អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោ​កច​ន បូល​តុ​ន នៅតែ​បន្ត​អំពាវនាវ​ឱ្យធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង ទោះ​ត្រូវ​លោក​ត្រាំ​បណ្តេញ​ពី​តំណែង​ក្តី​

6429
ចែករម្លែក

​ទោះបី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​បណ្តេញ​គាត់​នៅ​ដើមខែ​នេះ​ក្តី ក៏​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ច​ន បូល​តុ​ន​នៅតែ​មិនទាន់​អស់​ការខ្វែងគំនិត​គ្នា​ជាមួយ​ប្រធានាធិបតី​នៅឡើយ​ទេ ដោយ​ប្រាប់​ក្រុម​បញ្ញវន្ត​និង​ក្រុម​អ្នក​ប្រឹងប្រែង​រៀបចំ​គោលនយោបាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កញ្ញា​ថា កូរ៉េខាងជើង​នឹងមិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​ការផ្លាស់ប្តូរ​របប​ប្រហែលជា​ជម្រើស​តែមួយគត់​។​

​វា​គឺជា​ជំហរ​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​ធ្វើឡើង​ដោយ​លោក​ត្រាំ​នៅលើ​ឆាក​អន្តរជាតិ គឺ ការសម្រេចចិត្ត​ដកខ្លួន​ចេញពី​វោហារសាស្ត្រ “​កំហឹង​និង​កំហុល​” របស់គាត់​ក្នុង​ឆ្នាំ ២០១៧ និង ងាក​មក​ចូលរួម​ជាមួយ​ក្រុង​ព្យុងយ៉ាង​ក្នុងការ​សន្ទនា​។ វា​ក៏​ជា​ឧទាហរណ៍​ដ៏​កម្រ​មួយ ដែល​ពួក​ប្រជាធិបតេយ្យ​អាម៉េរិក​មើលឃើញ​ខ្លួនឯង​នៅ​តុ​តែមួយ​ជាមួយ​ក្រុម​អ្នក​អភិរក្សនិយម​ដូចជា​លោក​បូល​តុ​ន ដោយ​ពួកគេ​ទាំង​ពីរបាន​ថ្កោលទោស​ការអត់ធ្មត់​រប​ស់លោក​ត្រាំ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ជាជាង​ប្រើ​វិធីសាស្ត្រ​យោធា​។​

​លោក​ត្រាំ​បាន​បណ្តេញ​លោក​បូល​តុ​ន​នៅ​ថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល ១៧ ខែ ពីព្រោះ​លោក​បូល​តុ​ន “​មិន​យល់ស្រប​នឹង​យោបល់​ជាច្រើន​របស់គាត់​” ស្តីពី​គោលនយោបាយ​ឆ្ពោះទៅរក​ប្រទេស​នានា​ដូចជា​អ៊ីរ៉ង់ វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​កូរ៉េខាងជើង​។ លោក​បូល​តុ​ន​ល្បី​ខាង​ការតស៊ូ​មតិ​គាំទ្រ​ដល់​ជំហរ​ធ្វើសង្គ្រាម ដែល​លោក​ត្រាំ​ធ្លាប់​និយាយ​បែប​កំប្លែង​ថា​នឹង​ទាញ​គាត់​ឱ្យ “​ធ្លាក់​ចូលក្នុង​សង្គ្រាម​”​។​

​ទោះយ៉ាងណា ដោយ​លែង​ជាប់​ការ​រឹតត្បិត​អី​តទៅទៀត​នៅក្នុង​រដ្ឋបាល​ត្រាំ លោក​បូល​តុ​ន​បាន​ស្វះស្វែង​ជ្រកកោន​ជាមួយ​ក្រុម​អ្នក​ចូលចិត្ត​សង្គ្រាម​ដូចគ្នា​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ប្រាប់​សមាជិក​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ីថា កូរ៉េខាងជើង​នឹងមិន​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ ខណៈ​លោក​ត្រាំ​ប្រឹងប្រែង​ចរចា​ជាមួយ​កូរ៉េខាងជើង​អស់​ជាង​មួយឆ្នាំ​មកហើយ​។​

​លោក​បូល​តុ​ន​បាន​និយាយ​អំពី​អតីត​មេ​របស់គាត់​ថា “​ប្រហែលជា​ពួកគេ​មិន​សប្បាយចិត្ត​ទេ​ដែល​ខ្ញុំ​អាច​និយាយ​ដោយ​មិនចាំបាច់​ប្រយ័ត្នប្រយែង​ពេក​អំពី​ការគំរាមកំហែង​ធ្ងន់ធ្ងរ​និង​កាន់តែខ្លាំង​ឡើង ដែល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បង្ក​មកលើ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​”​។​

​ចាប់តាំងពី​លោក​ត្រាំ​បានចាប់ផ្តើម​ចូលរួម​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ដើមឆ្នាំ ២០១៨ មជ្ឈមណ្ឌល CSIS បាន​ដើរតួ​ជា​ក្រុមប្រឆាំង​ជាប្រចាំ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​បាល​ត្រាំ ដោយបាន​បង្កើត​របាយ​ការណ៍​ដ៏​អស្ចារ្យ​មួយ បង្ហាញ​ភស្តុតាង​ថា លោក​គីម​កំពុង​បោក​បញ្ឆោត​លោក​ត្រាំ​និង​មិន​ចូលរួម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដោយស្មោះ​ត្រង់​ទេ​។​

​លោក​បូល​តុ​ន​បាន​និយាយថា “​មានរឿង​ជាច្រើន​ដែល​យើង​គួរតែ​មើល​និង​ពិភាក្សា​យ៉ាង​ម៉ឺងម៉ាត់​អំពី​វា​។ លទ្ធភាព​មួយ​អាច​កើតមានឡើង​នោះ​គឺ​ការផ្លាស់ប្តូរ​របប​នៅ​កូរ៉េខាងជើង​… មិន​ថា​អ្នក​ជឿ​ឬ​មិន​ជឿ​នោះទេ វា​ពិតជា​មិនអាច​ទទួលយក​បានឡើយ​ដែល​កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ ដូច្នេះ​នៅ​ចំណុច​ខ្លះ កម្លាំងយោធា​ត្រូវតែ​ជា​ជម្រើស​”៕ ដោយ៖ កញ្ញាដាលីស

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោ​កច​ន បូល​តុ​ន