អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​BeatRichner​នឹងត្រូវ​តម្កល់ទុក​ក្នុង​ចេតិយ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

454

​ដោយៈ​គូលែន​/​សៀមរាបៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹងថា​ផ្អែក​តាម​បណ្ដាំ​ចុងក្រោយ​របស់​ឱ្យ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​BeatRichner​អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត​នឹងត្រូវ​បញ្ជូន​ពី​ប្រទេស​ស្វី​សមក​តម្កល់ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។​

​តាម​ការគ្រោងទុក​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​នឹងត្រូវ​បញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នា​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​ដោយ​ដង្ហែ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦​បន្ត​មកដល់​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គ​របត់​តាមផ្លូវ​ស៊ី​វុត្ថា​ឆ្ពោះទៅកាន់​ផ្សារ​ចាស់​តាម​រង្វង់​មូល​នាគ​បាញ់​ទឹក​។​បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់​បត់​ស្របតាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប​មកកាន់​ស្ពាន​ព្រះរាជដំណាក់​និង​បន្ត​តាមផ្លូវ​ហ្សា​ដឺ​ហ្គោល​ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។​

​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប​អញ្ជើញ​មកឈរ​អម​សងខាង​ផ្លូវ ដោយ​ត្រូវ​ប្រមូល​ផ្ដុំគ្នា​ចាប់ពី​កែង​ស្តុ​ប​សុខា ឆ្ពោះ​តាម​គោលដៅ​ផ្លូវ​ក្បួន​រថយន្ត​ឆ្លងកាត់ ។​រហូតដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ដើម្បី​ចូលរួម​សម្ដែង​នូវ​កតញ្ញូតាធម៌​ចំពោះ​ការលះបង់​កម្លាំងកាយ​ចិត្ត​ក្នុងការ​ជួយសង្គ្រោះ​កុមារ​និង​មាតា​កម្ពុជា​នាពេល​កន្លងមក​។​

​ក្នុងខណៈ​ពេលដែល​អដ្ឋិ​ធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​តម្កល់ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​នោះ​នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​ជាមួយ​នោះ​នឹង​រៀបចំ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វ​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ក្រោម​ព្រះរាជាធិបតីភាព​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​និង​សម្ដេចព្រះ​មហាក្សត្រី​ន​រោ​ត្ដម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៕S/

អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​BeatRichner​នឹងត្រូវ​តម្កល់ទុក​ក្នុង​ចេតិយ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​