អញ្ជើញ​អ្នកបច្ចេកទេស​ជំនាញ​JICA​នឹង​អន្តរក្រសួង​មក​ប្រាប់​ពី​ការងារ​ធំៗ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩

440
ចែករម្លែក

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​និង​សមាហរណកម្ម​ក្នុង​តំបន់​(IRITWG)​។​ដោយមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​តំណាង​ទីភ្នាក់ងារ​JICA​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​គម្រោង​កំពុង​សាងសង់​និង​គម្រោង​នាពេល​អនាគត​នៅ​កម្ពុជា​។

​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​លើកកម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​កិច្ចសម្របសម្រួល​និង​ការចែករំលែក​ព័ត៌មាន​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្រសួង​រ៉ែ​និង​ថាមពល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទីភ្នាក់ងារ​JICA និង​តំណាង​ដៃគូ អភិវឌ្ឍន៍​នានា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​គម្រោង​សម្រេចបាន និង​កំពុង​បន្តធ្វើ​សំខាន់ៗ ដែល​ក្នុងនោះ រួមមាន​៖ ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​រថយន្ត​ធុន​ធ្ងន់ យុទ្ធនាការ ជិះ​កង់​មើលផ្លូវ ។

​គម្រោង​ពង្រីក​និង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦​ពី​ខេត្តសៀមរាប​ទៅ​ប៉ោយប៉ែត​។ ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៤៨ ផ្លូវជាតិ​លេខ​៥៥​ពោធិ៍សាត់​ទៅ​ថ្មដា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​និង​គម្រោង​ផ្លូវ​ពី​បាត់ដំបង​ទៅ​កោះកុង​ប្រវែង​១៩៧​គីឡូម៉ែត្រ​ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​(AGT) ប្រព័ន្ធ​ដឹកជញ្ជូន​ដោយ​ប្រើ​ផ្លូវដែក​(Tramways) និង​គម្រោង​សាកល្បង​ស្មា​ត​ស៊ី​ធី​ដែល​ប្រកបដោយ បរិស្ថាន​ស្រស់ស្អាត និង​ផាសុកភាព​។​

គម្រោង​សាងសង់​ផែ​កុង​តេ​ន័​រ​ថ្មី​មួយ​ប្រវែង​៣៥០​ម៉ែត្រ និង ជម្រៅ​១៤,៥​ម៉ែត្រ​ដែល​អនុញ្ញាតឱ្យ​ប្រភេទ​នាវា​ធំៗ​៩៣​ភាគរយ​លើ​ពិភពលោក​អាច​ប្រើប្រាស់​សេវា​កំពង់ផែ​នេះ​បាន ពេល​សាងសង់​ចប់​។

​បន្ថែម​ពីលើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គប្រជុំ​ថា​៖​នាពេល​ថ្មីៗ កន្លងទៅនេះ​ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ​ROADCAREMobileApp​ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ថត​រូបភាព​ជង្ហុក​សំបុកមាន់​ផ្ញើមក​កាន់​ក្រុមការងារ​ក្រសួង​ចុះទៅ​ជួសជុល បាន​ទាន់ពេល វេលា បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ​។

​ជាមួយគ្នានេះ​ផងដែរ ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។​ដែល​បង្កឡើង ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ និង​អត់​ពាក់មួក​សុវត្ថិភាព និង​បាន​ស្នើឱ្យ​បរិច្ចាគ​មួកសុវត្ថិភាព ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​។​ទាំងអស់នេះ​សុទ្ធតែ​បានរួម​ចំណែក​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ ប្រជាជន​កម្ពុជា​៕S/​