អតីតទីប្រឹក្សាសន្តិសុខ លោកចន បូលតុន អាចត្រូវគេស្នើមកផ្តល់សក្ខីកម្មនៅព្រឹទ្ធសភាក្នុងករណីចោទប្រកាន់ដកតំណែងលោកត្រាំ

118
ចែករម្លែក

លោកចន បូលតុនត្រូវបានគេស្គាល់ជាយូរមកហើយថាជាអ្នកចូលចិត្តបង្ករឿងផ្នែកការទូតរបស់អាម៉េរិក ប៉ុន្តែអតីតទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានរូបនេះឥឡូវនេះបានគំរាមធ្វើឱ្យផ្ទុះរឿងកក្រើកនៅក្នុងការការពារការចោទប្រកាន់របស់ប្រធានាធិបតីដូណាល់ត្រាំ។

ត្រូវគេបណ្តេញចេញពីតំណែងកាលពីខែកញ្ញាឆ្នាំមុន សៀវភៅលាតត្រដាងរឿងពិតទាំងអស់របស់លោកបូលតុនអំពីការងាររយៈពេល ១៧ ខែរបស់លោកនៅក្នុងរដ្ឋបាលត្រាំអាចមានភស្តុតាងរឹងមាំបំផុតសម្រាប់ការចោទប្រកាន់ថា ប្រធានាធិបតីត្រាំបានផ្តល់ជំនួយយោធាខុសច្បាប់ដល់អ៊ុយក្រែនដើម្បីជួយយុទ្ធនាការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីមួយអាណត្តិទៀតរបស់គាត់។

សេចក្តីព្រាងនៃសៀវភៅឈ្មោះ “The Room Where it Happened” ដែលគ្រោងបោះពុម្ភផ្សាយនៅខែមីនាខាងមុខ គឺបានសរសេរថា លោកត្រាំបានប្រាប់លោកបូលតុនកាលពីខែសីហាថា ប្រាក់ជិត ៤០០ លានដុល្លារ នឹងនៅតែបង្កកទុករហូតដល់រដ្ឋាភិបាលក្រុងគៀវប្រកាសការស៊ើបអង្កេតលើគូប្រជែងបោះឆ្នោតរបស់លោកត្រាំ គឺលោក ចូ បាយដិន របស់បក្សប្រជាធិបតេយ្យ។

ការគំរាមបង្កកលុយជាថ្នូរនឹងការស៊ើបអង្កេតលើលោកចូបាយដិនគឺជាចំណុចសំខាន់នៃការចោទប្រកាន់ពីបទរំលោភអំណាច ដែលបាននាំខ្លួនលោកត្រាំទៅជំនុំជម្រះនៅព្រឹទ្ធសភា ដើម្បីប្រឈមនឹងការដកចេញពីតំណែង។

រហូតដល់កាសែតញូវយ៉កថែមស៍រាយការណ៍កាលពីថ្ងៃអាទិត្យអំពីការអះអាងក្នុងសៀវភៅនេះ ក្រុមប្រជាធិបតេយ្យបានប្រឈមនឹងការចោទប្រកាន់ថាពួកគេមានភស្តុតាងប្រយោលទាក់ទងនឹងការផ្សារភ្ជាប់គ្នារវាងលោកត្រាំគំរាមដកជំនួយពីអ៊ុយក្រែននិងការដាក់សម្ពាធលើសម្ព័ន្ធមិត្តអាម៉េរិកដើម្បីឱ្យប្រកាសការស៊ើបអង្កេតលើលោកបាយដិន។

គេអាចមើលឃើញច្បាស់ថា ព្រឹទ្ធសភាដែលត្រួតត្រាដោយបក្សសាធារណរដ្ឋនឹងបោះឆ្នោតយ៉ាងងាយស្រួលដើម្បីឱ្យលោកត្រាំរួចខ្លួនពីការចោទប្រកាន់។

ប៉ុន្តែការលេចឡើងនូវសៀវភៅថ្មីក្នុងគ្រានេះបានជំរុញឱ្យព្រឹទ្ធសមាជិកត្រូវតែកោះហៅលោកបូលតុនមកផ្តល់សក្ខីកម្មប្រឆាំងនឹងប្រធានាធិបតីត្រាំ ដោយអាចមានផលវិបាកធំមិនអាចទាយទុកជាមុនបានឡើយ។

ប្រឈមនឹងការបង្ហាញខ្លួនរបស់លោកបូលុននៅសវនាការ លោកត្រាំបានប្រកាសជំហររបស់គាត់យ៉ាងច្បាស់។

ប្រធានាធិបតីត្រាំបានសារភាពដោយត្រង់ៗកាលពីសប្តាហ៍មុនថា “ខ្ញុំមិនដឹងទេថាតើយើងបានចាកចេញពីគ្នាដោយនៅរក្សាទំនាក់ទំនងល្អនឹងគ្នាឬអត់។ ខ្ញុំដឹងថាប្រហែលជាមិនរក្សាបានទេ អ្នកបានដឹងស្រាប់ហើយ។ ដូច្នេះអ្នកមិនចូលចិត្តឱ្យមនុស្សណាមកផ្តល់សក្ខីកម្មទេ នៅពេលពួកគេចាកចេញពីគ្នាដោយគ្មានទំនាក់ទំនងល្អ”៕ ដោយ៖ កញ្ញាដាលីស

លោកចន បូលតុនអាចនឹងត្រូវស្នើឱ្យធ្វើសក្ខីកម្មនៅព្រឹទ្ធសភាអំពីករណីចោទប្រកាន់ដកតំណែងលោកត្រាំ