អតីត​តារា​សិច​និយាយថា នាង​ត្រូវគេ​គំរាម​ឱ្យនៅ​ស្ងាត់ស្ងៀម​ទាក់ទិន​នឹង​កិច្ច​សម្ភាស​លើ​កញ្ចក់​ទូរទស្សន៍​អំពី​លោក​ត្រាំ

1498
ចែករម្លែក

​តារាភាពយន្ត​អាសអាភាស​ម្នាក់ ដែល​អះអាងថា​នាង​បាន​រួមភេទ​ជាមួយ​ដូ​ណា​ល់ ត្រាំ មុនពេល​គាត់​ក្លាយជា​ប្រធានាធិបតី​នោះ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​២៥ មីនា​ថា នាង​ត្រូវបាន​គេ​គំរាម​ក្នុង​ឆ្នាំ ២០១១ ខណៈពេលដែល​នាង​កំពុង​ស្ថិតនៅ​ចំណតរថយន្ត​ជាមួយ​កូនស្រី​តូច​របស់​នាង​ដើម្បី​បំភ័យ​នាង​កុំឱ្យ​និយាយ​អំពី​ទំនាក់ទំនង​លើ​គ្រែ​មួយ​នេះ​។​

​នាង​ស្ត​មមី ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត (Stephanie Clifford) បាន​ប្រាប់​ទៅ​កម្មវិធី “60 Minutes” របស់​ទូរទស្សន៍ CBS News ថា នាង​បាន​កំពុងធ្វើដំណើរ​ទៅ​បន្ទប់​ហាត់ប្រាណ​ជាមួយ​កូន​របស់​នាង នៅពេលដែល​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​ចូលមក​ជិត​នាង​។ នេះ​បើ​យោងតាម​បទសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​

​នាង​ដា​នី​ញែ​ល​និយាយថា ​«​ហើយ​បុរស​ម្នា​ក់បាន​ដើរ​មករក​ខ្ញុំ ហើយ​និយាយ​មក​ខ្ញុំ​ថា “​កុំ​រញ៉េរញ៉ៃ​ជាមួយ​ត្រាំ​។ បំភ្លេច​រឿង​នោះ​ចោល​ទៅ​”​។ ហើយ​បន្ទាប់មក​គាត់​បាន​ផ្អៀង​ទៅ​មើល​កូនស្រី​របស់ខ្ញុំ ហើយ​និយាយថា “​នាង​ជា​ក្មេងស្រី​ដ៏​ស្រស់ស្អាត​។ វា​ពិតជា​គួរឱ្យ​អាម៉ាស់​ណាស់ ប្រសិនបើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ម្តាយ​របស់​នាង​” ។ ហើយ​បន្ទាប់មក គាត់​បាន​ដើរចេញ​បាត់ទៅ​»​។​

​នាង​ដា​នី​ញែ​ល​បាន​ប្តឹង​ប្រធានាធិបតី​រូបនេះ​កាលពី​ថ្ងៃទី ៦ ខែមីនា ដោយ​បញ្ជាក់ថា ត្រាំ​មិនដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ឱ្យ​នាង​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ទំនាក់ទំនង​លើ​គ្រែ​រវាង​ពួកគេ​នោះទេ​។​

​វត្តមាន​បទសម្ភាសន៍​របស់​ដា​នី​ញែ​ល​បានបង្ហាញ​ពី​បញ្ហា​មួយ​ហើយ​មួយទៀត​ចំពោះ​លោក​ត្រាំ បន្ទាប់ពី​ការចាក់ផ្សាយ​បទសម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​នៅ​កញ្ចក់​ទូរទស្សន៍ CNN ជាមួយ​អតីត​តារា​បង្ហាញ​ម៉ូត​របស់​ទស្សនា​វ​ដ្តី Playboy នាង កា​រ៉ែ​ន ម៉ា​ឌូ​ហ្គា​ល់ (Karen McDougal) ដែល​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ទំនាក់ទំនង​រយៈពេល ១០ ខែ​ជាមួយនឹង​លោក​ត្រាំ ដោយ​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៦​។​

​ត្រាំ​ប្រហែលជា​បាន​រៀបការ​ជាមួយ​ភរិយា​របស់គាត់ គឺ​លោកស្រី មេ​ឡា​នៀ រួចទៅហើយ អំឡុងពេល​ផ្ទុះ​ទំនាក់ទំនង​លើ​គ្រែ​ទាំង​២​នេះ​។ ជំទាវ​ទី​១​អាមេរិក​នេះ​បាន​អមដំណើរ​ត្រាំ​កាលពី​ចុង​សប្តាហ៍​នេះ​ទៅ​ក្លិប​វាយ​កូន​ហ្គោល​របស់គាត់​នៅ​ផ្លរីដា​។ ត្រាំ​បាន​វិលត្រឡប់​ទៅ​សេត​វិមាន​វិញ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​អ្នកនាំពាក្យ​សេត​វិមាន​ម្នាក់​បាន​និយាយថា លោកស្រី​មេ​ឡា​នៀ បាន​បន្ត​នៅ​ទីនោះ​ជា​ទម្លាប់​អំឡុងពេល​ឈប់សម្រាក​ពី​ការសិក្សា​របស់​កូនប្រុស​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

នាង​ដា​នី​ញែ​ល ថា​នាង​ធ្លាប់​គេ​គំរាម កុំឱ្យ​ទម្លាយ​រឿង​លើ​គ្រែ​ជាមួយ​ត្រាំ ក្នុង​ឆ្នាំ ២០១១