អតីត​គ្រូបង្រៀន​ម្នាក់ ត្រូវ​អាជីវករ​ដាក់ពាក្យ​ប្តឹង​ករណី​ទទួល​ប្រាក់​កក់ តែ​មិន​ប្រគល់​ដី​ជួល​

444
ចែករម្លែក

ដោយៈ​ សាត​ចាន់​បុត្រ​
​មណ្ឌលគិរីៈ​
អតីត​គ្រូបង្រៀន​មានទ្រព្យ​ស្តុកស្តម្ភ​ម្នាក់ រង​នូវ​ការប្តឹង​ទៅ​តុលាការ ពី​សំណាក់​អ្នកលក់​មីឆា ក្រោយពេល​គ្រូបង្រៀន​ម្នាក់​នោះ បានទទួល​ប្រាក់​កក់​ថ្លៃ​ដី​រួច ព្យាយាម​គេចវេស មិន​ប្រគល់​ដី​អោយទៅ​អ្នក​ជួល​បន្ត​។​

​ករណីនេះ​រស្មី​កម្ពុជា បានទទួល​ពាក្យបណ្តឹង​ដែល​ជនរងគ្រោះ បាន​ប្តឹងទៅ​ស្ថាប័ន​ច្បាប់​នៅ​ថ្ងៃទី​១៤​សីហា​២០១៩​នេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ច្បាប់​របស់​ខេត្តមណ្ឌលគិរី​។​

​តាម​ការរៀប​រាប់រប​ស់លោក ប៉ាន់ គីម​ហាប់ អាយុ​៣៣​ឆ្នាំ បាន​ចាក​ចេញពី​ស្រុកកំណើត​ភូមិ បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ដោយសារ​នៅ​ស្រុកកំណើត ពុំមាន​ដីធ្លី​ធំដុំ​ដើម្បី​ធ្វើស្រែ​ចំការ​នឹង​គេ លោក​បានសម្រេច​ចិត្ត​ល​ក់​ជ្រូក​បី​ក្បាល និង​មាន់​ទា​បន្ថែម និង​ខ្ចីប្រាក់​បងប្អូន​ខ្លះៗ សរុប​បាន ១,៥០០​ដុល្លារ​។​

​លោក គីម​ហាប់ ក៏បាន​បន្តដំណើរ​មក​ខេត្តមណ្ឌលគិរី ដោយសារ​មាន​ជំនាញ​ផ្នែក​ចុងភៅ​ផង លោក​ក៏បាន​សុំ​គេ​ចូល​បំរើ​ការងារ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដោយ​ការតស៊ូ​ព្យាយាម ទាំងពីរ​នាក់​ប្តី​ប្រពន្ធ និង​សន្សំសំចៃ​ប្រាក់ចំណូល​បាន​មួយចំនួន លោក​ក៏​សម្រេចចិត្ត​បើក​អាជីវកម្ម​ខ្លួនឯង​។ ដោយ​សម្រេចចិត្ត​ទៅ​ជួល​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ជា​កម្មសិទ្ធិ​ម្ចាស់​ឈ្មោះ ទូច ហឿន (​អតីត​គ្រូបង្រៀន​)​។​

​ជនរងគ្រោះ​ថា កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ លោក​បានធ្វើ​កិច្ចសន្យាជួល​ដី ឈ្មោះ ទូច ហឿន ដើម្បី​បើក​អាជីវកម្ម​លក់​អាហារ ដោយ​នៅក្នុង​កិច្ចសន្យា​នោះ មាន​រយៈពេល​បី​ឆ្នាំ ដោយ​ក្នុងតម្លៃ ៦,០០០​ដុល្លារ​អាមេរិក ស្របពេលនោះ លោក​ក៏បាន​ប្រគល់​ប្រាក់​ចំនួន​១,០០០​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ឈ្មោះ​ទូច ហឿន​។ ដោយ​លោក​ប្រាប់​ឈ្មោះ ទូច ហឿន ថា​ថ្ងៃទី​១៥ កក្ដ​ដា ឆ្នាំ​២០១៩ លោក​នឹង​មក​បើក​អាជីវកម្ម​ហើយ ស្រាប់តែ​ឈ្មោះ​ទូច ហឿន គេចវេស មិន​ព្រម​ជួល​ដី​មក​ឲ្យ​រូបលោក​ទេ ព្រមទាំង​មិនបាន​ប្រគល់​ទឹកប្រាក់ ១,០០០​ដុល្លារ​អាមេរិក ឲ្យ​វិញ​សោះ​។​

​ដោយសារ​កង្វះខាត​ក្នុង​ជីវភាព ក៏ដូចជា​ជំពាក់ជំពិន​ប្រាក់​មួយចំនួន​បងប្អូន​នៅ​ស្រុកកំណើត​ផង​នោះ ជនរងគ្រោះ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង ទៅ​ស្ថាប័ន​តុលាការ​តែម្តង​។​

​ក្នុង​ពាក្យបណ្តឹង​ជនរងគ្រោះ​បាន​ប្តឹង​ឈ្មោះ​ទួ​ច ហឿន ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​ទាមទារ​ប្រាក់​១​ពាន់​ដុល្លារ​វិញ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លា​ផង​នោះ​ទៀត​។​

​ឈ្មោះ ទួ​ច ហឿន អតីត​គ្រូបង្រៀន​ពុំ​អាច​ស្វែងរក​ការបំភ្លឺ​បាន​នោះទេ​នា​រសៀល​ថ្ងៃ​១៥​សីហា​នេះ​៕ ល​