អតីត​កម្មាភិបាល​ខ្មែរក្រហម ជនរងគ្រោះ និង​អ្នកស្រាវជ្រាវ​ចែករំលែក​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​និស្សិត​បរទេស​

279

ដោយ​:​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​និស្សិត​បរទេស​ចំនួន​១៧​នាក់ មកពី​សាកលវិទ្យាល័យ Texas A&M International University បានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​មក​ទស្សនា សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​វិធីសាស្ត្រ​នៃ​ការស្វែងរក​សន្តិភាព ការផ្សះផ្សា និង​ការ​អភិ​វិ​ឌ្ឍ​ន៍​ប្រទេស​កម្ពុជា​សារ​ឡើងវិញ​នៅលើ​ទឹកដី​ដែល​ធ្លាប់​កើតមាន​អំពើហិង្សា​និង​ការកាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម​។

​នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ លោក ហ៊ីម ហ៊ុយ អាយុ​៦៣​ឆ្នាំ គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែលមាន​តួនាទី​ជា​អ្នកយាម​មន្ទីរ​សន្តិសុខ​ស​-២១ មាន​សេចក្តី​ក្លា​ហ៊ាន​ចូលមក​អង្គុយ​លើ​កៅអី​ឈើ​១ ស្ថិតនៅ​ចំ​ពីមុខ​និស្សិត​បរទេស​ជាច្រើន​នាក់ និង​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត និង​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​ចំពោះ​រូបគាត់​និង​ក្រុមគ្រួសារ​។ លោក ហ៊ីម ហ៊ុយ ធ្លាប់បាន​រៀបរាប់​អំពី​បទពិសោធន៍​ជីវិត និង​ការងារ​ដែល​គាត់​បានធ្វើ​នៅក្នុង​របប​ខ្មែរក្រហម​ជា​ច្រើនដង​កន្លងមកហើយ​ទៅកាន់​សាធារណជន អ្នកជិតខាង ក្រុមគ្រួសារ អ្នកកាសែត សិស្ស​និស្សិត​ខ្មែរ និង​បរទេស​ជាច្រើន​នាក់​មកពី​ប្រទេស​ផ្សេងៗ​ដែល​ចង់ដឹង​ពី​រឿងរ៉ាវ​របស់គាត់ និង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ លោក ហ៊ីម ហ៊ុយ ក៏​ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​កោះហៅ​ឲ្យ​ឡើង​ធ្វើជា​សាក្សី​នៅក្នុង​សំណុំរឿង​០០១ ដែលមាន​ជនជាប់ចោទ កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-២១ ដែល​ទទួលខុសត្រូវ​លើ​ការសម្លាប់​អ្នកទោស​ប្រមាណ​ជិត​ពីរម៉ឺន​នាក់​នៅ (​ឌុ​ច ត្រូវបាន​តុលាការ​កំពូល​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២)​។

​នៅក្នុង​ទឹកមុខ​ក្រៀមក្រំ លោក ហ៊ីម ហ៊ុយ បាន​និយាយថា “​វា​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​បំផុត ដែល​បានធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​អស់​ជាង​ពីរលាន​នាក់ និង​បន្សល់ទុក​នូវ​សុបិន​ដ៏​សែន​អាក្រក់​ពេញ​មួយជីវិត​ចំពោះ​អ្នក​ដែល​ធ្លាប់បាន​ឆ្លងកាត់​។ គាត់​បាន​បន្តថា “​ទោះបីជា​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​ឲ្យ​ខ្មែរក្រហម ប៉ុន្តែ​ខ្ញុំ​មិនដែល​ខ្មាសអៀន​ក្នុង​ការនិយាយ​រឿងរ៉ាវ​ទាំងអស់​ទៅកាន់​អ្នក​ដ៏​ទៃ​ទេ ព្រោះ​ខ្ញុំ​យល់ឃើញថា ការ​លាក់បាំង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​សែន​សង្វេគ​នេះ គឺជា​រឿងរ៉ាវ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត និង​អាច​បង្ក​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​សែន​គ្រោតគ្រាត​នេះ​កើតឡើង​ម្តងទៀត​។ ខ្ញុំ​គិតថា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម គឺជា​រឿង​អាទិភាព​មួយ​ដែល​ថ្នាក់ដឹកនាំ សិស្ស និស្សិត អ្នកស្រាវជ្រាវ និង​ពិភពលោក​ទាំងមូល ត្រូវតែ​ដឹង និង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​។ ការស្វែងយល់​ពី​កំហុស​អតីតកាល គឺជា​ចំណែក​មួយ​ជួយ​ទប់ស្កាត់​ការកើត​ឡើងវិញ​នៃ​អំពើ​ប្រល័យពូជសាសន៍​”​។ លោក ហ៊ីម ហ៊ុយ ក៏​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណួរ​ជាច្រើន​របស់​និស្សិត​បរទេស​ដូចខាងក្រោម ៖
១) តើ​លោក​ធ្លាប់​បានទទួល​ប្រាក់ខែ​ឬ​ការឧបត្ថម្ភ​នៅ​អំឡុង​ពេលដែល​លោក​បំពេញការងារ​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ដែរឬទេ​?
២) តើ​លោក​ធ្លាប់​ទៅ​គុក​ទួលស្លែង​ដែរឬទេ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​? ប្រសិនបើ​លោក​ធ្លាប់​ទៅ​ទីនោះ តើ​លោក​មាន​អារម្មណ៍​យ៉ាងណាដែរ​?
៣) តើ​លោក​គិតថា លោក​គឺជា​ជនរងគ្រោះ​នៅក្នុង​សម័យ​ខ្មែរក្រហម​ដែរឬទេ​?
៤) តើ​នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ តើ​លោក​ធ្លាប់​គិតថា​ចង់​ចូលរួម​តស៊ូ​ជាមួយ​ខ្មែរក្រហម​ទៀត​ដែរឬទេ​?
៥) តើ​លោក​សម្រេចចិត្ត​ចូល​ធ្វើជា​កម្មាភិបាល​ខ្មែរក្រហម​ដោយសារ​អ្វី​?
៦) នៅក្នុង​អំឡុងពេល​ដែល​លោក​ធ្វើការ​ងារ​ឲ្យ​ខ្មែរក្រហម តើ​ក្រុមគ្រួសារ​របស់លោក​បាន​ទទួល​ការការពារ​ជាពិសេស​ដែរឬទេ​?
៧) តើ​លោក​ធ្លាប់​និយាយ​រឿងរ៉ាវ​របស់លោក​ប្រាប់​ក្រុមគ្រួសារ​ដែរឬទេ​?
៨) តើ​មាន​កត្តា​អ្វីដែល​បាន​ជំរុញ​ឲ្យ​លោក​ចូលធ្វើការ​នៅ​មន្ទីរ​សន្តិសុខ​ស​-២១?
៩) នៅពេលដែល​លោក​ដឹងថា​ខ្មែរក្រហម​រំដោះ​បាន​ទីក្រុង​ភ្នំពេញ តើ​លោក​មាន​អារម្មណ៍​យ៉ាងណាដែរ​?
១០) តើ​លោក​បានធ្វើ​អ្វីខ្លះ​នៅក្នុង​របប​ខ្មែរក្រហម​?
១១) តើ​លោក​មាន​ទំនាក់ទំនង​ដូចម្តេច​ជាមួយ​យោធា​ខ្មែរក្រហម និង​អ្នកធ្វើការ​ជាមួយគ្នា​នៅពេលនោះ​?
១២) នៅពេលដែល​លោក​ដឹក​មនុស្ស​យកទៅ​កាន់​វាលពិឃាដ​ជើងឯក តើ​លោក​បានដឹង​ព័ត៌មាន​អ្វីខ្លះ​ពី​ទីកន្លែង​នោះ​?
១៣) នៅក្នុង​របប​ខ្មែរក្រហម តើ​អ្វីដែល​ធ្វើ​ឲ្យ​លោក​ខ្លាច​ជាងគេ​?
១៤) បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ តើ​លោក​ធ្លាប់បាន​ជួប​អតីត​កម្មាភិបាល​ខ្មែរក្រហម​ផ្សេងទៀត​ដែរឬទេ​? ប្រសិនបើ​បាន​ជួប តើ​លោក​មាន​ទំនាក់ទំនង​បែបណា​ដែរ​?
១៥) នៅពេលដែល​លោក​បានឃើញ​ខ្មែរក្រហម​សម្លាប់​មនុស្ស តើ​លោក​គិត​ដូចម្តេច​ដែរ​?

​លោក ជុំ ម៉ី គឺជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​ធ្លាប់បាន​ឃុំឃាំង និង​ទទួលរង​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​ទៅកាន់​និស្សិត​បរទេស នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​ដែរ​។ លោក ជុំ ម៉ី បាន​និយាយ​ទៅកាន់​និស្សិត​បរទេស​ទាំងអស់​ថា ក្នុងនាម​គាត់​គឺជា​ជនរងគ្រោះ​ម្នាក់​នៅក្នុង​របប​ខ្មែរក្រហម គាត់​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់​នៅពេលដែល​គាត់​បាន​និយាយ​រឿង​ក្នុង​ចិត្ត​របស់​ទៅកាន់​អ្នក​ដ៏​ទៃ​ដែល​តែងតែ​ឲ្យ​តម្លៃ​ទៅលើ​ជនរងគ្រោះ​ដូច​រូបគាត់ និង​ជាពិសេស​គាត់​សូម​ថ្លែងអំណរគុណ​ទៅកាន់​និស្សិត​ជនបរទេស​មកពី​សាក​ល​វិទ្យាល័យ Texas A&M International University ដែល​ចង់​ស្តាប់ និង​ស្វែងយល់​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់គាត់ និង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រទេស​កម្ពុជា​។ លោក ជុំ ម៉ី បាន​ប្រាប់​និស្សិត​បរទេស​ទាំងអស់​ថា “​ខ្ញុំ​បាន​ចូលរួម​បំភ្លឺ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​រូបខ្ញុំ​នៅក្នុង​សាលាក្តី​ខ្មែរក្រហម ក្នុង​គោលបំណង​ដាក់ទោស​ដល់​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ទាំងអស់​ដែល​បាន​ដឹកនាំ​ប្រទេស​ទៅរក​ភាព​វិនាស​អន្តរាយ​”​។ គាត់​ក៏បាន​បន្ថែមថា ក្រៅពី​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម គឺមាន​តែ​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ទើប​អាច​ឲ្យ​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​សន្តិភាព និង​ភាព​រីកចម្រើន​នាពេល​អនាគត​។ គាត់​សង្ឃឹមថា សៀវភៅ​មួយ​ក្បាល​ដែល​បាន​សរសេរ​អំពី​សាច់រឿង​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម គឺជា​សារ​មួយ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា ថែមទាំង​អាច​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការកើតឡើង​នៃ​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត​។ ខាងក្រោម​នេះ​គឺជា​សំណួរ​របស់​និស្សិត​បរទេស​បាន​សួរ​ទៅកាន់​លោក ជុំ ម៉ី ៖
១) តើ​លោក​មាន​អារម្មណ៍​ដូចម្តេច​ដែរ​នៅពេលដែល ប៉ុល ពត មិន​ត្រូវបាន​នាំយកមក​កាត់ទោស​តាមផ្លូវ​ច្បាប់​នៅ​សាលាក្តី​ខ្មែរក្រហម​?
២) បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ តើ​លោក​បាន​ត្រឡប់មក​ទស្សនា​ទួលស្លែង​វិញ​នៅពេលណា​?
៣) តើ​មាន​កត្តា​អ្វីខ្លះ​បាន​ជំរុញ​ឲ្យ​លោក​ទៅ​ចូលរួម​បំភ្លឺ​នៅ​សាលាក្តី​ខ្មែរក្រហម​?
៤) នៅពេលដែល​លោក​បានឃើញ​អតីត​កម្មាភិបាល​ខ្មែរក្រហម តើ​លោក​មាន​អារម្មណ៍​ដូចម្តេច​ដែរ​?
៥) តើ​លោក​អាច​អធ្យាស្រ័យ​ឲ្យ​ខ្មែរក្រហម​ដែរឬទេ​?
៦) តើ​លោក​ធ្លាប់​ស្គាល់ ហ៊ីម ហ៊ុយ ដែរឬទេ​? តើ​លោក​បានដឹងថា ឌុ​ច បាន​បង្ខំ​ឲ្យ​លោក ហ៊ីម ហ៊ុយ ធ្វើ​ការងារ​ផ្សេងៗ​នៅ​ទីនោះ​ដែរឬទេ​?

​ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សាកលវិទ្យាល័យ Texas A&M International University និស្សិត​បរទេស​ទាំងអស់ ក៏​បានមក​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយមាន​ការស្វាគមន៍​ពី​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។
​លោក រស់ សំពៅ និង​លោក ម៉ម សុផាត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបង្ហាញ​អំពី​ឯកសារ​ដែលមាន​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដូចជា របៀប​នៃ​ការប្រមែប្រមូល​ឯកសារ ប្រភេទ​ឯកសារ ការថែរក្សា​ឯកសារ ការរៀបចំ​ទុកដាក់​ឯកសារ ការប្រើប្រាស់​ឯកសារ និង​បញ្ហា​ប្រឈម​ចំពោះ​ការប្រមែប្រមូល​ឯកសារ​។ បន្ទាប់មក លោក អ៊ូច មករា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ខ្លីៗ​ចំនួន​ពីរ​គឺ​១)​ឪពុក​របស់ខ្ញុំ​នៅ​ឋានសួគ៌ និង ២)​ការឃោសនា​របស់​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៨​។ បន្ថែម​លើ​នេះ លោកស្រី សូ ហ្វា​រី​ណា បានធ្វើ​បទ​បង្ហាញ​ទៅកាន់​និស្សិត​បរទេស​ទាំងអស់​អំពី “​បទពិសោធន៍​របស់​ស​ហគ​មន៍​ចាម​នៅក្នុង​របប​ខ្មែរក្រហម និង​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម​”​។

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់គាត់​ក្នុងនាម​ជា​ជនរងគ្រោះ​នៅក្នុង​របប​ខ្មែរក្រហម និង​ជា​ជនភៀសខ្លួន​ខ្មែរ​ម្នាក់​ទៅកាន់​រដ្ឋ​តិច​សាស​នៃ​សហរដ្ឋអាមេរិក​។ បន្ថែម​ពី​នោះ លោក​បាន​រៀបរាប់​អំពី​បេសកម្ម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ផ្តោត​សំខាន់​ទៅលើ ការចងចាំ និង​យុត្តិធម៌​។ លោក​បាន​និយាយថា “​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម បានធ្វើ​ឲ្យ​សង្គម​ខ្មែរ​ជួបប្រទះ​នឹង​ភាពស្មុគស្មាញ​ជាច្រើន​រវាង​ជនរងគ្រោះ និង​ជនដៃដល់​រហូតដល់​ស​ព្វ​ថ្ងៃនេះ​”​។

​បន្ទាប់ពី​បាន​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និស្សិត​បរទេស​ទាំងអស់ បាន​ទៅ​ទស្សនា​កោដ​នៅក្នុង​វត្ត​លង្កា ដែល បាន​រកឃើញ​បន្ទាប់ពី​សង្គ្រាម និង​គ្មាន​សាច់ញាតិ​។ ក្រៅពីនោះ ក្រុមនិស្សិត បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច ៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​អែន​រ៉ូ​ល​” នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត គឺជា​ខ្សែភាពយន្ត​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ភាពសម្បូរ​បែប​នៃ​បទ​ចម្រៀង និង​តន្ត្រី​ខ្មែរ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០ និង​ជាត​ន្ត្រី​មួយ​ដ៏​ពេញនិយម​ក្នុងសម័យ​កាលនោះ​។ ភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​” មិន​ត្រឹម​បង្ហាញ​ពី​ការរីកចម្រើន​សិល្បៈ​បែប​បស្ចិមប្រទេស​នា​សម័យ​នោះទេ ប៉ុន្តែ​ក៏បាន​បង្ហាញ​ពី​សោកនាដកម្ម ភាពរន្ធត់​តក់ស្លុត​ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ទៅលើ​សិល្បៈករ និង​ប្រជាជន​ខ្មែរ​ស្លូតត្រង់​។ ដូច​ទៅនឹង​ទាហាន និង មន្ត្រី​រដ្ឋការ​នៅក្នុង​សង្គមចាស់ សិល្បៈ​ក៏​ជា​គោលដៅ​បោសសម្អាត​របស់​ក្រុម​ខែ្មរ​ក្រហម​ដែរ​៕