អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់ថា ឈ្មោះ ទេព ធី​រិ​ទ្ធ ជា​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ បាន​ប្រព្រឹត្ត​បទល្មើស​វីតិក្រម តែ​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថា ឈ្មោះ​នេះ​ជា​អតីត​ក្រឡាបញ្ជី​

155
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​ ៖​ ជាថ្មី​ម្តងទៀត អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បញ្ជាក់​យ៉ាងច្បាស់​ថា “​ករណី​វីតិក្រម​ប្រព្រឹត្ត​ដោយ​ឈ្មោះ ទេព ធី​រិ​ទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជី​រូបនេះ​កំពុង​ស្ថិតនៅ​ក្របខ័ណ្ឌ​សាលាឧទ្ធរណ៍ មិនមែន​អតីត​ក្រឡាបញ្ជី​ដូច​ការផ្សាយ​មួយចំនួន​នោះទេ​” ។ នេះ​បើ​យោងតាម​សេចក្តីជូន ដំណឹង ស្តីពី “​កិច្ចប្រជុំ​លើក​ទី​៤៨ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើ ពុក រលួយ​” ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា នេះ ។​

​កន្លងមក អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់​តាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ឈ្មោះ ទេព ធី​រិ​ទ្ធ ជា​អតីត​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ដោយបាន​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ មកម្ល៉េះ ហើយ​ឈ្មោះ​នេះ​នៅតែ​ឆ្លៀត​យក​តួនាទី​ជា​ក្រឡាបញ្ជី​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ។​

​ទោះបីយ៉ាងណា សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​ឈ្មោះ ទេព ធី​រិ​ទ្ធ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ បញ្ជូនមក​តុលាការ។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុន ពៅ សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ទេព ធី​រិ​ទ្ធ តែ​ដាក់អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ពីបទ “​វិ​តិ​ក្រម​” ។​

​យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា មាត្រា​៥៩២ វីតិក្រម គឺជា​អំពើ​របស់​អ្នករាជការ​សាធារណៈ ឬ ពលរដ្ឋ​ទទួល​អា​ណិ​ត្ត សាធារណៈ​ដោយ​ការបោះឆ្នោត ដែល ៖
១-​ទាមទារ ឬ ទទួល ជា​សិទ្ធិ ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បានដឹងថា​មិនត្រូវ​បង់ ឬ ដែល​លើសពី​ចំនួន​ដែល​គេ​ត្រូវ​បង់​។​
២-​យល់ព្រម​ក្រោមរូបភាព​ណា​មួ​ួ​យ និង​ដោយ​មូលហេតុ​ណាមួយ​ក៏ដោយ ធ្វើការ​លើកលែង ឬ ការ​លោះ​លា​ចំពោះ​ការបង់ពន្ធ ឬ អាករ​ដែល​ខ្លួន​ដឹងថា​ខុសច្បាប់​។​

​ទោស​ដែល​ត្រូវអនុវត្ត មាត្រា​៥៩៣ បទ​វីតិក្រម ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ៕​B/