អតីតនាយក Nissan លួចគេចចេញពីប្រទេសជប៉ុនទៅលីបង់ដោយសម្ងំលាក់ពួនក្នុងឧបករណ៍តន្ត្រី ដើម្បីគេចវេសការកាត់ទោស

221
ចែករម្លែក

បណ្តាញព័ត៌មានរបស់ទូរទស្សន៍លីបង់បានអះអាងថា អតីតនាយកក្រុមហ៊ុន Nissan លោក កាឡូស ហ្គោសិន ត្រូវបានគេបន្លំនាំខ្លួនចាកចេញពីប្រទេសជប៉ុនក្នុងពេលកំពុងជាប់ឃុំក្នុងផ្ទះ ដោយលាក់ខ្លួននៅក្នុងឧបករណ៍តន្ត្រីនៅក្នុងផែនការមួយរៀបចំឡើងដោយភរិយារបស់គាត់។

បុរសវ័យ ៦៥ ឆ្នាំរូបនេះអាចបន្លំភ្នែកប៉ូលិសដែលនៅចាំឃ្លាំមើលនៅផ្ទះរបស់គាត់ ដោយមានជំនួយពីក្រុមអតីតទាហានពិសេស ដែលក្លែងខ្លួនជាក្រុមតន្រ្តី Gregorian។

បន្ទាប់មក គាត់បានហោះទៅទីក្រុងបៃរូតឆ្លងកាត់ប្រទេសតួកគីកាលពីថ្ងៃចន្ទទី៣០ធ្នូ កន្លែងដែលគាត់ត្រូវបានចូលរួមដោយភរិយាជនជាតិលីបង់របស់គាត់ឈ្មោះ ខារ៉ូល ដែលគេនិយាយថាបានសម្របសម្រួលផែនការរត់គេចខ្លួននេះ។

លោកហ្គោសិន ដែលកាន់លិខិតឆ្លងដែនបារាំងប្រេស៊ីលនិងលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានរត់គេចខ្លួនពីការកាត់ទោសនៅក្នុងប្រទេសជប៉ុន កន្លែងដែលគាត់កំពុងនៅក្រៅឃុំដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទកិបកេងហិរញ្ញវត្ថុ។

លក្ខខណ្ឌដ៏តឹងរ៉ឹងនៃការបង់ប្រាក់ធានាក្រៅឃុំ ១០,៥ លានផោន (ជិត១៤លានដុល្លារ) របស់គាត់រួមមានការរារាំងមិនឱ្យជួបប្រពន្ធរបស់គាត់ដោយគ្មានការអនុញ្ញាតពីតុលាការ ហើយអស់រយៈពេល ៧ ខែមកនេះ ពួកគេមិនអាចនិយាយជាមួយគ្នាបានទាល់តែសោះ។

ប៉ុស្តិ៍ MTV របស់លីបង់បានរាយការណ៍ថា “ក្រុមយោធា” បានបន្លំខ្លួនជាតន្ត្រីករ ដែលជួលទៅសម្តែងនៅឯផ្ទះរបស់លោកហ្គោសិន ដែលគេជឿថាជាប្រភេទផ្ទះ Penthouse តម្លៃ ៣,៥៧ លានដុល្លារក្នុងពិធីជប់លៀងអាហារពេលល្ងាច។

ព័ត៌មានលម្អិតពេញលេញគឺមិនទាន់ដឹងទេ ប៉ុន្តែមានការសង្ស័យថា បុរសកម្ពស់១,៧០ម៉ែត្ររូបនេះទំនងសម្ងំពួនក្នុងប្រអប់ដាក់ហ្គីតានៅចុងបញ្ចប់នៃការសម្តែង។

ទូរទស្សន៍ MTV និយាយថា ក្រោយមក កាត់ត្រូវគេនាំទៅកាន់អាកាសយានដ្ឋានតូចមួយរួចហោះទៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងប្រទេសតួកគីតាមយន្តហោះឯកជន។

ចេញពីទីនោះទៅ គេជឿថា គាត់បានឡើងជិះយន្តហោះឯកជនឈ្មោះ Bombardier Challenger ទៅកាន់អាកាសយានដ្ឋានអន្តរជាតិរ៉ាហ្វិកហារីរីនៃទីក្រុងបៃរូត កន្លែងដែលវាចុះចតក្រោយម៉ោង៤ព្រឹកថ្ងៃចន្ទ នេះយោងតាមវេបសាយតាមដានជើងហោះហើរ FlightRadar៕ ដោយ៖ កញ្ញាដាលីស

លោកហ្គោសិនគេចខ្លួនទៅលីបង់តាមផែនការរបស់ភរិយា ខារ៉ូល ដោយលាក់ខ្លួនក្នុងឧបករណ៍ដាក់ហ្គីតា