អតិរេក​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ឡើង​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​គិត​ត្រឹម​ខែកញ្ញា​

624
ចែករម្លែក

​អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋអាមេរិក​បាន​កើន​ដល់កំណត់​ត្រា ៣៤,១៤ ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា​ធៀប​នឹង ៣១,០៥ ពាន់​លាន​ដុល្លារ​កាលពី​ខែសីហា​។ នេះ​បើ​យោងតាម​ទិន្នន័យ​គយ​របស់​ចិន​។​

​យោងតាម​ទិន្នន័យ​ផ្លូវការ ការនាំចេញ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​ទៅកាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​រហូតដល់ ៤៦,៧ ពាន់​លាន​ដុល្លារ​ខណៈដែល​ការនាំ​ចូល​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១២,៦ ពាន់​លាន​ដុល្លារ បើទោះបីជា​មានការ​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ទិន្នន័យ​នៃ​ការនាំចេញ​របស់​ចិន​មិនបាន​ប្រែប្រួល​ទៅតាម​ការដំឡើង​តម្លៃ​ពន្ធគយ​ទេ គឺ​ព្រោះតែ​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើន​ការនាំចេញ​នៅមុន​ការដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ចូល​ជា​ធរមាន​។ សម្រាប់​ខែមករា​ដល់​ខែកញ្ញា អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយនឹង​សហរដ្ឋអាមេរិក​មាន​ចំនួន ២២៥,៧៩ ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅនឹង ១៩៦,០១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ តុលា កាសែត South China Morning Post បាន​រាយការណ៍​ថា ចិន​កំពុង​ស្វះស្វែង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​រីកចម្រើន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTTP) ដែល​បង្កើតឡើង​បន្ទាប់ពី​អាមេរិក​ដកខ្លួន​ចេញ ក្នុង​បំណង​ទប់​ទល់នឹង​ផលវិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​៕ ដោយ៖ កញ្ញាដាលីស