អតីតយុទ្ធជន​សង្គ្រាម​វៀតណាម វង្វេង​ស្រុក​៥០ ឆ្នាំ​ទើបតែ​រកឃើញ​ដោយសារ​…

1521
ចែករម្លែក

​នៅផ្ទះ​តូច​មួយ​របស់លោក ឡេ ង្វៀន ឡាន់ (Le Nguyen Lan) ដែល​ស្ថិតនៅ​ប្រទេស​វៀតណាម​ភាគ​កណ្តាល​មាន​មនុស្សម្នា​យ៉ាងច្រើន​​កុះករ​ដែល​បាន​ទៅ​អបអរសាទរ​ការជួប​ជុំ​ជាមួយ​បងប្រុស​ម្នាក់​របស់គាត់​ដែល​ពួកគាត់​គិតថា​បាន​បាត់​បង់ជីវិត​បាត់ទៅហើយ​នៅក្នុង​​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៦៨​។​

​បងប្រុស​របស់គាត់​ឈ្មោះ ឡេ យ៉ាង​ង ណា​ម (Le Giang Nam) បាន​ចាក​ចេញពីផ្ទះ​របស់ខ្លួន​នៅ​ខេត្ត​ង៉េ អាន (Nghe An)​កាលពី​​ជាង ៥០​ឆ្នាំមុន ហើយ​មិនដែល​ត្រឡប់មកវិញ​រហូតមក​ទល់​ពេលនេះ​។​
​ ​
​ហេតុផល​គឺ​ការរង​របួស​ក្បាល​បានធ្វើឱ្យ​អតីតយុទ្ធជន​សង្គ្រាម​វៀតណាម រូបនេះ​បាត់បង់​ការចងចាំ​។ ឥឡូវ​នៅក្នុង​ផ្ទះ​របស់​ប្អូនប្រុស​​គាត់ បុរស​រាង​ខ្ពស់​មាឌ​ស្តើង​រូបនេះ​ដើរ​យឺតៗ ហើយ​ត្រូវ​ពឹងផ្អែក​លើ​កាស​ជំនួយ​សម្រាប់​ស្តាប់​ក្នុងការ​ទំនាក់ទំនង​គ្នា​។

​នៅ​ឆ្នាំ​១៩៦៥ ស្ថិតក្នុង​វ័យ ១៩ ឆ្នាំ លោក ណា​ម បាន​ចូល​បម្រើកងទ័ព​វៀតណាម​នៅ​ខេត្ត​ក្វាង ទ្រី (Quang Tri) ដែល​ស្ថិតនៅ​ភាគ​​ខាងត្បូង​ចម្ងាយ​ប្រមាណ ៥០០ គីឡូម៉ែត្រ​ពី​ស្រុកកំណើត​របស់គាត់​។ នៅ​ចុងឆ្នាំ​១៩៦៨ ជា​ពេលដែល​សង្គ្រាម​វៀតណាម (១៩៥៥-១៩៧៥) ផ្ទុះ​ខ្លាំង​បំផុត គាត់​បាន​រងរបួស​ធ្ងន់ និង​សន្លប់​បាត់ស្មារតី​។​

​គាត់​ត្រូវបាន “​បច្ចាមិត្ត​” ចាប់ខ្លួន​បញ្ជូនទៅ​មូលដ្ឋាន​របស់​ពួកគាត់​នៅ​ក្រុង​ដា​ណា​ង (Da Nang) ដែល​ស្ថិតនៅ​ចម្ងាយ ១៥០ គីឡូ​​ម៉ែត្រ​ពី​សមរភូមិ​។​

​លោក ណា​ម និយាយថា “​ខ្ញុំ​បាន​រត់គេចខ្លួន​រួច ប៉ុន្តែ​ខ្ញុំ​វង្វេងផ្លូវ ហើយ​មិនដឹង​ត្រឡប់​ទៅរក​សម​មិត្ត​ប្រយុទ្ធ​វិញ​តាម​វិធី​ណា​ទេ​”​។​
​ ​
​របួស​ពី​ក្បាល​ចុះមក​ដល់​ថ្ពាល់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ភ្នែក និង​ត្រចៀក​របស់គាត់​ហើយ​វា​បាន​បំផ្លាញ​ការចងចាំ​ការចងចាំ​របស់គាត់​​បន្តិច​ម្តងៗ​រហូតដល់​គាត់​ចាំ​មិន​ច្បាស់​ថា​គាត់​មកពីណា​។​គាត់​បានធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ​ទៅ​ភាគខាងត្បូង ហើយ​បាន​ទៅដល់​ខេត្ត​​ប៊ិ​ញ ធួន (Binh Thuan) ជា​កន្លែង​ដែល​គាត់​បានការ​ជួយសង្គ្រោះ និង​ការព្យាបាល​ពី​គ្រួសារ​កសិករ​មួយ​ហើយ​ទីបំផុត​គាត់​ក៏បាន​​រៀបការ​ជាមួយ​កូនស្រី​របស់​គ្រួសារ​កសិករ​នោះ​។

​លោក ណា​ម បាន​តាំង​លំនៅ​ក្នុង​ខេត្ត​ប៊ិ​ញ ធួន ហើយ​កសាង​ជីវិត​ថ្មី​នៅ​ទីនោះ​។ គាត់​មានកូន ៨ នាក់ ហើយ​កូន​ទាំងនោះ​គឺជា​អ្នក​​ដែល​លើកទឹកចិត្ត​ឱ្យ​គាត់​និយាយ​អំពី​អតីតកាល​របស់គាត់ និង​ជួយ​គាត់​ដើម្បីឱ្យ​គាត់​មានការ​ចងចាំ​ឡើងវិញ​។

​ពួកគេ​បាន​បង្ហោះ​រឿងរ៉ាវ​របស់គាត់​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​សុំ​ជំនួយ​។ ជា​លទ្ធផល កាលពី​ដើមខែ​នេះ​រឿងរ៉ាវ​នេះ​បាន​លេចឮ​ទៅដល់​កូន​​ប្រុស​របស់​ប្អូនប្រុស ឡាន់​។

​កូនៗ​របស់​ពួកគាត់​ដែល​មិន​ធ្លាប់​ជួបគ្នា​សោះ បាន​ជួបគ្នា​ដើម្បី​បញ្ជាក់​ការពិត​។ ហើយ​ទីបំផុត លោក ណា​ម​ក៏បាន​វិលត្រឡប់​ទៅ​ស្រុក​​កំណើត​វិញ​កាលពី​សប្តាហ៍​មុន​៕ដោយ​៖​ខុម​/sn