អតីត​តារាបាល់ឱប​និង​តារា​សម្តែង លោក អូ​ជេ ស៊ីម​សុន នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​រដ្ឋ​នេ​វ៉ា​ដា​

1198
ចែករម្លែក

​អតីត​តារាបាល់ឱប​និង​តារា​សម្តែង​អាមេរិក អូ​ជេ ស៊ីម​សុន នឹងត្រូវ​ដោះលែង បន្ទាប់ពី​ជាប់ពន្ធនាគារ​នៅ​រដ្ឋ​នេ​វ៉ា​ដា ៩ ឆ្នាំ​។​

​បុរស​វ័យ ៧០ ឆ្នាំ​រូបនេះ​បាន​ឱនក្បាល​គោរព រួច​និយាយថា “​អរគុណ​!” ខណៈដែល​ក្រុមប្រឹក្សា​ពន្ធនាគារ​បាន​យល់ព្រម​ដោះលែង​គាត់​ក្នុង​ខែតុលា​ខាងមុខ​។​

​លោក​ស៊ីម​សុន​បាន​ជាប់គុក​ពីបទ​ប្លន់​ប្រដាប់អាវុធ វាយប្រហារ​ដោយ​ប្រើ​អាវុធ​ដ៏​ប្រល័យ និង បទចោទប្រកាន់​ចំនួន ១០ ទៀត អំឡុង​ការប្រឈមមុខគ្នា​មួយ​នៅ​សណ្ឋាគារ​ក្រុង​ឡាស​វេ​ហ្គាស​ឆ្នាំ ២០០៧​។

​ក្នុង​ឆ្នាំ ១៩៩៥ ស៊ីម​សុន​ត្រូវបាន​កាត់​ឱ្យ​រួចខ្លួន​ពីបទ​ធ្វើឃាត​អតីត​ប្រពន្ធ​ឈ្មោះ នី​កូ​ល ប្រោ​ន ស៊ីម​សុន និង មិត្ត​របស់​លោកស្រី គឺ រ៉ុ​ន ហ្គោល​មែន ដែល​កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៤​។​

​អតីត​តារាបាលឱបល្បី​អាមេរិក​រូបនេះ ត្រូវបាន​រកឃើញ​ទោសកំហុស​ក្នុង​ឆ្នាំ ២០០៨ ពីបទ​ប្លន់​ប្រដាប់អាវុធ​នៅ​ឡាស​វេ​ហ្គាស ពោលគឺ ១៣ ឆ្នាំ គិត​ត្រឹម​ថ្ងៃ​តុលាការ​កាត់ទោស (២០០៨) បន្ទាប់ពី​គាត់​បាន​រួចខ្លួន​ពី​សវនាការ ដែល​គេ​ហៅថា សវនាការ​ប្រចាំ​សតវត្សរ៍​នោះ ។​

​ស៊ីម​សុន​និង​ក្រុមមនុស្ស ៥ នាក់​ទៀត បាន​សម្រុកចូល​បន្ទប់​សណ្ឋាគារ​ដើម្បី​តតាំង​ជាមួយ​អ្នកប្រមូល​វត្ថុ​អនុស្សាវរីយ៍​កីឡា​ពីរ​នាក់ និង​បាន​យក​របស់របរ​ជាច្រើន ដែល​គាត់​អះអាងថា​ជា​របស់គាត់​ពី​អាជីព​បាល់ឱបរបស់លោក​។​

​សនា​ការ​ពេញ​មួយ​ម៉ោង​សម្រាប់​ទណ្ឌិត​អត្តលេខ ១០២៧៨២០ បានធ្វើ​ឡើង​នៅ​មណ្ឌល​កែប្រែ​ឡឺ​ប​ឡុ​ក ដែលជា​ពន្ធនាគារ​សន្តិ​សុខ​មធ្យម​មួយ​ក្នុង​តំបន់​វាល​ខ្សាច់​រដ្ឋ​នេ​វ៉ា​ដា​។

​ស៊ីម​សុន​បាន​ប្រាប់​មន្ត្រី​គុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា​ថា របស់របរ​ដែល​គាត់​យក​ពី​បន្ទប់​សណ្ឋាគារ​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​គ្រានោះ ក្រោយមក​ត្រូវបាន​តុលាការ​សម្រេច​ថា​ជា​របស់​កម្មសិទ្ធិ​ស្របច្បាប់​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

លោក អូ​ជេ ស៊ីម​សុន នឹងត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ក្នុង​ខែតុលា​ខាងមុខ