អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​សាកសួរ​ប៉ូលិស​បីនាក់​រឿង​រត់ការ​ដោះលែង​ក្រុម​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​១៨​នាក់​

1693
ចែករម្លែក

ដោយ​: មុនី​រ័ត្ន + ស​រិ​ទ្ធ​
​ភ្នំពេញ​:
នៅ​ទីបំផុត​តុលាការ​បានសម្រេច​ប្រគល់​មន្ត្រីប៉ូលិស​ចំនួន ៣​នាក់ ក្នុងនោះ​មាន​អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ​ម្នាក់ ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចាត់ការ​បន្ត ក្នុងការ​ស្រាវជ្រាវ​រក​មន្ត្រីប៉ូលិស​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​រឿង​យកលុយ ៤​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​សូក​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ក្រុម​ចាប់​ជម្រិត​ជនជាតិ​ចិន​ចំនួន ១៨​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែកក្កដា ថា មន្ដ្រីនគរបាល​ចំនួន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ រឿង​អន្ដរាគមន៍​ដោះលែង​ជនជាតិ​ចិន ចំនួន​១៨​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​
​នៅក្នុង​ដំណាក់កាល​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​សារភាព​នូវ​ទង្វើ​របស់​ខ្លួន​ដែល​បាន​យកលុយ ៤​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​សូកប៉ាន់​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ជនជាតិ​ចិន​ទាំង​១៨​នាក់​។​

​មន្ត្រីប៉ូលិស​ដែល​ចាប់ខ្លួន​មានដូចជាៈ ១. ឈ្មោះ សឿ ស៊ីថា ភេទ​ប្រុស អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។ ២. ឈ្មោះ រ​ត្ឋ័ ពិន ភេទ​ប្រុស មន្ត្រី​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។ ៣. ឈ្មោះ វណ្ណ សុភាព មន្ត្រី​ការិយាល័យ​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ចំណែក​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែ​កក​ក្កដា ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងតែធ្វើការ​ស្តាប់​ចម្លើយ បើសិនជា​ស្តាប់​ចម្លើយ​ទៅ​ឃើញ​វា​មាន​មូលដ្ឋាន​គ្រប់គ្រាន់ នឹង​ប្រកាស​ឃាត់ខ្លួន​គាត់ ហើយ​ជូនដំណឹង ហើយ​ជូនដំនឹង​ទៅ​ព្រះរាជអាជ្ញា​។ ដោយ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​មន្ត្រីនគរបាល​ទាំងបី​នាក់ សុទ្ធតែ​ប្រកែក​ច្រើន បដិសេធ​ជាច្រើន ហើយ​យើងខ្ញុំ​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​ប្រមូល​ភស្តុតាង​ផ្សេងៗ​ទៀត ក្រៅពី​ខាង​នគរបាល​ដែលមាន ហើយ​បើសិនជា​ឃើញថា វា​សមល្មម​ដើម្បី​ឃាត់ខ្លួន​ហើយ យើង​ធ្វើការ​ឃាត់ខ្លួន​ហើយ យើង​ត្រូវធ្វើ​ការឃាត់ខ្លួន​នៅពេល​ល្ងាច​នេះ យើងខ្ញុំ​កំពុង​បន្ត មិនទាន់​ឃាត់ខ្លួន​គាត់​នៅឡើយ​ទេ ដោយ​កំពុង​ស្តាប់​ចម្លើយ​”​។​

​ជនជាតិ​ចិន​ទាំង​១៨​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ដី​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។

​មន្ត្រីប៉ូលិស​ទាំង​៣​រូប ដែល​ចាប់ខ្លួន គឺ​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​នៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩៕