អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ករណី​មេ​ប៉េអឹម​ខេត្ត​រតនគីរី​

556
ចែករម្លែក
  • 1.8K
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ការស៊ើបអង្កេត​ស្រាវ​ជ្រាវ​ករណី​អតីត​មេ​ប៉េអឹម​ខេត្ត​រតនគីរី​ហើយ ប៉ុន្តែ​ពាក់ព័ន្ធ​ករណី​អ្វី​ពិតប្រាកដ​នោះ គឺ​នៅ​មិនទាន់បាន​បង្ហាញ​នៅឡើយ​ទេ​។ ការស៊ើបអង្កេត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញថា លោក​បាន​ចែក​កាដូ​ជា​សែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន​ប្រាំ​នាក់ ដោយ​ក្នុង​ម្នាក់ ១០​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត​ប្រពន្ធ​របស់លោក ក្នុងអំឡុង​ចូលឆ្នាំ​ចិន​កន្លងទៅនេះ​។​

លោក គឹម រស្មី(ខាងឆ្វេង)និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​ថា​ករណី​លោក​គីម​រស្មី​អតីត​មេបញ្ជាការ​កងរាជ​នអាវុធហត្ថ​ខេត្ត​រតនគីរី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងតែ​ដំណើរការ​ស៊ើបអង្កេត​ហើយ​។​ប៉ុន្តែ​ពាក់ព័ន្ធ​ករណី​អ្វី​នោះ​លោក​នៅ​មិនទាន់​អាច​ប្រាប់​បានទេ​ដោយសារតែ​មិនទាន់​បញ្ចប់​ការស៊ើបអង្កេត​នៅឡើយ​។​

លោក​បាន​បញ្ជាក់ថា “​យើងខ្ញុំ​មិនទាន់​បញ្ចប់​ការស៊ើបអង្កេត​ទេ​។​បើ​និយាយ ពី​បញ្ហា​មាន ឬ​មិនមាន វា​លឿន​ពេក​។ ប៉ុន្តែ​សូមបញ្ជាក់​ជូន​ថា យើង​បាន​ស៊ើបអង្កេត​ហើយ​”​។
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បន្តថា ចំពោះ​ការស៊ើបអង្កេត​មុន ឬ​ក្រោយ រឿង​លោក​គីម រស្មី ធ្វើ​ខួបកំណើត​ប្រកាស​ឲ្យ​លុយ​កូន​គាត់​៥​នាក់ ក្នុង​ម្នាក់ ១០​ម៉ឺន​ដុល្លារ គឺ​លោក​សុំ​រក្សា​សិទ្ធិ ពីព្រោះ​វា​ជាការ​សម្ងាត់​នៃ​ការស៊ើបអង្កេត​ទាក់ទង​រឿង​ពេលវេលា បានន័យថា “​យើង​មិនមែនជា​កុក​ទេ យើង​ជា​ជុច​”​។​

​សូមជម្រាបថា ត្រូវ​បានចេញ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ត្រាស់បង្គាប់​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​
​ទាក់ទង​ករណីនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការ​លុបឈ្មោះ​ខាងលើនេះ​ថា ជាការ​វះកាត់​ប្រកបដោយ​ការឈឺចាប់​។ «​នេះ​ជា​អភិក្រម​ទី​៥ គឺ​ការវះកាត់​»៕​សរន

#