អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​លោក​ផ្កាយ​ពីរ យឹម ឡា​លី បំភ្លឺ​រឿង​យកលុយ​២​ម៉ឺន​ដុល្លារ​ពី​កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ​

629
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានស្នើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យឹម​ឡា​លី​ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ បំភ្លឺ​លើ​ករណី​ចុះ​ធ្វើ​អធិការកិច្ច​នៅកាស៊ី​ណូ ស៊ី​ង ឈឹង ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ការទទួល​លុយ ២​ម៉ឺន​ដុល្លារ​ពី​តំណាង​កាស៊ីណូ​។ នេះ​បើ​យោងតាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​រស្មី​កម្ពុជា​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សូម​អាន​លិខិត​របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឲ្យ​លោក​ផ្កាយ​ពីរ យឹម ឡា​លី បំភ្លឺ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​នឹង​ពិនិត្យ​លើ​ពាក្យបណ្ដឹង​ ​ដែល​ប្ដឹង​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ដល់ទី​តាំង​កាស៊ីណូ ស៊ី​ង ឈឹង ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ ។ ក្នុងពេល​ត្រួតពិនិត្យ​នោះ​ក្រុមការងារ​អធិការកិច្ច​បានធ្វើការ​ផាកពិន័យ​ជនបរទេស​គ្មាន​ប័ណ្ណ​ការងារ​សរុប​ចំនួន​៥៧​ក្បាល (៥៧​នាក់ គុណ ១២៥​ដុល្លារ = ៧១២៥​ដុល្លារ​។ ហើយក៏​មានការ​ផាកពិន័យ​ចំនួន​បី​ចំណុច ទៅលើ​សេចក្តីប្រកាស​ជូនដំណឹង ស្ដីពី​បុគ្គលិក សេចក្តីជូនដំណឹង​ស្ដីពី​ចលនា​បុគ្គលិក និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស (១៦៨០​ដុល្លារ​) ប៉ុន្តែ​លោក​បានទទួល​ថវិកា ចំនួន​២​ម៉ឺន​ដុល្លារ​ពី​តំណាង​កាស៊ីណូ​ដែល​លើសពី​ថវិកា​ផាកពិន័យរ​ហី​តដល់​ចំនួន ១១.១៩៥​ដុល្លារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី​ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​សរន​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី​ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ (រូបថតប៉ូលិស)