អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត នឹង​កែ​ប្រែជា​កន្លែង​ដាំ​ស្មៅ និង​កូនឈើ​ឡើងវិញ​

156
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត នឹង​កែ​ប្រែជា​កន្លែង​ដាំ​ស្មៅ និង​កូនឈើ​ឡើងវិញ​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​លើកកម្ពស់​របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាព​បៃតង ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្ដិ​សមជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​កែប្រែ​ទីតាំង​អតីត​ចំណត​បណ្ដោះអាសន្ន​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ឱ្យ​ក្លាយជា​វាលស្មៅ​បៃតង និង​ដាំ​កូនឈើ​ឡើងវិញ​ជុំវិញ​បរិវេណ​នេះ​។

​មន្ត្រី​ដដែល​បាន​បន្តថា បច្ចុប្បន្ន ការងារ​នេះ​បាន​ដំណើរការ​ជា​បន្តបន្ទាប់ ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​កាយ​ប្រភេទ​ដី​រឹង មាន​ក្រួស ចេញពី​ទីតាំង​ខាងលើ ដោយ​ជំនួស​មកវិញ​នូវ​ប្រភេទ​ដីជី​ជាតិ​អាច​ដាំ​ដុះ​បាន​។​

​មន្ត្រី​ដដែល​បាន​បន្តទៀតថា ការរៀប​ចំនេះ គឺជា​ផ្នែក​មួយ​នៃ​ផែន​ការរួម​ក្នុង​ការរៀបចំ​របៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុន​ប្រាសាទអង្គរវត្ត ដោយ​ក្នុងនោះ​មានការ​ដាំ​ស្មៅ ដាំ​ដើមឈើ​ឡើងវិញ និង​រៀបចំ​ជា​ចំណត​ឱ្យបាន​ត្រឹមត្រូវ ស្របទៅតាម​លំហូរ​នៃ​យានយន្ត និង​ការ​ចរាចរណ៍​របស់​ភ្ញៀវទេសចរ​នៅ​ប្រាសាទអង្គរវត្ត​៕

#