អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានទទួលជ័យជម្នះយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសនេះ។
ប្រធានគណៈកម្មការបោះឆ្នោតលោក ម៉ាហ៊ីនដា ដេសាព្រីយ៉ា បានប្រកាសលទ្ធផលជាផ្លូវការថា លោករ៉ាចាប៉ាក់សាឈ្នះជាង ៦,៩ លានសំឡេងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ទី១៦វិច្ឆិកា គឺលើស ១,៣ លានសំឡេងលើគូប្រជែងជិតបំផុតរបស់គាត់ គឺរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន លោក សាជីត ប្រេម៉ាដាសា (Sajith Premadasa)។
ភាគរយនៃសន្លឹកឆ្នោតរបស់លោករ៉ាចាប៉ាក់សាគឺ ៥២,២៥ ភាគរយ គឺលើស ៥០ ភាគរយបូកឆ្នោតមួយសន្លឹក ដែលត្រូវការដើម្បីទទួលបានជ័យជម្នះ។
បេក្ខជនប្រធានាធិបតីនៃគណបក្សកាន់អំណាចរបស់ប្រទេសស្រីលង្កាលោកប្រេម៉ាដាសាបានទទួលស្គាល់បរាជ័យក្រោមថ្វីដៃលោករ៉ាចាប៉ាក់សា ដោយនិយាយថាលោកនឹងគោរពការសម្រេចចិត្តរបស់ប្រជាជន។
លោករ៉ាចាប៉ាក់សា ដែលជាអ្នកនាំមុខគេនៃយុទ្ធនាការបោះឆ្នោតនិងដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិនៅក្រោមការដឹកនាំរបស់បងប្រុសគាត់គឺអតីតប្រធានាធិបតី ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា បានសន្យាស្តារសន្តិសុខឡើងវិញចំពោះប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះ ដែលកំពុងងើបឡើងវិញពីការវាយប្រហារភេរវកម្មកាលពីបុណ្យអ៊ីស្ទើរឆ្នាំមុន។
លទ្ធផលនេះបានបង្ហាញពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមជនជាតិភាគតិចនិងក្រុមសាសនានៅក្នុងប្រទេសមួយដែលមានជម្លោះនិងការបង្ហូរឈាមជាច្រើនទសវត្សរ៍ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨៕ ដោយ៖ កញ្ញាដាលីស