អតីត​គ្រូសូត្រស្តាំ​វត្ត​ពេជ្រ​មន្ត្រី​បាន​ស្លាប់ សង្ស័យ​ជា​ករណី​ឃាតកម្ម​

891
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: អ្នករត់​តាក់ស៊ី​ម្នាក់ ត្រូវបាន​សង្ស័យថា មាន​គេ​ព្រួត​វាយ​រហូតដល់​ស្លាប់ ហើយ​អូស​សព​យកទៅ​ចោល ដោយសារ​ជនរងគ្រោះ​បើកបរ​រថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​របា​ក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ ខណៈ​អ្នកជិះ​ម៉ូតូ​បាន​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ។​

​បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នករត់​តាក់ស៊ី​ដែល​ត្រូវគេ​ប្រួត​វាយ​សម្លាប់​នោះ​ឈ្មោះ គុជ សំ​អៀ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អតីត​ជា​គ្រូសូត្រស្តាំ​វត្ត​ពេជ្រ​មន្ត្រី បច្ចុប្បន្ន​មានមុខ​របរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។

​ប្រភព​ដដែល​បន្តទៀត​ថា កាលពី​ថ្ងៃទី​៨​តុលា វេលា​ម៉ោង​ប្រហែល​១០ និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិក​ម្ពោ​ធលៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត រវាង​រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2L 3952 បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ គុជ សំ​អៀ​ត ពី​ទិស​ខាង​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ចេញពី​កន្លែង​ផឹកស៊ី បើក​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​បត់​ឆ្វេង​ក៏​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅនឹងកន្លែង​តែម្តង​។ ខណៈនោះ​ជនរងគ្រោះ​ដែលជា​អ្នករត់​តាក់ស៊ី​មិនបាន​បើក​រត់គេច​ទេ ដោយមាន​ចិត្តធម៌​ធ្លាប់​បួស​ជាស​ង្ឃ​ចង់​នៅ​ទទួលខុសត្រូវ​ពេលនោះ​បាន​ឈប់​រថយន្ត ហើយ​ចុះទៅ​គោលបំណង​ជួយ​លើក​ជនរងគ្រោះ។ ស្របពេលនោះ​ស្រាប់តែ​មិត្ត​ភ​ក្កិ​ពួក​ភឿន និង​សាច់ញាតិ​ជនរងគ្រោះ (​ដែល​ត្រូវ​រថយន្តបុក​) នៅ​កន្លែង​ផឹកស៊ី​បានចេញ​មក ហើយ​បាន​ដេញ​ព្រួត​គ្នា​វាយ​អ្នកបើករថយន្ត​តាក់ស៊ី បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត រួច​អុស​សព​ជនរងគ្រោះ​ទៅ​ចោល​ក្នុងព្រៃ​ដើម​ប្រេងខ្យល់ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​គម្ពោធ​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​។​

​ក្រោយមក​សមត្ថកិច្ច​នគ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​បាន​មកដល់​ឃើញ តែ​រថយន្ត និង​ម៉ូតូ​នៅ​ក​ណ្លា​ល​ថ្នល់។ រីឯ​ជនរងគ្រោះ​ឈ្មោះ សោម ម៉ាញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរទស្សន៍​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដោយ​ជនរងគ្រោះ​របួស​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ត្រូវ​គ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ ។​ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​ដោះស្រាយ​តាមច្បាប់ ។​

​ប្រភព​ដដែល​បន្តទៀត​ថា មុនដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អ្នកបង្ក​ឲ្យ​មក​ទទួលខុសត្រូវ ។ ប៉ុន្តែ​នៅវេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​០៩ តុលា ២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​មនុស្ស​ដេកស្លាប់​នៅក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ នៅ​ភូមិ​គម្ពោធ​ជ្រូក សង្ស័យ​ជា​អំពើ​ឃាតកម្ម​សមត្ថកិច្ច​ក៏បាន​រាយការណ៍​មក​លោកស្នងការ​នគ​បាល​ខេត្ត​ចាត់​មន្ត្រី​ការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ធ្វើការ​សន្និដ្ឋានថា ពិតជា​អំពើ​ឃាតកម្ម​នៅ​កន្លែង​ផ្សេង ហើយ​យកមក​ផ្លុ​ង​ចោល​នៅ​ទីនោះ គឺ​ជនរងគ្រោះ​ត្រូវ​ក្រុម​ជនដៃដល់​ចាប់​ជ្រមុជ​ក្នុង​ទឹក​ភក់ល្បាប់ បណ្តាល​ឲ្យ​ស្លាប់។​ បន្ទាប់ពី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ទើប​ដឹងថា សព​ជនរងគ្រោះ​ជា​អ្នកបើក​តាក់ស៊ី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​គម្ពោធ​លៀប​ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ក្រុម​ឃាតក​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន។

​បើតាម​ប្រភព​ព័​ត៍​មាន​ពី​ខាង ចំណត​តាក់ស៊ី​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​( គុជ សំ​អៀ​ត )​បាន​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ​ជា​ជន​ជាតិចិន​ពី​ភ្នំពេញ​ទៅ​កាស៊ីណូ​នៅ​ក្រុង​បាវិត លុះ​មកដល់​ម្តុំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្នុង​ម៉ោង​ប្រមាណ​១០​យប់​ជាង​ក៏​ជួប និង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ឡាន​របស់គាត់​បាន​បើក​ប៉ះ​ម៉ូតូ​ដែល​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាក់ជើង​បែកក្បាល​រងរបួស​ធ្ងន់ ហើយ​ប្រហែលជា​គាត់​ចុះ​ពី​ឡាន​មក ដើម្បី​ដោះស្រាយ ហើយក៏​ត្រូវ​គ្នីគ្នា​របស់​អ្នក​ជនរងគ្រោះ​នោះ​វាយ​ធ្វើបាប​រហូត​បាត់​ខ្លួន​ទាល់តែ​ដល់​រសៀល​ថ្ងៃទី​០៩ តុលា ២០១៨ ទើបបាន​រកឃើញ​ដេកស្លាប់​នៅ​ចម្ការ​ប្រេងខ្យល់ ចម្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ប្រមាណ​ជា​១​គីឡូម៉ែត្រ។ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ក្រុមគ្រួសារ​សព​បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ក្រុម​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់។

​បើតាម​មន្ត្រីនគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បើក​ការស៊ើបអង្កេត​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​០៣​នាក់ នៅ​ថ្ងៃទី​១១ តុលា ២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត ។ ដោយឡែក​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា នៅ​កន្លែង​ផឹកស៊ី​មុន​កើតហេតុ​មាន​អ្នកផឹកស៊ី​ពី​៧​ទៅ​៨​នាក់ ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រុម​អ្នក​ផឹក​នោះបាន​នាំគ្នា​ដេញតាម​វាយ​ជនរងគ្រោះ​រត់​ចូលទៅក្នុង​ភូមិ​ក៏​បាត់​ដំណឹង​ទៅ។​

​ទោះបីជា​យ៉ាងណាក៏ដោយ​រហូតមកដល់​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បានធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​មិនទាន់​ដឹងថា ចោទប្រកាន់​ពីបទ​អ្វី​នៅឡើយ​ទេ​?៕ ល​