អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ​ជាប់គុក​២​ឆ្នាំ​ដោយសារតែ​ចេញ​លិខិតឆ្លងដែន​ជូន​ថាក់ស៊ីន

1125
ចែករម្លែក
  • 342
    Shares

ផ្នែក​ដោះស្រាយ​បណ្តឹង​សំរាប់​អ្នក​កាន់តំណែង​នយោបាយ​នៃ​តុលាការ​កំពូល​ថៃ កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មិថុនា បាន​កាត់ទោស​លោក​ស៊ូ​រ៉ា​ពង់ តុ​វិចា​ក់​ឆៃ​គុល​(Surapong Tohvichakchaikul) អតីតរដ្ឋមន្ត្រី​ការបរទេស​សម័យ​យី​ង​ឡាក់ ស៊ីណា​វ៉ាត អោយ​ជាប់គុក​២​ឆ្នាំ​ចំពោះ​ការប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​និង​ធ្វេសប្រហែស​ការងារ​ដោយសារតែ​
​លោក​បានចេញ​លិខិតឆ្លងដែន​អោយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ជាថ្មី​នៅ​ឆ្នាំ​២០១១​ក្រោយពី​រដ្ឋាភិបាល​មុន​បាន​លុបចោល​។​

​ការចេញលិខិត​ធ្វើដំណើរ​អោយ​លោក​ថាក់ស៊ីន​ជាថ្មី ត្រូវបាន​ធ្វើឡើង​ក្នុង​អា​ណិ​ត្ត​របស់លោក​ស៊ូ​រ៉ា​ពង់​ជា​រដ្ឋមន្ត្រីការបរទេស​ក្នុង​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណា​វ៉ាត ដែល​ត្រូវជា​ប្អូនស្រី​របស់លោក​ថាក់ស៊ីន​។​

​តុលាការ​បាន​និយាយថា បទល្មើស​របស់​ស៊ូ​រ៉ា​ពង់ ប្រឆាំងនឹង​ច្បាប់​ឆ្នាំ​២០០៥​របស់​ក្រសួងការបរទេស​ពាក់ព័ន្ធ​នឹង​ការចេញលិខិត​ឆ្លងដែន​។​តុលាការ​បានសំរេច​ដាក់ទោស​អតិបរមា​សំរាប់​ការចោទប្រកាន់​ដែលថា​លោក​ស៊ូ​រ៉ា​ពង់​ជួយ​ថាក់ស៊ីន​អោយ​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​ព្រោះ​ថាក់ស៊ីន​ត្រូវបាន​តុលាការ​កាត់ទោស​
​អោយ​ជាប់គុក​ផងដែរ​និង​នៅ​ជា​ជនសង្ស័យ​ក្នុងករណី​ជាច្រើន ។​

​តុលាការ​បាន​និយាយថា ការចេញលិខិត​ឆ្លងដែន​ដល់​ថាក់ស៊ីន​នេះ​បានធ្វើអោយ​ខូច​សេចក្តីថ្លៃថ្នូរ​នៃ​ប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស​។​

​សូមបញ្ជាក់ថា ក្នុងពេល​ធ្វើជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ឆ្នាំ​២០១១ លោក​ស៊ូ​រ៉ា​ពង់​បាន​ណែនាំ​ក្រសួងការបរទេស​អោយចេញ​លិខិតឆ្លងដែន​២​ជូន​ថាក់ស៊ីន ដែល​លិខិតឆ្លងដែន​ចាស់​របស់លោក​ត្រូវបាន​ដកហូត​កាលពី​ឆ្នាំ​២០០៨​ដោយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​អាប់​ភិ​ស៊ីត វេចា​ជីវ៉ា ។​

​ថាក់ស៊ីន​បានរស់នៅ​ដោយ​ការ​និរទេស​ខ្លួន​ឯ​បរទេស​ចាប់តាំងពី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ឆ្នាំ​២០០៨៕​ដោយ​៖​វាសនា​

 

​ស៊ូ​រ៉ា​ពង់ មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសំរេច​នេះ​