អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​ចិន​» នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​

205
ចែករម្លែក

ដោយ:វិបុល/​ភ្នំពេញ​ ៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ផៃ ស៊ី​ផាន នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​ចិន​» នៅវេលា​ម៉ោង​៩៖៣០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់​ផ្ទាល់​ដី​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​អ្នក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ បានឱ្យដឹងថា សន្និសីទ​សារព័ត៌មាន​នេះ គឺមាន​ទិសដៅ និង​គោលបំណង​ពង្រឹង​ការយល់ដឹង​ដល់​សាធារណជន​ពី​ការប្រឹងប្រែង របស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​វិស័យ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ចិន​នេះ​។​

​ដោយឡែក​បើតាម​សេចក្ដីប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ដើម្បី​សម្រេច​ឈានដល់​កុង​សុង​ស៊ី​ស​ចម្បង​នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន និង​កម្ពុជា ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តីអំពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន និង​កម្ពុជា ក្នុង​រដ្ឋធានី​ប៉េកាំង ថ្ងៃទី​៣ ខែធ្នូ នាពេល​ខាងមុខនេះ​។ នេះ​ជាការ​រៀបចំ​ដ៏​ពិ​សេសមួយ​នៃ​ភាគី​ចិន ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​កម្ពុជា​។ ពេលមុន​នេះ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច ដើម្បី​ជម្រុញ​កិច្ច​ការដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​។​

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេចបាន​ទឹកប្រាក់ ៧,៤០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​១,៣៧៧​លាន​ដុល្លារ​អាមេរិក កើនឡើង​៣៧% និង​នាំចូល​មាន​ទំហំ​ទឹកប្រាក់ ៦,០០០​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ២៦%​។ ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត គឺ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១០​ប៊ី​លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០២៣៕​B/