អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​កំហុសឆ្គង​របស់​នាយក​ស្តីទី​សាលា​មិត្តភាព​បាន​ត្រឹម​ព្រមាន​

1046
ចែករម្លែក
  • 209
    Shares
សាលាបឋមសិក្សា​មិត្តភាព (​រូប​៖ គ្រញូង​)​

បាត់ដំបង​៖ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្រតិភូ​មួយចំនួន បាន​ចុះមក​សាលាបឋមសិក្សា​មិត្តភាព ស្ថិតក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដើម្បី​ស្រាវជ្រាវ​រក​កំហុសឆ្គង​របស់លោក​សោម សុវត្ថិ នាយក​ស្តីទី​សាលា​មិត្តភាព​តាម​ពាក្យបណ្តឹង​របស់​បុគ្គលិក និង​លោកគ្រូ អ្នកគ្រូ​ហើយ​រកឃើញថា មានការ​ប្រព្រឹត្ត​ខុសឆ្គង​ពិតមែន ដោយ​លោកនាយក​ស្តីទី​រូបនេះ ក៏បាន​សារភាព​ដែរ ប៉ុន្តែ​បាន​ត្រឹម​ធ្វើការ​ព្រមាន​តែប៉ុណ្ណោះ​។​

​ប្រភពពី​បុគ្គលិក​និង​លោកគ្រូ អ្នកគ្រូ​មួយចំនួន​បាន​ឲ្យ​ដឹងថា កន្លងមក​សាលាបឋមសិក្សា​មិត្តភាព​នេះ ពេល​គ្រប់គ្រង​ដោយ​លោកស្រី​នាយិកា​ម្នាក់ ក៏មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​បង្កើត​ឈ្មោះ​សិស្ស​ខ្មោច​នៅ​គ្រប់​កម្រិត​ថ្នាក់ កេងប្រវ័ញ្ច​ថវិកា​PB និង​និយម​បក្ខពួក អត្តនោម័ត​មិន​ស្តាប់​ការជួយ​ឲ្យ​ផ្តល់យោបល់​របស់​ថ្នាក់ក្រោម មិនចេះ​ដឹកនាំ​ការងារ​ជាហេតុ​ធ្វើ​ឲ្យ​បុគ្គលិក និង​លោកគ្រូ អ្នកគ្រូ​ក្នុង​សាលា​នេះ នាំគ្នា​ធ្វើ​ពាក្យ​ប្តឹងទៅ​ក្រសួង​អប់រំ មន្ទី​អប់រំ​ខេត្ត និង​ការិយាល័យ​អប់រំ​ក្រុង ហើយ​បាន​ឯកភាព​ដក​នាយិកា​រូបនេះ យកទៅ​បញ្ឈរជើង​នៅ​ការិយាល័យ​អប់រំ​ក្រុង​ហើយ​ដាក់​លោក​សោម សុវត្ថិ ជា​នាយក​ស្តីទី​ជំនួស​។​

​ក្រោយ​ទទួលបាន​តួនាទី​ជានា​យក​ស្តីទី​រួចមក លោកនាយក​រូបនេះ បាន​ដើរ​តាម​គន្លង​ចាស់​របស់​លោកស្រី​នាយិកា ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកា​PB បង្កើត​ឈ្មោះ​សិស្ស​ខ្មោច នៅ​គ្រប់​កម្រិត​ថ្នាក់ ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​ខ្មោច​ពី​៣​ទៅ​១០​នាក់ បង្កើត​បក្ខពួក ធ្វើ​អ្វីៗ​អត្តនោម័ត​មិន​ស្តាប់​ការផ្តល់​យោបល់​ពី​អ្នកដទៃ ប៉ែង​ជើង​គ្នា បែកបាក់​សាមគ្គី​ផ្ទៃក្នុង​។ ហេតុនេះហើយ ទើប​បុគ្គលិក និង​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​ផ្តិតមេដៃ​ប្តឹង​លោកនាយក​ស្តីទី​ទៅ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ និង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជួយ​អន្តរាគមន៍ និង​ទប់ស្កាត់​សកម្មភាព​ទាំងអស់​ជាបន្ទាន់​។ លុះ​នៅ​ថ្ងៃទី​២៥​ខែកក្កដា​កន្លងទៅ ស្រាប់​តែមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន បាន​ចុះមក​សាលាបឋមសិក្សា​មិត្តភាព ហើយ​ធ្វើការ​ស្រាវជ្រាវ និង​រកឃើញ​កំហុសឆ្គង​របស់លោក​នាយ​ក​ស្តីទី​សាលាបឋមសិក្សា​មិត្តភាព​ជាច្រើន​ចំណុច ព្រមទាំង​មានការ​សារភាព​កំហុស​ពី​លោកនាយក​ស្តីទី​នេះ ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។​

​ក្រោយពេល​រកឃើញ​កំហុសឆ្គង​របស់លោក សោម សុវត្ថិ នាយក​ស្តីទី​សាលា​មិត្តភាព​រួចមក​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្រាន់តែ​ធ្វើការ​ព្រមាន ចំពោះ​លោកនាយក​រូបនេះ ឲ្យ​បញ្ឈប់​នូវ​អំពើ​ខុសឆ្គង​តទៅទៀត ហើយ​ត្រូវ​កែខ្លួន​ចាប់ពីពេលនេះ​តទៅ​។ បើ​លើក​ក្រោយ​មាន​ពាក្យបណ្តឹង​ទៀត​នោះ លោក​នឹង​ចាត់ការ​តាមច្បាប់​ព្រហ្មទណ្ឌ​ជាមិនខាន​។​

​ចំពោះ​ចំណាត់ការ​របស់លោក​ទេសរដ្ឋមន្ត្រី មកលើ​លោកនាយក​សាលា​ស្តីទី ហាក់ដូច​ជាមាន​ភាពលំអៀង​ពី​លោកស្រី​នាយិកា​មុន ដែល​រកឃើញ​មាន​កំហុសឆ្គង​តិចជាង​លោកនាយក​ស្តីទី​ផង គឺ​ត្រូវ​ដាក់វិន័យ​ដោយ​ដក​មក​បញ្ឈរជើង​នៅ​ការិយាល័យ​ក្រុង​បាត់ដំបង ឯ​លោកនាយក​រូបនេះ បែរជា​ធ្វើការ​ព្រមាន​ទៅវិញ​៕ ដោយ​៖ គ្រញូង​