អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប បាន​គ្រប់​ចំនួន​

1187
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា ក្រោយពី​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​ចុះឈ្មោះ​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប​នា​សម័យ​ប្រឡង( ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ )កាលពីថ្ងៃ​ទី​៤ ខែកក្កដា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ក្រុម “BacII Obs 2017-2018” និង​មក​ដាក់​ផ្ទាល់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយរួចមក នៅ​ថ្ងៃទី​១០ ខែកក្កដា អង្គភាព បាន​ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ស្ម័គ្រ​ចិត្តបាន​គ្រប់​ចំនួន​កំណត់ ។​ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​បិទ​ការទទួល​ពាក្យ ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា វេលា​ម៉ោង ២:៣០ រសៀល​តទៅ​។​

អ្នកស្ម័គ្រចិត្តដែលមកចុះឈ្មោះ

​ក្នុង​សេចក្តីជូនដំណឹង ស្តីពី ការឈប់​ទទួល​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​២០​សីហា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោតសរសើរ​ដោយស្មោះ​នូវ​ទឹកចិត្ត​ដ៏​មោះមុត​របស់​សាធារណជន ដែល​បាន​ចាប់អារម្មណ៍ ចូលរួម​ជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ក្នុង​គោល​បំ​ណ​អ​គាំទ្រ​លើ​កំណែទម្រង់​ការប្រឡង ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ នៅ​កម្ពុជា ស្របតាម​កំណែទម្រង់​ស៊ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល​។​

​ ​ទន្ទឹមនឹងនោះ អង្គភាព ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សាធារណជន​ទាំងអស់ ដែល​តែងតែ​ឆ្លើយតបបាន​ទាន់ពេលវេលា​តាម​ការអំពាវនាវ​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ ​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បាន​បើកទ្វារ​ទទួល​ចុះ​ឈ្មោះ​អ្នកមាន​បំណង​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​បាក់​ឌុប នា​សម័យ​ប្រឡង​ថ្ងៃទី​២០-២១ ខែសីហា​ខាងមុខ​។ ការចុះឈ្មោះ​នោះ បានធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​ធំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។
​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប រហូតដល់​គ្រប់​ចំនួន​កំណត់​ប្រហែល ៥.០០០ នាក់​។​

​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៩ ខែកក្កដា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា មាន​អ្នកស្ម័គ្រ​ចិត្ត​ចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ចំនួន ៧៨៥ នាក់​។​
​ជាការ​កត់សម្គាល់ ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ទី​៥​ហើយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់ពង្រាយ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប ខណៈដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​អាណត្តិ​របស់លោក ហង់​ជួន ណា​រ៉ុ​ន បាន​រឹតបន្តឹង​ការប្រឡង ទាំង​វិន័យ ទាំង​វិញ្ញាសា​ប្រឡង ដោយ​មិន​ឲ្យ​មាន​ការលួចចម្លង​ប្រ៊ី​យ៉ុង ឬក៏​សូកលុយ​គ្រូ​អនុរក្ស ចាប់តាំងពី​ឆ្នាំ​២០១៤ ក្រោម​ទិស​ស្លោក “​អ្នក​ចេះ គឺជា​ប់​”​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៨​នេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ដោយមាន​បេក្ខជន​សរុប ១១៧.០៦១ នាក់​។ នៅ​ទូទាំងប្រទេស មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦ បន្ទប់​។ ក្រសួង​អប់រំ នឹង​ប្រើប្រាស់​គ្រូមេ​ប្រយោគ និង​អនុរក្ស​សរុប​ចំនួន​ជាង ៣១.០០០ នាក់​។​
​ ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​។ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ នឹង​ចំណាយ​ថវិកាជាតិ​ជិត ៥ លាន​ដុល្លារ​អាមេរិក​៕MN