អាជ្ញាធ​ខេត្តពោធិសាត់​គ្រោង​សម្បទាន​ដី​សង្គមកិច្ច​ចំនួន​ជា​៥​ពាន់​ហិកតា ទុក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី​

2028
ចែករម្លែក

ដោយ​: ពស​
​ពោធិសាត់​:
អាជ្ញាធ​ខេត្តពោធិសាត់​គ្រោង​សម្បទាន​ដី​ចំនួន​៥,៤០១​ហិកតា ដែលមាន​នៅក្នុង​ឃុំ​ពីរ​របស់​ស្រុក​ក្រគរ គឺ​ឃុំ​អ​ន្សា​ចំបក់ និង​ឃុំ​ត្នោតជុំ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ដីធ្លី​។​

ការប្រកាស​ឲ្យ​ដឹង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​សាលាស្រុក​ក្រគរ ដោយមាន​ការដឹកនាំ​កិច្ចប្រជុំ​នេះ​ពី​សំណាក់​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ស្តីពី​ការធ្វើ​អត្តសញ្ញាណ​កម្ម​ដី​រដ្ឋ ដែលមាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា (​សជណ​) ក្នុង​គោលបំណង​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច សម្រាប់​ប្រជា​ពល​ដ្ឋ​ក្រីក្រ​។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក​កិច្ចការ​ដីធ្លី ក្រុមការងារ​ចុះជួយ​ស្រុក ឃុំ លោក​ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សុរិយោដី​ខេត្ត គណៈ​អភិបាលស្រុក អជ្ញាធ​ឃុំ​និង​ភាគី​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

​លោក ម៉ៅ ធនិន បាន​ថ្លែង​ណែនាំ​ដល់​ក្រុមការងារ ត្រូវ​ចុះ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​អាជ្ញាធរ ឃុំ ស្រុក ដែលមាន​ការពាក់ព័ន្ធ ជួយ​រក្សាទុក​ដី​នេះ​ឲ្យ​បាន​គង់វង្ស និង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅ​កាប់​ទន្ទ្រាន​ជាដាច់ខាត​។ លើសពីនេះទៅទៀត ចំពោះ​អ្នកចូលរួម​ឃុបឃិត និង​អ្នក​ចូលទៅ​កាប់​ទន្ទ្រាន​ដី​ថ្មី ត្រូវមាន​វិធានការ​ជាបន្ទាន់ ដោយ​គ្មាន​ការលើកលែង​។​

​លោក​អភិបាលខេត្ត​ក៏បាន​ចុះទៅ​ដល់ទី​តាំង​ដី​ជាក់ស្តែង នៅលើ​គោលដៅ​ដី​នីមួយៗ ដើម្បី​ពិនិត្យ និង​ផ្តល់​គោលការណ៍​អនុវត្ត​ទាំង​ផ្លូវច្បាប់ និង​ផ្លូវ​បច្ចេកទេស លើ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ដី ដោយមាន​ការបោះបង្គោល ឈូសឆាយ​កំណត់​ព្រំ និង​ឆ្វៀល​ដី​ផលប៉ះពាល់ រួមទាំង​ដាក់​ផែនការ​យ៉ាង​តឹងរឹង លើ​មុខសញ្ញា​រុករាន​ដី​ថ្មី​៕ ល​