អង្គ​ការ​អភិរក្ស​សត្វព្រៃ​អំ​នាវ​នាវ​ឲ្យ​ចូលរួម​ការពារ​សត្វ​ខ្លាធំ​ដែល​កំពុង​សេសសល់​តិចតួច​

1856
ចែករម្លែក

ភ្នំពេញៈ​អង្គការ​WWF​បាន​បញ្ជាក់ថា​អន្ទាក់​កំពុងតែ​បំ​ផ្លិ​ច​បំផ្លាញ​ជីវិត​សត្វព្រៃ​ក្នុង​តំបន់​អាស៊ី​និង​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វ​ខ្លាធំ​ជាច្រើន​ទសវត្សរ៍​កន្លងទៅ​។​ទន្ទឹមនឹង​ការ​ប្រារព្ធ​ទិវា​សត្វ​ខ្លាធំ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​នេះដែរ​អង្គការ​WWFបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ដែលជា​ប្រទេស​ដែលមាន​វត្តមាន​សត្វ​ខ្លាធំ​ទាំងអស់​ជួយ​ពង្រឹង​នូវ​កិច្ច​ប្រយុទ្ធប្រឆាំង​និង​ការ​បរបាញ់​និង​បញ្ឈប់​នូវ​ការដាក់​អន្ទាក់​សត្វព្រៃ​ដែល​កំពុងតែ​គំរាមកំហែង​ដល់​ជីវិត​សត្វព្រៃ​នៅ​ទូទាំង​តំបន់​អាស៊ី​ជាពិសេស​គឺ​ដល់​ជីវិត​សត្វ​ខ្លាធំ​ដែល​នៅ​សេសសល់​ប្រមាណ​​៣៩០០​ក្បាល​តែ​ប៉ុ​ណ្ណាះ​ក្នុង​សកលលោក​។

សត្វខ្លាធំ(រូបWWF)

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នា​ថ្ងៃ​ដដែល​នេះដែរ​អង្គការ​WWF​បាន​បញ្ជាក់ថា​ក្នុងប្រទេស​កម្ពុជា ជីវិតសត្វព្រៃ​សំខាន់ៗ​ដូចជា​គោព្រៃ​និង​ខ្លាធំ​ត្រូវបាន​បញ្ចប់​ដោយ​ការ​ប្រ​ម៉ាញ់​យ៉ាង​ខ្លាំងខ្លា​។ ការ​ប្រមាញ់​នៅក្នុង​តំបន់អាស៊ី​ភាគច្រើន​ជា​ទម្រង់​នៃ​ការដាក់​អន្ទាក់​ធ្វើ​ពី​ខ្សែលួស​ដែល​វា​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​។​អន្ទាក់​ដែល​កែឆ្នៃ​ឡើង​ដោយ​វត្ថុ​សាមញ្ញ​ដូចជា​ខ្សែ​ហ្វ្រាំង​កង់​ងាយស្រួល​នឹងដាក់​ប៉ុន្តែ​វា​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃ​ទាំងមូល​នៅក្នុង​តំបន់​អាស៊ី​ទទួលការគំរាមកំហែង​យ៉ាងខ្លាំង​។

​ប្រភព​ដដែល​បន្តថា ក្នុងករណី​តិច​ណាស់​ដែល​ខ្លាធំ​អាច​គេចផុត​ជីវិត​រួច​ពី​អន្ទាក់ ព្រោះ​វា​ទទួលរង​នូវ​របួស​ដែល​ធ្វើ អោយ​វា​មិនអាច​រក​ចំណី​បាន ហើយ​នៅ​ទីបញ្ចប់​វា​ក៏ត្រូវ​ស្លាប់​ដោយសារតែ​ដាច់ពោះ​អត់​ចំណី រឺដោយសារតែ​ការឆ្លង​រាលដាល​មេរោគ​ដែល​បណ្តាលមកពី​របួស​នោះ​។ ​ប្រភព​​បន្ថែមថា​ចំនួន​អន្ទាក់​ដែល​បាន​ដោះ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​តែមួយ​តំបន់​ប៉ុណ្ណោះ បាន​កើនឡើង​ចំនួន​៥​ដង​ពី​ក្នុង​ចន្លោះ​ឆ្នាំ​២០១៤​និង​២០១៦​។​ដោយសារតែ​តម្រូវការ​សាច់សត្វ​ព្រៃ​និង​ផលិតផល​សត្វព្រៃ​មានការកើនឡើង​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​អន្ទាក់​កំពុងតែ​ទន្ទ្រាន​យ៉ាងខ្លាំង​ដល់​ជីវិត​សត្វព្រៃ​ក្នុងប្រទេសកម្ពុជា​រួមទាំង​ជីវិត​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​មួយចំនួន​ដូចជា ខ្លារខិន ដំរី​អាស៊ី រមាំង និង​ទន្សា​ង​។

“​អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​ដែល​ឆក់យក​ជីវិត​សត្វព្រៃ​និង​កំពុងតែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​សត្វព្រៃ​ដែលមាន​ការយក​ចាត់ទុក​ដាក់​ខ្ពស់​របស់​ពិភពលោក​ទាំងមូល​។​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​អតិ​ថិ​ជន​ទាំងអស់​ឲ្យ​បញ្ឈប់​ការទិញ​សាច់សត្វ​ព្រៃ​ជាបន្ទាន់​និង​សូម​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធិភាព​អ្នក​ដែល​ដាក់​អន្ទ្រាក់​នៅក្នុង​ព្រៃ​ការពារ​” ។​នេះ​ជាការ​បញ្ជា​ក់លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា ។​

“​ការ​ដោះ​អន្ទាក់​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។​ឧ​ទ្យា​នុ​រក្ស​ដែល​ធ្វើការ​នៅក្នុង​ព្រៃ​ផ្ទាល់​ត្រូវតែ​ត្រូវ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ទាំង​ផ្នែក​ធនធាន​និង​ផ្នែក​ច្បាប់​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ អ្នក​ប្រ​ម៉ាញ់​ខុសច្បាប់ រួមទាំង​អ្នក​ដាក់អន្ទាក់​។​” នេះ​ជាការ​បញ្ជាក់​របស់ លោក រ៉ូ​ហ៊ី​ត ស៊ី​ង ដែលជា​អ្នកជំនាញ​ខាង​ផ្នែក​អនុវត្ត​ច្បាប់​សត្វព្រៃ របស់​អង្គការ​WWF ។ លោក​ក៏បាន​បន្ថែមទៀតថា លើសពីនេះទៅទៀត​សហគមន៍​ក្នុង​តំបន់​ត្រូវតែ​បានទទួល​ស្គាល់​និង
​លើកទឹកចិត្ត​អោយទៅជា​ដៃគូ​អភិរក្ស​មួយ​យ៉ាងសំខាន់​ផងដែរ​។​ការអភិរក្ស​ជីវចម្រុះ​គឺជា​ប្រ​យោ​ជ​ន៏​សំរាប់​សត្វព្រៃ​និង​មនុស្ស​ហើយ​សហគមន៍​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុម​ល្បាត​សហគមន៍​ក្នុង​តំបន់​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ការជួញដូរ​សត្វព្រៃ​ដោយសារតែ​ពួកគាត់​ជួយ​ដល់​ឧ​ទ្យា​នុ​រក្ស​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ល្បាត​ប្រឆាំង​និង​ការ​បរបាញ់ ធ្វើការ​ស្រាវជ្រាវ​ពី​ចំនួន​សត្វព្រៃ និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់ប្រជា​សហគមន៍​ក្នុងតំបន់​។ កាលពីដើម​ឆ្នាំនេះ ក្រុម​ល្បាត​សហគមន៍​និង​ឧ​ទ្យា​នុ​រក្ស​របស់ រាជរដ្ឋាភិបាល​បាន​ចូលរួម​វគ្គ
​បំពាក់បំប៉ន​រួមគ្នា​ធ្វើឡើង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​រៀបចំ​ដោយ​អង្គការ WWF កម្ពុជា​។

​ដោយសារតែ​អន្ទាក់​ជា​បញ្ហា​ចម្បង​នៅ​ទូទាំង​តំបន់​អាស៊ី អង្គការ​អភិរក្ស​និង​ដៃគូ​ជាច្រើន​បាន អំពាវនាវ​អោយមាន​ចំណាត់​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។
កាលពី​ខែឧសភា​កន្លងទៅ អង្គការ​WWF និង​ស្រា​បៀ​ថៃ​ហ្គ័​រ បាន​បើក​យុទ្ធនាការ​ដែលមាន​ឈ្មោះថា 3890Tigers ដើម្បី​ទាញ​ចំណាប់អារម្មណ៍​អោយ​ប្រជាជន​យល់ដឹង​ពី​ស្ថានភាព​របស់​សត្វ​ខ្លាធំ​។ តាមរយៈ​យុទ្ធនាការ​តាម​ប្រព័ន្ធឌីជីថល​ដោយ​ប្រើប្រាស់​សិល្បៈ​គំនូរ​ដើម្បី​ជំរុញ អោយ​ប្រជាជន​ចូលរួម​ប្រឆាំង​និង​ការជួញដូរ​សត្វ​ខ្លាធំ​ខុសច្បាប់ បានទទួល​បាន​ចំនួន​អ្នក​ប្តេជ្ញាចិត្ត​ចំនួន ២៥.០០០​នាក់​។ អង្គការ​WWF​ក៏បាន​ប្រារព្ធ​កម្មវិធី​ជា​សាធារណៈ​មួយ​ក្នុងទិវា​សត្វ​ខ្លាធំ​នេះដែរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា​នេះ​ដោយមាន​ការតាំងពិព័រណ៍​គំនូរសត្វព្រៃ​, គំនូរ​3D និង​មានការ​សំដែង​ពី​តារាចំរៀង​ល្បីៗ​ប្រចាំ​ប្រទេស កម្ពុជា និង​កម្មវិធី​ដ៏​អស្ចារ្យ​ជាច្រើន​។​

សត្វខ្លាធំ(រូបWWF)

​គួរ​បញ្ជាក់ថា​អង្គការ​WWF​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥​ដែលជា​ផ្នែក​មួយ​នៃ​អង្គការ​WWF​ក្នុង​មហា​តំបន់​ទន្លេមេគង្គ​។ បេសកកម្ម​របស់​អង្គការ​WWF គឺ​ធានា​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​មនុស្ស​គ្រប់រូប​ដើម្បី​ធ្វើការ​អភិរក្ស​នូវ​ជីវចម្រុះ​ដ៏​សម្បូរបែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អង្គការ​WWF-​កម្ពុជា នឹង​ជំរុញ​ឲ្យមានឱកាស​ថ្មីៗ​ជាច្រើន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រប​ស់​នៅ​របស់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​ព័ត៌មាន​លំអិត​អំពី​អង្គការ​នេះ​អាច​ទៅកាន់​គេហទំព័រ​របស់​អង្គការ WWF-​កម្ពុជា cambodia.panda.org៕ដោយៈបញ្ញាសាស្រ្ត