អតីតប៉ូលិស បកអាក្រាតថា អតីតនាយករដ្ឋមន្ត្រីណាជីប បញ្ជាគាត់ឱ្យសម្លាប់ស្ត្រីម៉ុងហ្គោលី

2422
ចែករម្លែក

អតីតប៉ូលិសកុម្ម៉ង់ដូឈ្មោះ អាហ្ស៊ីឡា ហាឌ្រី (Azilah Hadri) ដែលមានឈ្មោះត្រូវប្រឈមទោសប្រហារជីវិតពីបទធ្វើឃាតស្ត្រីបរទេសម្នាក់ បានអះអាងថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានចេញបញ្ជាឱ្យសម្លាប់ស្ត្រីជនជាតិម៉ុងហ្គោលីឈ្មោះ អាល់តាន់ទូយ៉ា សារីប៊ូ (Altantuya Sharibuu)។

លោកអាហ្ស៊ីឡាបាននិយាយថាលោកណាជីបដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅគ្រានោះក្នុងឆ្នាំ ២០០៦ បានជួបគាត់ហើយបញ្ជាឱ្យគាត់បាញ់សម្លាប់នាងអាល់តាន់ទូយ៉ា ព្រោះនាងជា “ចារកម្មបរទេសដ៏គ្រោះថ្នាក់”។

លោកអាហ្ស៊ីឡាបាននិយាយបែបនេះនៅក្នុងការចោទប្រកាន់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានដាក់នៅក្នុងសេចក្តីប្រកាសលក្ខន្តិកៈ (SD) រួមជាមួយពាក្យស្នើសុំមួយរបស់គាត់ដែលស្វះស្វែងឱ្យតុលាការសហព័ន្ធពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់ខ្លួនលើការផ្តន្ទាទោសនិងការកាត់ទោសប្រហារជីវិត ដែលបានដាក់លើរូបគាត់និង លោក ស៊ីរុល អាហ្សា អ៊ូម៉ា (Sirul Azhar Umar) ដែលជាអតីតប៉ូលិសកុម្ម៉ង់ដូផងដែរ។

ឯកសារ SD ដែលលាតត្រដាងដំបូងដោយកាសែតអនឡាញ Malaysiakini ត្រូវបានដាក់ទៅតុលាការនៅថ្ងៃទី ១៧ ខែតុលាជាផ្នែកមួយនៃពាក្យស្នើសុំរបស់គាត់ឱ្យតុលាការសហព័ន្ធពិនិត្យឡើងវិញ។

កាសែតនេះបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៦ ធ្នូថា គាត់ក៏កំពុងស្វែងរកការកាត់ក្តីឡើងវិញដើម្បីផ្តល់ភស្តុតាងពេញលេញអំពីប្រតិបត្តិការសម្ងាត់នៅក្នុងតុលាការបើកចំហមួយដើម្បីឱ្យមាន “យុត្តិធម៌” ផងដែរ។

តុលាការបានកំណត់ថ្ងៃអង្គារទី ១៧ ខែធ្នូសម្រាប់ការគ្រប់គ្រងលើករណីនេះ។

ឯកសារ SD របស់លោកអាហ្ស៊ីឡា បានរៀបរាប់លម្អិតអំពីរបៀបដែលជំនួយការផ្ទាល់របស់លោកណាជីបឈ្មោះ មូសា សាហ្វ្រី (Musa Safri) នាំគាត់ទៅជួបលោកណាជីប នៅពេលគាត់កំពុងបំពេញការងារនៅសង្កាត់ស្រីកេណានហ្គាននៃខ័ណ្ឌប៉េកានក្រុងគូឡាឡាំពួ ក្នុងនាមគាត់ជាមន្រ្តីនៅអង្គភាពសកម្មភាពពិសេសរបស់ប៉ូលិសជាតិម៉ាឡេស៊ី។

គ្រានោះលោកណាជីបគឺជាសមាជិកសភាមកពីខ័ណ្ឌប៉េកាន។

លោកអាហ្ស៊ីឡានិយាយក្នុងសេចក្តីប្រកាសនោះថា “មូសាបាននាំខ្ញុំទៅជួបណាជីបក្នុងបន្ទប់ការិយាល័យមួយនៅសង្កាត់ស្រីកេណានហ្គានក្នុងខ័ណ្ឌប៉េកាន ក្រោយមកគាត់ (មូសា) ក៏ចាកចេញពីបន្ទប់។ ណាជីបសួរខ្ញុំថាតើខ្ញុំស្គាល់ប៉ូលិសនៅស្ថានីយប៉ូលិសប៊្រីកហ្វៀលឬអត់ ហើយខ្ញុំក៏ឆ្លើយបញ្ជាក់ថាស្គាល់។ ក្រោយមកណាជីបប្រាប់ខ្ញុំថា ចារកម្មបរទេសម្នាក់កំពុងស្ថិតនៅក្រុងគូឡាឡាំពួ និងព្យាយាមគំរាមណាជីបនិងមន្ត្រីពិសេសរបស់គាត់ម្នាក់ឈ្មោះ អាប់ឌុល រ៉ាហ្សាក់ បាហ្គីនដា។ មន្ត្រីពិសេសនេះគឺជាមិត្តល្អរបស់លោកណាជីប ដែលខ្ញុំបានជួបអំឡុងការចាត់ចែងរូបខ្ញុំទៅបំពេញកិច្ចការនៅទីក្រុងឡុងដ៍យូរឆ្នាំមកហើយ។ ខ្ញុំត្រូវបានជូនដំណឹងថា ចារកម្មបរទេសនោះគឺជាស្ត្រី និងគ្រោះថ្នាក់សម្បើមណាស់ដោយសារតែអាថ៍កំបាំងជាច្រើនដែលនាងបានដឹងអំពីសន្តិសុខជាតិ។ ចារកម្មបរទេសនោះមិនអាចចូលមកជិតណាជីបបានទេដោយសារតែសន្តិសុខការពារតឹងតែង ហើយដូច្នេះចារកម្មបរទេសបានគំរាមមន្ត្រីពិសេសរបស់ណាជីបជំនួសវិញ។ ណាជីបណែនាំខ្ញុំឱ្យអនុវត្តប្រតិបត្តិការសម្ងាត់ (ដើម្បីសម្លាប់នាង) នៅពេលខ្ញុំវិលត្រឡប់ទៅគូឡាឡាំពួម្តងទៀតនៅពេលក្រោយ”៕ ដោយ៖កញ្ញាដាលីស

នាង អាល់តាន់ទូយ៉ា សារីប៊ូ ត្រូវបានបាញ់សម្លាប់​ព្រោះសង្ស័យជាចារកម្មគ្រោះថ្នាក់