អណ្តូងទឹក​ស្អាត​ចំនួន​១៩​ជូន​ពលរដ្ឋ​៣៩៦​គ្រួសារ​រស់នៅ​ក្នុងស្រុក​រវៀង​សម្រាប់​ប្រើប្រាស់​

128
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​បាន​ចាត់​ឱ្យ​លោក​វេជ្ជបណ្ឌិត​អ៊ុយ​សំអាត​នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​។​

ក្រុមការងារ​បាន​ជូន​អណ្តូង​ទឹកស្អាត​ប្រភេទ​អា​ហ្វ្រី​ដេ​ស​ចំនួន​១៩​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន​៣៩៦​គ្រួសារ​(​ស្មើនឹង​មនុស្ស​១.០៩៧​នាក់​)​។​ពួកគាត់​រស់នៅ​ភូមិ​ចំនួន​១៥​ក្នុង​ឃុំ​ចំនួន​៥​រួមមាន​ឃុំ​រៀបរយ​ចំនួន​៣​អណ្តូង​ឃុំ​រួសរាន់​ចំនួន​៤​អណ្តូង​ឃុំ​រីករាយ​ចំនួន​៣​អណ្តូង​ឃុំ​រស្មី​ចំនួន​៤​អណ្តូង​ឃុំ​របៀប​ចំនួន​៥​អណ្តូង​នៃ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​លោក​វេជ្ជបណ្ឌិត​អ៊ុយ​សំអាត​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ​។​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក​និង​ការគិតគូរ​ពី​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​។​

​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានឱ្យដឹងថា​ខេត្តព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០២០​នេះ​ខេត្តព្រះវិហារ​បានទទួល​អណ្តូងទឹក​ស្អាត​សរុប​ចំនួន​២៥៤​អណ្តូង​ពី​កាកបាទក្រហមកម្ពុជា​។​ដែល​បាន​សាងសង់​ក្នុងស្រុក​គោលដៅ​ចំនួន​៨​ក្រុង​/​ស្រុក​រួមមាន​ស្រុក​ជាំ​ក្សាន្ត​ស្រុក​ឆែប​ស្រុក​គូលែន​ស្រុក​សង្គម​ថ្មី​ស្រុករ​វៀង​ស្រុក​ជ័យ​សែន​ស្រុក​ត្បែងមានជ័យ​និង​ក្រុង​ព្រះវិហារ​មាន​៤៩​ឃុំ​ដែលមាន​ចំនួន​៤,៦១៩​គ្រួសារ​ស្មើនឹង​១៦,១៦៦​នាក់​ខេត្តព្រះវិហារ​។​

​លោកស្រី​បាន​មាន​បន្តថា​បច្ចុប្បន្ននេះ​ខេត្តព្រះវិហារ​កំពុង​ប្រឈម​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ដែល​ធ្វើឱ្យមាន​គ្រោះរាំងស្ងួត​ស្ទើ​គ្រប់​ទីកន្លែង​និង​ស្នើសុំ​ដល់​កាកបាទក្រហមកម្ពុជា​មេត្តា​ផ្តល់​អណ្តូងទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​រស់ក្នុង​ខេត្តព្រះវិហារ​បន្ថែមទៀត​។​ជាមួយនេះដែរ​លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា​។​

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ឧ​ត្ថ​ម​បន្ថែម​ដល់​គ្រួសារ​ចាស់ជរា​ឥត​ទីពឹង​១​គ្រួសារ​និង​គ្រួសារ​កូនភ្លោះ​មាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​ឃី​ត​១ (​មុង ភួយ សារុង និង​អាវយឺត​)​ផងដែរ​៕S/​