អតីត​កីឡាករ​ក្រុម សាន់​ឌ័​រ​លែ​ន អា​ដាំ ច​ន​សិន អាច​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​

304
ចែករម្លែក

កីឡាករ អា​ដាំ ច​ន​សិន (Adam Johnson) នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​គេ​ឃើញ​ឪពុក​របស់​កីឡាករ​រូបនេះ​បើករថយន្ត​ចេញពី​ពន្ធនាគារ​ទាំង​កណ្តាលអធ្រាត្រ​ថ្ងៃ​សុក្រ​។​

​កីឡាករ​អង់គ្លេស​វ័យ​៣១​ឆ្នាំ​រូបនេះ​គ្រោង​នឹង​ចាក​ចេញពី​ពន្ធនាគារ Moorland បន្ទាប់ពី​អនុវត្ត​ទោស​ពាក់កណ្តាល​នៃ​ទោស​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​។​

​លោក ដេវីដ (David) ឪពុក​របស់ ច​ន​សិន ដែល​ក៏​ដើរតួ​ជា​ភ្នាក់ងារ​របស់​អតីត​កីឡាករ រូបនេះ​ផងដែរ​នោះ ត្រូវបាន​គេ​ថត​ឃើញ​បើករថយន្ត​ម៊ែ​រ​សឺ​ដេ​ស មកដល់​ពន្ធនាគារ HMP Moorland កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ​។​

​ច​ន​សិន ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពីបទ​លួងលោម ថើប និង​ស្ទាបអង្អែល​ក្មេង ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ខណៈពេល​នៅ​លេង​ជា​កីឡាករ​របស់​ក្លិប សាន់​ឌ័​លែ​ន (Sunderland) ។​

​បើទោះបីជា​ត្រូវបាន​ដោះលែង​ក៏ដោយ ក៏​តុលា​ការមិន​អនុញ្ញាត​ឲ្យ ច​ន សិន ជួប​ជាមួយ​កូនស្រី​ភ្លាមៗ​ដែរ​។ ច​ន​សិន នឹង​អាច​ជួប​ជាមួយ​កូនស្រី Ayla​អាយុ​៤​ឆ្នាំ ដោយមាន​វត្តមាន​បុគ្គលិក​សង្គមកិច្ច​នៅក្បែរ​។​

​តាម​ព័ត៌មាន​ថា តុលាការ​តម្រូវ​ឲ្យ ច​ន​សិន ប្រគល់​កាត​ធនាគារ ដើម្បី​រារាំង​មិន​ឲ្យ​ចូល ទៅ​វេ​ប​សាយ​រឿង​សិច ហើយនឹង​តម្រូវ​ឲ្យ​ប្រគល់​ទូរស័ព្ទ​គ្រប់ពេលវេលា​។​

​តុលាការ​រកឃើញ​សារ​លុបចោល​ចំនួន​៨០០​រវាង ច​ន​សិន និង​ជនរងគ្រោះ​។ ចៅក្រម ចូ​ណា​ថា​ន រ៉ូ​ស (Jonathan Rose) អះអាងថា ច​ន​សិន​បាន​បង្ក​ផលប៉ះពាល់​ផ្នែក​ផ្លូវចិត្ត ធ្ងន់ធ្ងរ​ដល់​ក្មេងស្រី​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​