អតីត​តារាចម្រៀង​ម្នាក់ នៃ​ផលិតកម្ម​អឹម សម្ងំ​បើកហាង​រកស៊ី​

225
ចែករម្លែក

ភ្នំពេញ​៖ ស្ងាត់ៗ អតីត​តារាចម្រៀង​ផលិត​អឹម លោក យ៉ា​នី​ន ដែល​ពូកែ​ច្រៀង និង​លេង ភ្លេង​នោះ បែរជា​ងាក​មក​បើកហាង​រកស៊ី​ថ្មី ប្រកបមុខរបរ​លក់​ទឹកអប់​និង​សម្លៀកបំពាក់ ទាន់សម័យ​ទៅវិញ ទុក​វិស័យ​ចម្រៀង​របស់លោក​មួយ​ឡែក​សិន​។

​ខណៈពេល​ស្ងាត់​ពី​ពិភព​សិល្បៈ លោក យ៉ា​នី​ន ឈ្មោះ ពិត ឌី ផា​រ័ត្ន ដែលជា​អតីត​តារា ចម្រៀង​ផលិតកម្ម M និង​ជា​សមាជិក​ក្រុម Band Rock Cartoon Emo បែរជា​ងាក​មក ចាប់​អាជីព ជា​អ្នករកស៊ី បើកហាង​លក់​ផលិត​ផលិត​គ្រឿង​ទឹកអប់ និង​សម្លៀកបំពាក់ ដោយមាន​វត្តមាន តារា​ល្បីៗ​ជាច្រើនរូប មក​គាំទ្រ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​ឆ្លើយឆ្លង​ជាមួយ​រស្មី​កម្ពុជា តារា​រូប​សង្ហារ​នេះ បាន​ប្រាប់ឱ្យដឹង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា លោក​បាន​បើកហាង​លក់​ផលិតផល​គ្រឿង​ទឹកអប់ និង​សម្លៀក បំពាក់​នេះ គឺ​រួមគ្នា​ជាមួយ​បងស្រី​របស់លោក ឈ្មោះ រី​ហ្សា ដោយ​សម្រេចចិត្ត​រួមគ្នា ដាក់ឈ្មោះថា “X-store” ។ មូលហេតុ​ដែល​លោក បើកហាង​នេះ ដោយសារតែ​លោក​ប្រឡូក​ក្នុង សិល្បៈ​ជា​យូរ​មកហើយ ដូច្នេះ​ចង់​ងាក​មក​ខាង​រកស៊ី​វិញ​ដើ​ម្ប​បន្ថែម​អាជីព​ឱ្យ​ប្រសើរ ឡើង​។ ផលិតផល​ទាំង​ទឹកអប់ និង​សម្លៀកបំពាក់ ដែល​ហាង​លោក​នាំយកមក​លក់ សុទ្ធតែជា​របស់​សុទ្ធ ចេញពី​ប្រទេស​ធំៗ​។

​លោក យ៉ា​នី​ន បាន​បញ្ជាក់ថា នេះ​ជា​អាជីវកម្ម​ទី​១ រួមគ្នា​ជាមួយ​បងស្រី​ហើយ​ការបើក ហាង​អាជីវកម្ម​ប្រភេទ​នេះ ដោយ​សំលឹង​មើលថា ឃើញ​ស្រុក​ខ្មែរ​មាន​រីកចម្រើន ដូច្នេះ សម្រេចចិត្ត​នាំចូល​ផលិតផល​ល្អ​មក​លក់​។ មិនតែប៉ុណ្ណោះ ហាង​របស់លោក នាំចូល និង​លក់​ផលិតផល​គ្រឿង​របស់​នារីៗ​ល្អ និង​មានតម្លៃ​សមរម្យ​។
​លោក​ក៏​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ក​ត្តិ​យស ទាំង​មិត្ត​ភ័ក្ត្រ បងប្អូន និង ជាពិសេស​ក្រុម តារា​ល្បីៗ ផ្តល់​វត្តមាន​ចូលរួម​អបអរ ក៏ដូចជា​ជាវ​គាំទ្រ ដល់​លោក និង​បងស្រី​របស់លោក Risa Rock​។​

​សូមបញ្ជាក់ថា អតីត​ចម្រៀង​លោក យ៉ា​នី​ន បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​តន្ត្រីករ អស់​រយៈពេល​ប្រមាណ​ជាង ១០ ឆ្នាំ​មកហើយ​លោក​ធ្លាប់ជា​តារាចម្រៀង​តំណាង ឱ្យ​ផលិតកម្ម Diamond និង M ។ លោក​ត្រូវបាន​យុវវ័យ និង​មហាជន ស្គាល់​លោក តាមរយៈ​បទ “​ស្រមោល​” និង “៣​ខែក្រោយ​បែក​អូន​” ៕ ដោយ​៖ បូ​រិ​ន​