងរាល់​ឆ្នាំ​គឺមាន​ច្រើនជាង​អ្នកស្លាប់​ក្នុង​សង្គ្រាម​ទៅទៀត​។​

WHO និយាយថា ការចងក ការផឹក​ថ្នាំពុល និង​ការបាញ់​សម្លាប់ខ្លួន គឺជា​វិធីសាស្ត្រ​ធ្វើអត្តឃាត​ទូទៅ​បំផុត ខណៈ​អង្គការ​នេះ​ជំ​រុញឱ្យ​រដ្ឋាភិបាល​អនុ​ម័ត​ផែនការ​បង្ការ​ការធ្វើអត្តឃាត​ដើម្បី​ជួយ​មនុស្ស​ដែល​កំពុង​តស៊ូ​នឹង​ភាព​តានតឹង​និង​កាត់បន្ថយ​លទ្ធភាព​ប្រើប្រាស់​មធ្យោបាយ​ធ្វើអត្តឃាត​។​

​របាយការណ៍​របស់ WHO សរសេរថា “​ការធ្វើអត្តឃាត​គឺជា​បញ្ហា​សុខភាព​សាធារណៈ​សកល​។ គ្រប់​អាយុ ភេទ និង​តំបន់​ទាំងអស់​នៅលើ​ពិភពលោក​បាន​រង​ផលប៉ះពាល់ ហើយ​ការបាត់បង់​នីមួយៗ​គឺមាន​ចំនួន​ច្រើនណាស់​”​។​

​ការធ្វើអត្តឃាត​គឺជា​មូលហេតុ​ទី​២​នៃ​ការស្លាប់​ក្នុងចំណោម​យុវជន​ដែលមាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៩ ឆ្នាំ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍ និង ក្នុងចំណោម​ក្មេងស្រី​វ័យ​ជំទង់​ដែលមាន​អាយុ​ពី ១៥ ទៅ ១៩ ឆ្នាំ វា​គឺជា​ឃាតករ​ធំ​បំផុត​ទី ២ បន្ទាប់ពី​ការស្លាប់​អំឡុងពេល​សម្រាលកូន​។​

​ចំពោះ​ក្មេងប្រុស​វ័យ​ជំទង់ ការធ្វើអត្តឃាត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​នៅ​ពីក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​និង​អំពើហិង្សា​រវាង​បុគ្គល​។​

WHO និយាយថា សរុប​ជារួម មនុស្ស​ជិត ៨០០.០០០ នាក់​បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​រៀងរាល់ឆ្នាំ គឺ​ច្រើនជាង​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ឬ​មហារីក​សុដន់​ឬ​សង្គ្រាម​ឬ​មនុស្សឃាត​ទៅទៀត​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ម្នាក់​ធ្វើអត្តឃាត​រាល់​៤០​វិនាទី​ជុំវិញ​ពិភពលោក
#