អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​

487
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ពី​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ នៅ​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរ​កាល ចាប់តាំងពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​
​ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ប្រភេទ​សេវា​ដែល​អង្គភាព​ច្រកចេញចូល​តែមួយ នឹង​ផ្ដល់ជូន​មានដូចជា ប្រភេទ​សេវា​នីត្យានុកូលកម្ម (​ការបញ្ជា​ក់លើ​ឯកសារ​ថតចម្លង​), ផ្នែក​រដ្ឋបាល និង​ក្នុង​វិស័យ​សុខាភិបាល​, វិស័យ​ទេសចរណ៍​, វិស័យ​សាធារណការ និង​ដឹកជញ្ជូន​, វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​, វិស័យ​ព័ត៌មាន​, វិស័យ​បរិស្ថាន​, វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​, វិស័យ​រ៉ែ និង​ថាមពល​, វិស័យ​ពាណិជ្ជកម្ម​, វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង​, វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ថែមថា​៖ សម្រាប់​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏ដូចជា​វិស័យ​ឯកជន ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ទទួលទាន​ផ្សេងៗ នៅ​រាជធានី​ភ្នំពេញ អញ្ជើញ​មក​ទំនាក់ទំនង​ស្នើសុំ​សេវា​រដ្ឋបាល​តាម​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​៕