អតីត​កីឡាករ​បាល់ទាត់​របស់ AC Milan ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី លី​បេ​រី​យ៉ា​

376

​អតីត​កីឡាករ​លំដាប់​ពិភពលោក ច​ច វៀ (George Weah) ត្រូវបាន​ប្រកាស​ជា​ជ័យលាភី​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​លី​បេ​រី​យ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ធ្នូ ដោយ​ផ្តួល​គូប្រជែង​របស់ខ្លួន គឺ​អនុ​ប្រធានាធិបតី​ក្នុង​តំណែង លោក យ៉ូ​សេប បូ​កៃ (Joseph Boakai) ជាមួយ​សំឡេងឆ្នោត ៦១,៥ ភាគរយ​ក្នុងការ​បោះឆ្នោត​ជុំ​ផ្តាច់ព្រ័ត្រ​។ ប្រជាពលរដ្ឋ​នាំគ្នា​តាមដាន​ការបោះឆ្នោត​យ៉ាង​យកចិត្តទុកដាក់​តាមរ​យៈ​វិទ្យុ​ក្នុង​រដ្ឋធានី​ម៉ុង​រ៉ូ​វី​យ៉ា ប្រទេស​លី​បេ​រី​យ៉ា​។​

​លោក ច​ច វៀ ឈរឈ្មោះ​ក្រោម​ឆ័​ត្រ​គណបក្ស​ចម្រុះ​ដើម្បី​ការផ្លាស់ប្តូរ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ខណៈ​គូប្រជែង​របស់លោក គឺ​លោក​យ៉ូ​សេប បូ​កៃ តំណាងឱ្យ​គណបក្ស​សាមគ្គីភាព​។

​លោក​ច​ច វៀ បានបង្ហាញ​ខ្លួន​នៅ​ស្ថានីយបោះឆ្នោត​ដើម្បី​គូស​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ម៉ុង​រ៉ុ​វី​យ៉ា កាលពី​ថ្ងៃទី ១០ តុលា​។​

​លោក​ច​ច វៀ ត្រូវបាន​ទទួលស្គាល់​ជា​កីឡាករ​បាល់ទាត់​អស្ចារ្យ​បំផុត​មួយរូប​របស់​អាហ្វ្រិក​។ គាត់​ធ្លាប់​ទទួលបាន​ទាំង​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA និង ពានរង្វាន់​បាល់​មាស​របស់​ទ្វីបអឺរ៉ុប (Ballon d’Or) ក្នុង​ឆ្នាំ ១៩៩៥ ដោយ​ក្លាយជា​កីឡាករ​អាហ្វ្រិក​ទីមួយ​តែ​ម្នាក់​គត់ ដែល​ឈ្នះ​ពានរង្វាន់​ទាំងពីរ​នេះ​។ អតីត​កីឡាករ​របស់ AC Milan រូបនេះ​ក៏​ធ្លាប់ជា​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអាហ្វ្រិក ៣ ជំនាន់​ផងដែរ គឺ​ក្នុង​ឆ្នាំ ១៩៨៩, ១៩៩៤ និង ១៩៩៥៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ច វៀ ក្លាយជា​ប្រធានាធិបតី លី​បេ​រី​យ៉ា