ដោយ : បូកគោ / កំពត ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តនឹងចូលរួមកាត់បន្ថយការលំបាកមួយផ្នែកធំសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជននានាលើការងារសេវារដ្ឋបាលសាធារណៈ។
ថ្លែងនៅសាលប្រជុំសាលាខេត្តកំពត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត កាលពីចុងសប្តាហ៍កន្លងទៅ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតច្រកចេញចូលតែមួយរាជធានី-ខេត្តដោយផ្អែកតាមបទពិសោធន៍ ប្រសិទ្ធភាព ព្រមទាំងលទ្ធផលដែលបាន និងកំពុងអនុវត្តរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ តាមរយៈអង្គភាពនេះ ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជននានានឹងបានចំណេញច្រើន គ្មានភាពសាំញ៉ាំ ហើយប្រកបដោយតម្លាភាពទៀតផង។
លោកអគ្គនាយកបានបន្តថាពួកគាត់មិនចាំបាច់ទៅច្រើនកន្លែងទេ ពោលគឺមកកាន់សាលារាជធានី-ខេត្តតែមួយនឹងបានទទួលសេវាមិនតិចជាង២០០ប្រភេទនោះឡើយ។ មានន័យថារាជរដ្ឋាភិបាលបានព្យាយាមបង្ខិតសេវាឱ្យមកកៀកជាមួយប្រជាពលរដ្ឋតែម្តង។ ទាំងនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្តល់សេវាដែលជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយនៃកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ។
ពាក់ព័ន្ធនឹងការបង្កើតអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ខណៈពេលដែលនៅទូទាំងប្រទេសមានការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌនោះ លោកប្រាក់ សំអឿនបានមានប្រសាសន៍ថាទោះបីកន្លងមករាជរដ្ឋាភិបាលបានបង្កើតការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ដែលកំពុងដំណើរការចំនួន៥២គោលដៅនៅទូទាំងប្រទេសក្តី កិច្ចការងាររវាងច្រកចេញចូលទាំងពីរមិនជាន់គ្នាទេ ពោលគឺមានការបែងចែកច្បាស់ លាស់។ ក្នុងករណីវិសាលភាពការងារមានទំហំធំ នោះជាកិច្ចការរបស់ថ្នាក់ជាតិ ឯទំហំមធ្យមប្រគល់ជូនថ្នាក់រាជធានី-ខេត្ត។ បន្ទាប់ពីនោះគឺជាកិច្ចការរបស់ថ្នាក់ក្រុង ស្រុក ខណ្ឌ ហើយក៏អាចដល់ថ្នាក់មូលដ្ឋានទៀត ផ្អែកតាមការពិនិត្យជាក់ស្តែង។
លោកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានបញ្ជាក់ថាគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនេះគឺបានបែងចែកអំណាចរវាងថ្នាក់រដ្ឋបាលទាំងពីរ។ មានន័យថានៅថ្នាក់ជាតិគិតតែគោលនយោបាយ ឬស្តង់ដារនៃការផ្តល់សេវា។ ចំណែកថ្នាក់រាជធានី-ខេត្តជាអ្នកអនុវត្តនូវគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាច ឬប្រតិភូកម្មអំណាចទៅរាជធានី-ខេត្តនូវមុខងាអ្វីខ្លះ និងក្រុង ស្រុក ខណ្ឌមុខងារអ្វីខ្លះ។ មុខងារទាំងនោះមិនជាន់គ្នាទេ គឺមានចរឹតលក្ខណៈខុសៗគ្នា។
សូមបញ្ជាក់ថារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពតមានបើកវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តដែលមានការចូលរួមរបស់មន្ត្រីមកពីប្រាំបីរាជធានីខេត្តក្នុងគោលបំណងបង្កើនចំណេះដឹងជូនសិក្ខាកាមដើម្បីបន្តបញ្ជ្រាបដល់ប្រជាពលរដ្ឋមុននឹងឈានទៅបើកដំណើរការពេញលេញសម្រាប់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តទូទាំងប្រទេស៕B